តារា​ល្បី​ៗ​និយាយ​អ្វី​ខ្លះ​ពី​សាលា​បណ្ដុះ​បណ្ដាល​ភាពយន្ត​កម្ពុជា?

  • 2015-08-25 21:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បាន​បើក​សាលា​​បណ្ដុះបណ្ដាល​តារា​ភាពយន្ត​កម្ពុជា ដែល​ទើប​បើក​បង្រៀន​ជំនាញ​សម្ដែង​ភាពយន្ត​ដំបូង​បំផុត​នៅ​កម្ពុជា បាន​ធ្វើឲ្យ​តារា​ល្បី​ៗ​​ជាច្រើន​បាន​បង្ហាញ​ពី​​ទស្សនៈ​វិជ្ជមាន និង​ សាទរ​នឹង​វត្តមាន​កន្លែង​បង្ហាត់​ដ៏​ពោរពេញ​ដោយ​សាស្ត្រាចារ្យ​ ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ។ ដូចនេះ​កុំ​បង្អង់​មក​ស្ដាប់ តារា​ល្បី​ៗ ថា ​តើ​ពួកគាត់​បាន​និយាយ​អ្វី​ខ្លះ​ពី​សាលា​ភាពយន្ត​នោះ៖

 

 

លោក ហម ឈរ៉ា តារា​សម្ដែង​ជើងចាស់​តាំងពី​ទសវត្សរ៍ ៨០ បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​ស្រុក​ខ្មែរ​មាន​សាលា​បែបនេះ។ "ត្បិត​ខ្ញុំ​ជា​តារា​ដែល​មាន​បទពិសោធន៍​សម្ដែង​ជាង ២០ ឆ្នាំ​មក​ហើយ​ក៏​ពិត​មែន តែ​ប្រសិនបើ​មាន​ឱកាស​ខ្ញុំ​នឹង​ចូល​សាលា។ អ្វី​ដែល​សម្ដែង​កន្លង​មក ​គឺជា​ ទេពកោសល្យ​ពី​ធម្មជាតិ​មែន តែ​ក៏​ត្រូវការ​ការ​ហាត់​រៀន​បន្ថែម​ទៀត​ដែរ”។

 

 

ចំណែក​ឯ​កញ្ញា​សាច់​ស​កម្ពស់​បាន ម៉ាក សែនសូនីតា ក៏​បាន​បង្ហាញ​ពី​ជំហរ​មិនចាញ់​រៀមច្បង​ខាងលើ​ប៉ុន្មាន​ដែរ។ តែ​តួឯក​ស្រី​ក្នុង​រឿង​បង​ទុំ អូន​ទាវ ២០១៥ បាន​ប្រាប់​ថា៖ "ខ្ញុំ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​វត្តមាន​សាលា​នេះ ព្រោះ​ធ្វើឲ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​រៀន​សូត្រ​ពី​មូលដ្ឋាន​គ្រឹះ​ខាងក្រោម។ តែ​ទោះ​ជា​មាន​ឱកាស​ក៏​ខ្ញុំ​អត់​ទៅ​រៀន​ទៀត​ដែរ ព្រោះ​មុន​ចូល​សិល្បៈ​ខ្ញុំ​បាន​ចូល​ហ្វឹកហាត់​តាម​ក្លិប​បណ្ដុះបណ្ដាល​បែបនេះ​ច្រើន​មក​ដែរ​ហើយ”។

 

 

រីឯ​កំលោះ​សង្ហា​បែប​ខ្មែរ​អង្គរ​ លោក ញ៉ែម សុគន្ធ ក៏​បាន​ឲ្យ​ដឹង​ថា៖ "ការ​បង្កើត​សាលា​បណ្ដុះបណ្ដាល​តារា​ភាពយន្ត​កម្ពុជា​នេះ​ឡើង គឺ​កំពុងតែ​បង្កើន​វិស័យ​សិល្បៈ​ខ្មែរ​ឲ្យ​រីក​ដុះដាល​កាន់តែ​មាន​ភាព​ទូលំទូលាយ​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សាលា​នេះ​ក៏​ជួយ​ជា​ដើមទុន​មួយ​ដែល​ជា​ជំនួយ​ដល់​ប្អូន​សម្រាប់​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផង​ដែរ នៅ​ពេល​នោះ​ហើយ​គឺ​អាច​ធ្វើឲ្យ​ពួកគាត់​កាន់តែ​ចង់​ចូលរៀន​នៅ​សាលា​នោះ​កាន់​តែ​ច្រើន”។ ជា​ចុងក្រោយ ញ៉ែម សុគន្ធ បាន​បញ្ជាក់​ថា​លោក​នឹង​ទៅ​ចុះ​ឈ្មោះ​ដើម្បី​រៀន​ជំនាញ​ផ្សេង​ៗ​បន្ថែម​ទៀត៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី