ជីវិតស្នេហា បងប្អូនតន្ត្រីករល្បីឈ្មោះពីររូប ដើរដល់ផ្លូវបំបែកព្រមគ្នា!
- 2014-10-14 18:12:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតស្នេហា បងប្អូនតន្ត្រីករល្បីឈ្មោះពីររូប ដើរដល់ផ្លូវបំបែកព្រមគ្នា!
ចន្លោះមិនឃើញ
រ៉េតធី ដូណា និង អ៊ុក មិនណារិទ្ធ ប្រធានក្រុម ចចកសមុទ្រ មានឪពុកតែមួយជាតន្ត្រីករល្បីឈ្មោះ គឺលោក អ៊ុក ស៊ីណារ៉េត និង ម្ដាយខុសគ្នា មានប្រវត្តិស្នេហាផ្អែមល្ហែមមិនខុសពីគ្នាទេជាមួយតារាស្រីពីរដួងក្នុងទ្រនំតែមួយគឺ រស្មីហង្សមាស។ ប៉ុន្តែតែចុងក្រោយចំណងស្នេហាអ្នកទាំងពីរដើរចែកផ្លូវព្រមគ្នានាពេលបច្ចុប្បន្ន។
លោក រ៉េតធី ដូណា ក្នុងកម្មវិធី Hear My Song កាលពីពេលកន្លងទៅ
លោក រ៉េតធី ដូណា និង កញ្ញា ឱក សុគន្ធកញ្ញា មានទំនាក់ទំនងស្នេហានឹងគ្នាតាំងពីនៅផលិតកម្ម រស្មីស្ទឹងសង្កែមកម្ល៉េះ។ កាលនោះ សុគន្ធកញ្ញា មិនទាន់មានភាពល្បីខ្លាំងដូងពេលបច្ចុប្បន្នឡើយ។ យ៉ាងណាក៏ដោយបន្ទាប់ពីបោះជំហានមកកាន់ផលិតកម្ម រស្មីហង្សមាស ហើយប្រជាប្រិយភាពកាន់តែកើនឡើង តារាចម្រៀងរូបនេះមិនដែលទទួលស្គាល់ចំណងស្នេហាជាមួយតន្ត្រីករម្នាក់នេះឡើយ ដោយនាងចាត់ទុកលោក រ៉េតធី ដូណា ជាមិត្តភ័ក្ដិល្អម្នាក់ប៉ុណ្ណោះ។
ដោយឡែកតន្ត្រីករលោក រ៉េតធី ដូណា ឱ្យតែសួរនាំពីចំណងស្នេហារវាងខ្លួន និង តារាចម្រៀងខាងលើលោកមិនធ្វើអត្ថាធិប្បាយឡើយ ដោយចាត់ទុកថារឿងបានកន្លងហួស ហើយលោកបានដើរចែកផ្លូវគ្នារួចទៅហើយ។
មុនឈានដល់ផ្លូវបំបែកដល់ពេលបច្ចុប្បន្នតន្ត្រីករ និងតារាចម្រៀងខាងលើត្រូវទស្សនិកជនចាត់ទុកថាជាគូស្នេហ៍ដ៏ល្អមួយគូរក្នុងចង្កោមសិល្បៈអាចធ្វើជាគំរូបាន។
លោក អ៊ុក មិនណារិទ្ធ ក្នុងកម្មវិធី អាណាចក្រតារាកាលពីពេលកន្លងទៅ
ប្រធានក្រុម ចចកសមុទ្រប្រចាំស្ថានីយទូរទស្សន៍ CTN ក៏ធ្លាប់មានចំណងស្នេហាផ្អែមល្ហែមនឹងតារាចម្រៀងល្បីឈ្មោះ កញ្ញា សុខ សីឡាលីន ផងដែរ។ យ៉ាងណាក៏ដោយពួកគេទាំងពីរមិនអាចឈានទៅក្រាបផ្ទឹមជាមួយគ្នាបានទេ ដោយអ្នកទាំងពីរសម្រេចដើរចែកផ្លូវគ្នានាពេលសព្វថ្ងៃ។
ហេតុផលតែមួយគត់ធ្វើឱ្យអ្នកទាំងពីរមិនអាចដឹកដៃចូលរោងការបាន ព្រោះតែគ្រួសារមិនចុះសម្រុងនឹងគ្នា។ ហេតុផលនេះហើយទើបធ្វើឱ្យលោក អ៊ុក មិនណារិទ្ធ កូនតន្ត្រីករល្បីឈ្មោះលោក អ៊ុក ស៊ីណារ៉េត និងកញ្ញា សុខ សីឡាលីន ចែកផ្លូវគ្នាដើរ៕
អានអត្ថបទបន្ត៖ កូនខ្មែរកាត់បារាំងមិនត្រឹមល្បីនៅHollywood ថែមទាំងជាអគ្គរដ្ឋទូតOmega!
អានអត្ថបទបន្ត៖ស៊ីន យូប៊ីន តួឯកស្រីរឿង “និស្ស័យស្នេហ៍ខ្ញុំ” ស្អាតយ៉ាងនេះ!
អានអត្ថបទបន្ត៖រំលឹក ៣ បទ ភាពខ្លាំងរបស់ ខាន់ ជេមស៍ ក្នុងផលិតកម្ម Rock
អត្ថបទ៖ អ៊ីង សុឡា