ឆ្នាំមុនសិស្សនិទ្ទេស A មាន ១១ នាក់ ចុះឆ្នាំនេះវិញ?
- 2015-09-03 15:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំមុនសិស្សនិទ្ទេស A មាន ១១ នាក់ ចុះឆ្នាំនេះវិញ?
ចន្លោះមិនឃើញ
ឆ្នាំទៅមិញសិស្សបាក់ឌុប ប្រលងជាប់និទ្ទេស A មានចំនួន ១១ នាក់ មកពីបណ្ដាខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ ឆ្នាំ ២០១៥ គេមិនទាន់ដឹងនៅឡើយថា នឹងមានសិស្សប៉ុន្មាននាក់ទេ ដែលមានសមត្ថភាពជាប់និទ្ទេស A នោះ។
រូបសិស្សបាក់ឌុបឆ្នាំ ២០១៥ នៅមណ្ឌលក្រុងតាខ្មៅ
ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ បានធ្វើឡើងហើយ កាលពីថ្ងៃទី ២៥ ខែ សីហា កន្លងទៅ ដោយមានបេក្ខជនចូលរួមប្រលងចំនួន ៨៨ ៤៨៨ នាក់ ចែកចេញជា ១៥០ មណ្ឌល ស្មើនឹង ៣,៥៧៦ បន្ទប់។ ទោះបីជាយ៉ាងណា លទ្ធផលមិនទាន់ចេញនៅឡើយ ហើយសិស្សានុសិស្ស កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសា ចំណែកអ្នកជាប់និទ្ទេស A ក៏គេនៅទាន់ដឹងដែរថា កើនឡើង ធ្លាក់ចុះ ឬយ៉ាងណាទេ។
នៅពេល Sabay ចោទសួរថា និទ្ទេស A អាចនឹងធ្លាក់ចុះ កើនឡើង ឬយ៉ាងណានោះ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ចំនួនសិស្សជាប់និទ្ទេស A អាចនឹងកើនឡើងច្រើន បើធៀបនឹងឆ្នាំមុន ព្រោះថា សិស្សានុសិស្សមានការខំប្រឹងប្រែង មានសិស្សខ្លាំងច្រើន ហើយសិស្សពូកែមធ្យម ក៏ក្លាយជាសិស្សពូកែខ្លាំងដែរ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លទ្ធផលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ៖ «កំណែវិញ្ញសាទូទាំងប្រទេស ធ្វើឡើងចាប់ពីថ្ងៃទី ៣០-២ (៤ថ្ងៃ) បូកស្រង់ពិន្ទុធ្វើចាប់ពីថ្ងៃ ៣ -១៣ សរុបថ្ងៃ ១៤ ហើយថ្ងៃ ១៥ និង ១៦ ចេញលទ្ធផល»។
ក្រសួងអប់រំបានប្រកាសថា នៅភ្នំពេញ និង ខេត្ត កណ្ដាល នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី ១៥ ខែ កញ្ញា នាពេលរសៀល ឯបណ្ដាខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី ១៦ កញ្ញា។
គួរបញ្ជាក់ថា ឆ្នាំ ២០១៤ សិស្សជាប់បាក់ឌុបទូទាំងប្រទេសលើកទី ១ មានចំនួន ២៣ ១២៦ នាក់ ស្នើនឹង ២៥,៧២% ដោយសិស្សជាប់និទ្ទេសមាន A ចំនួន ១១ នាក់ ខណៈលើកទី ២ ជាប់ចំនួន ១២ ១៩៩ នាក់ ស្មើ ១៧,៩៤% ក្នុងចំណោមបេក្ខជនសរុប ៦៨ ០០០ នាក់ ប៉ុន្តែគ្មានអ្នកជាប់និទ្ទេស A ឡើយ។
ចាំអ៊ុតមើលទាំងអស់គ្នាមើល៍ថា តើឆ្នាំនេះ សិស្សជាប់និទ្ទេស B ដល់ E និងជាពិសេសនិទ្ទេស A មានប៉ុន្មាននាក់ដែរ?
ចុចអាន៖ ចេញហើយ! លទ្ធផលបាក់ឌុបនៅ តាមខេត្ត
អត្ថបទ៖ អ៊ុំ សុភក្តិ