សក្ដានុពល​ក្រុម​ហ៊ុន​វិនិយោគ​ឯក​ជន​បរទេស​​នៅ​កម្ពុជា​មាន​ការ​វិវត្ត ជា​ការ​ឆ្លុះ​បញ្ចាំង​លើ​ កត្តា ៣

  • 2015-08-14 21:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់​អគារ ខុន​ដូ កំពុង​ដុះ​ដាល​ដូច​ផ្សិត​នៅ​កម្ពុជា ព្រម​ទាំង​ការ​ទាក់​ទាញ​ក្រុម​ហ៊ុន​វិនិយោគ​បរទេស ធ្វើ​ឲ្យ​វិស័យ​នេះ​ មាន​ការ​កើន​ឡើង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ដែល​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម ​និង​ សំណង់​ជឿ​ជាក់​ថា​ ជា​ការ​ឆ្លុះ​បញ្ចាំង​លើ​កត្តា​ ៣ ​យ៉ាង​ក្នុង​ស្ថិរភាព​នៅ​កម្ពុជា។  

ថ្លែង​ក្នុង​ឱកាស​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​ក្រុម​ហ៊ុន CREED GROUP និង​ គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ នៅ​សណ្ឋគារ Sofitel ឯក​ឧត្ដម​ទេស​រដ្ឋ​មន្ត្រី អ៊ឹម ឈុន​លឹម រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម ​និង ​សំណង់ បាន​និយាយ​ថា ផ្នែក​នគរូបនីយកម្ម​ និង ​សំណង់​នៅ​កម្ពុជា​មាន​ការ​វិវត្ត​ឆាប់​រហ័ស ដែល​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ជា​កត្តា​សំខាន់​មួយ​ នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ។ ចំពោះ​ទំហំ​វិនិយោគ​​លើ​វិស័យ​សំណង់​រយៈពេល​ជាង​ ១៤ ​ឆ្នាំ ចាប់​ពី​ឆ្នាំ ២០០០-២០១៤ គិត​ជា​មធ្យម​មាន ១៥០០ ​លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ។

 

 

លោក​បន្ត​ថា កំណើន​នេះ​ កើន​ជា​លំ​ដាប់ ដោយ​នៅ​ក្នុង​ឆ្នាំ​ ២០១២ ការ​វិនិយោគ​បាន​ ២ ១០៩ លាន​ដុល្លារ ចំណែក​ឆ្នាំ ​២០១៣​ មាន ​២ ៧៧៣ លាន​ដុល្លារ និង ​ឆ្នាំ​ ២០១៤ មាន ២៥០៧ លាន​ដុល្លារ។ សម្រាប់​​ឆ្នាំ​ ២០១៤ វិស័យ​សំណង់​ និង​ អចលនវត្ថុ​បាន​រួម​វិភាគ​ទាន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ចំនួន ១៥% ផង​ដែរ។  

រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម ​និង ​សំណង់​ដដែល​ បាន​បញ្ជាក់​ថា មួយ​រយៈ​នេះ​មាន​ក្រុមហ៊ុន​បរទេស​ផ្នែក​សំណង់​ និង​ អចលនទ្រព្យ​ជាច្រើន​ចាប់​អារម្មណ៍​មក​បណ្ដាក់​ទុន​នៅ​ស្រុក​ខ្មែរ តួ​យ៉ាង​ដូច​ជា ផ្សារ​ទំនើប សណ្ឋាគារ រោងចក្រ​ជា​ដើម។ ជាក់​ស្ដែង គម្រោង Bodaiju Residences របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន Creed Group ក៏​នឹង​មាន​វត្តមាន​​ក្នុង​ពេល​ឆាប់​ៗ​នៅ​ភ្នំពេញ ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​​ចុង​ខែ​ សីហា ​នេះ នៅ​ទី​តាំង​មុខ​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ផ្សារ​ទំនើប Lion Mall ដែល​ខុន​ដូ​នេះ ​ចំណាយ​ទុន​អស់ ១៣៤​ លាន​ដុល្លារ និង​ មាន 928 unit។

 

“កំណើន​នៃ​ការ​វិនិយោគ​ឯកជន​របស់​ជប៉ុន​ពិត​ជា​ឆ្លុះបញ្ចាំង​នូវ​ការ​ជឿ​ទុក​ចិត្ត​លើ​នយោបាយ​សេដ្ឋកិច្ច​សេរី បើក​ចំហ ក្នុង​ទស្សនវិស័យ​រំពឹង​ថា ​ទំនាក់​ទំនង​ និង​ សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន និង ​កាន់​តែ​មាន​ភាព​រលូន ​និង​ សកម្ម​ថែម​ទៀត​នៅ​ពេល​បើក​សម្ពោធ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ ​២០១៥ ​នេះ"។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ឯក​ឧត្ដម អ៊ឹម ឈុន​លឹម។

 

 

 

 

​​ចំពោះ​លោក TOSHIHIKO MUNEYOSHI ស្ថាបនិក​ និង​ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន CREED GROUP បាន​ប្រាប់​ថា​ លោក​មាន​ហេតុ​ផល ៣ ​ដែល​ជំរុញ​ចិត្ត​ចង់​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ។ ទី១​គឺ កត្តា​នយោបាយ​ដែល​អនុគ្រោះ​ដល់​វិស័យ​ធុរកិច្ច ​និង​ ច្បាប់​ស្ដី​ពី​ការ​វិនិយោគ​មាន​លក្ខណៈ​អំណោយផល​ល្អ។ ទី​២ គឺ​កត្តា​សេដ្ឋកិច្ច ដែល​កម្ពុជា​មាន GDP មធ្យម ៨,២% បើ​យោង​តាម​ធនាគារ​ពិភពលោក។ ចំណែក​ទី ​៣ ដោយ​សារ​លោក​ឃើញ​ថា​កម្ពុជា-ជប៉ុន​មាន​ចំណង​មិត្តភាព​ប្រវត្តិសាស្ត្រ​យូរ​ឆ្នាំ។

 

ការ​សាង​សង់​សំណង់​ធំ​តូច បាន​រីក​ដុះ​ដាល​យ៉ាង​ខ្លាំង​នៅ​តាម​ទី​ក្រុង ប៉ូល​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​៣ រាជ​ធានី​ភ្នំពេញ ​និង ​ទី​ប្រ​ជុំ​ជន​ធំ​តូច​ជា​ច្រើន​នៅ​តាម​បណ្ដោយ​អ័ក្ស​សេដ្ឋកិច្ច​សំខាន់​ៗ។ ទន្ទឹម​នឹង​នេះ ការ​សាង​សង់​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​តាម​ទី​ជនបទ​ក៏​មាន​ការ​រីក​ដុះ​ដាល​រហូត​ដល់​តំបន់​ឆ្ងាយ​ៗ​ផង​ដែរ៕

 

សូមអាន ៖ ​ ជ័យ សោភា​៖ យុវជន​ខ្មែរ​​យល់​ដឹង​ពី​អាស៊ាន​​កាន់​តែ​ច្រើន​ឡើង

 

អត្ថបទ៖ លឹម សុ​នា