អស្ចារ្យមែន! សំ ថារ័ត្ន និងដៃគូ ឡើងវគ្គផ្តាច់ព្រ័ត្រប្រកួតក្បាច់គុនបុរាណពិភពលោកនៅកូរ៉េ
- 2015-08-29 14:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន! សំ ថារ័ត្ន និងដៃគូ ឡើងវគ្គផ្តាច់ព្រ័ត្រប្រកួតក្បាច់គុនបុរាណពិភពលោកនៅកូរ៉េ
ចន្លោះមិនឃើញ
កីឡាការិនីក្បាច់គុនបុរាណខ្មែរ សំ ថារ័ត្ន និងកីឡាករ ហត សេងហ៊ន បានឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយក្នុងព្រឹត្តិការណ៍ប្រកួតក្បាច់គុនបុរាណពិភពលោក (World Martial Art Union)នៅទីក្រុង Chungju ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានយកឈ្នះលើដៃគូ៨ប្រទេសផ្សេងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រភេទវិញ្ញាសាសម្តែងគូ(បុរស-នារី)កាលពីម្សិលមិញ។
សំ ថារ័ត្ន បានប្រាប់ថា ការប្រកួតសម្តែងជាគូកាលពីម្សិលមិញសុទ្ធតែជួបនឹងប្រទេសខ្លាំងៗដែលធ្លាប់ទទួលបានជ័យជម្នះកាលពីឆ្នាំមុនៗ ប៉ុន្តែពិតជាអស្ចារ្យណាស់សម្រាប់ការប្រកួតសម្តែងក្បាច់គុនល្បុក្កតោរបស់នាង និងដៃគូដែលអាចយកឈ្នះបាន និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
ក្រុមល្បុក្កតោកម្ពុជានៅកូរ៉េ (រូបថត៖ សំ ថារត័្ន)
«ពួកខ្ញុំទាំងពីរនាក់បានឆ្លងផុតកងព័ន្ធទីពីរហើយគឺវិញ្ញាសាសម្តែងដៃទទេជាគូ។ ខ្ញុំយំ យំខ្លាំងមែនទែន ហើយក៏មិននឹកស្មានថា អាចយកឈ្នះពួកគេទេ ព្រោះពួកខ្ញុំឈ្នះពិន្ទុលើប្រទេសដែលជាប់ចំណាត់ថ្នាក់រាល់ឆ្នាំ។ ស្អែក (ថ្ងៃនេះ)ពួកខ្ញុំចូលវគ្គផ្តាច់ព្រ័ត្រហើយ សូមបងប្អូនជួយអុចធូបបុណ្យឲ្យពួកខ្ញុំទទួលបានជ័យជម្នះទៀតនៅថ្ងៃចុងក្រោយ»។ សំ ថារ័ត្ន បានសរសើរលើ Facebook ។
ទោះបីជាយ៉ាងណា នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ កញ្ញាបានប្រាប់ Sabay ថា នាងមិនទាន់ដឹងថា តើប្រទេសណាដែលត្រូវប្រកួតសម្តែងជាមួយនោះទេដោយប្រាប់ថា រង់ចាំមើលសិន។ ក្នុងព្រឹត្តិការណ៍ការប្រកួតក្បាច់គុនរាណឆ្នាំនេះមានប្រទេសចំនួន២៤មកពីជុំវិញពិភពលោកចូលរួម។
កញ្ញាប្រាប់ថា ក្រុមអ្នកល្បុក្កតោកម្ពុជាមានគ្នាតែ៤នាក់ប៉ុណ្ណោះសម្រាប់ការធ្វើដំណើរទៅប្រកួតសម្តែងក្បាច់គុនល្បុក្កតោដែលជាក្បាច់គុនមរតកដូនតាខ្មែរតាំងពីយូរលង់ណាស់មកហើយ។ អ្នកទាំង៤នាក់មាន លោកគ្រូតាក្រមាស សាន គឹមស៊ាន កីឡាការិនី សុំ ថារត័្ន កីឡាករ ហត សេងហ៊ន និងកីឡាករម្នាក់ទៀត។
វាពិតជាមានមោទនភាពណាស់សម្រាប់កម្ពុជាដែលអ្នកកីឡាល្បុក្កតោបានទៅប្រកួតសម្តែងក្នុងព្រឹត្តិការណ៍ពិភពលោក ហើយឡើងដល់វគ្គផ្តាច់ព្រ័ត្រអំពីក្បាច់គុនខ្មែរបុរាណដែលជាក្បាច់គុនបុរាណខ្មែរពិតៗ។ នេះជាឱកាសដ៏វិសេសវិសាលសម្រាប់ការផ្សព្វផ្សាយមរតកគុនខ្មែរ ខណៈប្រទេសផ្សេងៗនៅលើលោកក៏កំពុងផ្សព្វផ្សាយក្បាច់គុនរបស់គេដែរ៕
អត្ថបទ៖ ជាន ចាន់រ៉ា