សាលាបណ្ដុះបណ្ដាលភាពយន្តកម្ពុជាដំបូងគេបើកដំណើរការនៅសាលារចនា
- 2015-08-03 16:44:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាបណ្ដុះបណ្ដាលភាពយន្តកម្ពុជាដំបូងគេបើកដំណើរការនៅសាលារចនា
ចន្លោះមិនឃើញ
កាលពីថ្ងៃ សុក្រ សប្ដាហ៍មុនមានការបើកសម្ពោធសាលាបណ្ដុះបណ្ដាលតារាភាពយន្តកម្ពុជា ដែលជាសាលាបង្រៀនសម្ដែងភាពយន្តដំបូងបំផុតនៅកម្ពុជា ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គទូត សិល្បៈករសិល្បៈការិនីជើងចាស់ និងថ្មីជាច្រើនរូប។
លោក អោក ប៊ុនធឿន ព្រឹទ្ធបុរសរង មហាវិទ្យាល័យសិល្បៈនាដសាស្ត្រធ្លាប់បានថ្លែងថា “រាប់តាំងពីមុនសម័យប៉ុលពត យើងមិនធ្លាប់មានទេសាលាភាពយន្ត អីចឹងនេះ គឺជាលើកទី១។ ហើយជំហានដំបូងដូចនេះ យើងបង្រៀនតែ៣ខែទេ។ យើងនឹងបង្រៀនតែលើការសម្ដែងសិន ពេលក្រោយបង្រៀនលើជំនាញផ្សេងៗទៀត”។
សាលាសិល្បៈតារាកម្ពុជានេះបានបង្កើតឡើងក្នុងគោលបំណងច្រើនដើម្បីជួយឲ្យសិល្បៈកម្ពុជាមានការរីកចម្រើនអាចប្រកួតប្រជែងជាមួយប្រទេសដទៃ ព្រោះមើលឃើញថាតារាសម្ដែងខ្មែរភាគច្រើនមិនទាន់ល្អគ្រប់ជ្រុងជ្រោយនៅឡើយ។
ក្នុងនោះផងណាក៏មានបង្រៀនមុខវិជ្ជាជាច្រើនដែលមិនធ្លាប់មានពីមុនមកដោយក្នុងមួយវគ្គមានរយៈ ពេលបីខែដូចជា ១.សម្ដែងភាពយន្ត(កាយវិការ និងពាក្យសំដី) ២.ប្រវត្តិភាពយន្ត និងប្រវត្តិតារាសម្ដែង ៣.វិភាគរឿងភាពយន្ត ៤.ក្បាច់គុនខ្មែរ និងបរទេស ៥.កំណាព្យ និងចម្រៀង ៦.កីឡា និងកាយសម្ព័ន្ធសិល្បៈ ៧.វិចេយ្យកោសល្យ (ការសម្ដែងពាក្យសំដីដោយឥតព្រាងទុក ប្រកបដោយទេពកោសល្យ) ៨.របាំបុរាណ និងសម័យ ៩.សីលធម៌ជំនាញ និងសង្គម និងទី១០.របាំបាឡេ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងព្រឹទ្ធាចារ្យជើងចាស់បានអំពាវនាវឲ្យតារាអាជីព និងអ្នកដែលមានបំណងចងប្រឡូកក្នុងវិស័យនេះចូលមករៀនទាំងអស់គ្នាដើម្បីឲ្យសិល្បៈខ្មែរមានការអភិវឌ្ឍន៍ទៅមុខ។
សាលាចាប់ទទួលពាក្យពីថ្ងៃនេះតទៅនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយបេក្ខជនអាចដាក់ពាក្យបានចាប់ពីអាយុ ៧ ដល់ ៦០ ឆ្នាំ។ ពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលបេក្ខជននឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ជូនពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕
អត្ថបទ៖ទ្រី រ៉ាវី