តារា ៣ ដួង ​បញ្ជាក់​រឿងសប្បុរសធម៌ដើម្បី​យក​មុខមាត់

  • 2015-08-24 18:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ធ្លាប់​មាន​អ្នក​សិល្បៈ និង ​មហាជន​លើក​ឡើង​ស្រដៀង​គ្នា​ថា តារា​ខ្មែរ​មួយ​ចំនួន​ចូល​ចិត្ត ធ្វើ​បុណ្យទាន​ជាមួយ​ជន​ក្រីក្រ ដើម្បី​តែ​សម្ញែង​អ្នក​ដទៃ​យក​ប្រជាប្រិយភាព​ប៉ុណ្ណោះ ដែល​មិន​មែន​កើត​ចេញ​ពី​សទ្ធា​ពិត​ប្រាកដ​នោះ​ទេ។

 

សាវីន ហ្វីលីព បាន​អះអាង​ថា សកម្មភាព​សប្បុរសធម៌​របស់​លោក​កន្លង​មក ចេញ​ពី​ចិត្ត​ពិត​ប្រាកដ មិន​មែន​ដើម្បី​ប្រជាប្រិយភាព​អ្វី​នោះ​ទេ។ លោក​បន្ថែម​ថា៖ "មនុស្ស​ភាគ​ច្រើន​បាន​ដឹង និង ​ឃើញ​នូវ​អ្វី ដែល​ខ្ញុំ​កំពុង​ធ្វើ​ហើយ។ ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ជា​ឯក​អគ្គរាជទូត​សុឆន្ទៈ​របស់​អង្គការ​អន្តរជាតិ​មួយ"។

 

លោក​បន្ត​ថា មិន​ត្រឹម​តែ​ជនជាតិ​ខ្មែរ​ទេ សូម្បី​តែ​ជន​បរទេស​មួយ​ចំនួន​ក៏​បាន​ចូលរួម​សកម្មភាព​ជាមួយ​​លោក​ដែរ។ លោក​បាន​សង់​អណ្ដូង​ទឹក​ស្អាត​ជាង ១០០ ហើយ​ដល់​អ្នក​ក្រីក្រ​នៅ​តាម​ខេត្ត​នានា។ ក្រៅ​ពី​នោះ​ក៏​បាន​ជួយ​សង់​ផ្ទះ​ដល់​ស្ត្រី​មេម៉ាយ, ចាស់​ជរា ​កុមារ​ក្រីក្រ និង ​វត្ត​អារាម​ជា​ដើម។ លោក​ថា មិន​ខ្វល់​ចំពោះ​ការ​លើក​ឡើង​នោះ​ទេ។

 

 

ស្រដៀង​គ្នា​នេះ​ដែរ តារា​សម្ដែង អេន យ៉ាដាវ បាន​អះអាង​ថា កន្លង​មក​ក៏​ធ្លាប់​បាន​ រង​​ការ​រិះគន់​លើ​បញ្ហា​នេះ​ដែរ ប៉ុន្តែ​ នាង​គិត​ថា ជា​សិទ្ធ​របស់​អ្នក​និយាយ​ប៉ុណ្ណោះ។ “ខ្ញុំ​មិន​បាន​សម្ញែង​បុណ្យ​នោះ​ទេ តែ​ជា​ទឹក​ចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​អ្នក​ក្រ។ ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​មាន​ទឹក​ចិត្ត​ចូលរួម​ដែរ"។ យ៉ាដាវ បញ្ជាក់​ដូច្នេះ។ ម្ចាស់​ហាង​សាឡន​បន្ត​ថា ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ​ជា​រឿយៗ​ដោយ​មិន​កំណត់​ទីកន្លែង​នោះ​ទេ អាស្រ័យ​លើ​លទ្ធភាព​មាន។

 

 

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ តារា​សម្ដែង និង ​បង្ហាញ​ម៉ូដ សាយ សៀរ៉ា ឯ​ណេះ​វិញ ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា រូប​គេ​ជួយ​អ្នក​ក្រ​មិន​មែន ដើម្បី​មុខ​មាត់​ទេ ប៉ុន្តែ​ជា​ជំនួយ​ដោយ​សុទ្ធចិត្ត។ សៀរ៉ា បន្ត​ថា៖"ខ្ញុំ​សូម​ប្រាប់​ទៅ​បងប្អូន​ទស្សនិកជន​ថា ខ្ញុំ​ធ្វើ​នេះ​មិនមែន​ដើម្បី​យក​មុខ​យក​មាត់​ទេ តែ​នេះ​ជា​ទឹកចិត្ត​របស់​ខ្ញុំ​ដែល​បាន​ឃើញ​មនុស្ស​រាង​ខ្សត់ខ្សោយ​ជាង ​មិន​ថា​ចាស់​ឬ​ក្មេង​ទេ"។ សៀរ៉ា ក៏​ធ្លាប់​ជា​កូន​អ្នក​ដែរ ដែល​យល់​ច្បាស់​ពី​អារម្មណ៍​បែប​នេះ៕

 

 

 

 

អាន​អត្ថបទ៖  ហម ឈរ៉ា ហូរ​ទឹក​ភ្នែក​​កណ្ដាល​​វាលអាណិតកុនខ្មែរ

អាន​អត្ថបទ៖  ស្រី​ស្អាត​កូន​កាត់​អាល្លឺម៉ង់ ម៉ៃយ៉ា មិន​ទទួល​​ថត​កុន​ទេ!

 

 

អត្ថបទ៖ សំ ជំនាញ