ដឹង​ថា សាសា បំភ្លឺ​អ្វី​ខ្លះ​នៅ​សាលា​ដំបូង​ ខេត្ត​បាត់ដំបង?

  • 2015-09-07 15:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ពិធី​ការិនី សាសា ព្រម​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ​ ដោយ​បាន​យក​ឯកសារ​បញ្ជាក់​ពី​សមត្ថកិច្ច​បង្ហាញ​ទៅ​កាន់​ព្រះ​រាជ​អាជ្ញា ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី ២ សីហា ២០១៥។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាង យិន ស្រីលាភ ជា​បង​ថ្លៃ និង​ជា​អ្នក​កាន់​ទូរសព្ទ​ជំនួស។

 

 

បង​ថ្លៃ​ដដែល​បញ្ជាក់​ថា៖" គ្រាន់​តែ​ភស្តុតាង​មួយ​ចូល​បំភ្លឺ កុំ​ឱ្យ​គេ​និយាយ​ថា គាត់​អញ្ចេះ​អញ្ចុះ។ ការ​ពិត​ថ្ងៃ​កើត​ហេតុ​ប្អូន​ខ្ញុំ​គាត់​មាន​ក្រដាស​ស្នាម​បញ្ជាក់​ដែរ​ពី​ប៉ូលីស​ក្នុង​ខេត្ត​មុន​ចាក​ចេញ"។ អ្នក​នាង​បន្ថែម​ថា សាសា យល់​ព្រម​ផ្ដល់​សំណង​តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក​ម្ល៉េះ​ក្នុង​នោះ​ក៏​មាន​សង​ជំងឺ​ចិត្ត ៣ លាន​រៀល និង ​ការ​ចំណាយ​លើ​ការ​ព្យាបាល​របួស​ជន​រង​គ្រោះ រួម​ទាំង​ការ​សុំទោស​ជន​រង​គ្រោះ​ជា​ដើម។

 

ប្រភព​ដដែល​បន្ថែម​ទៀត​ថា សាសា មិន​បាន​បើក​រថយន្ត​គេច​ចេញ ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ ឬ​ការ​ដោះ​ស្រាយ​ដូច​ព័ត៌មាន​កន្លង​មក​នោះ​ទេ។ ប៉ុន្តែ​នាង​មិន​ចង់​ធ្វើ​ការ​បកស្រាយ​អ្វី​ឡើយ ដោយ​រង់​ចាំ​ពេល​វេលា​បង្ហាញ​ខ្លួន​នៅ​តុលាការ​តែ​ម្ដង ដើម្បី​ធ្វើ​ការ​បំភ្លឺ​តាម​ដីកា​កោះ​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត និង​យក​ឯកសារ​បញ្ជាក់​មួយ​ចំនួន​ទៅ​ចូល​បំភ្លឺ​ក្នុង​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កណ្ដាល​ក្រុង​បាត់ដំបង។

 

ដោយ​ឡែក ចំពោះ​ភាព​ខកខាន​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​កាល​ពី​ថ្ងៃ​ទី ២៧ សីហា​កន្លង​ទៅ​នេះ ត្រូវ​បាន​បង​ថ្លៃ​ដដែល​បញ្ជាក់​ថា ដោយ​សារ​ស្មារតី​របស់ សាសា មិន​ទាន់​នឹងន​ទេ បន្ទាប់​ពី​ជួប​ហេតុការណ៍​អាក្រក់ ២ លើក​ផ្ទួន​គ្នា​រួម​មាន​ទទួល​រង​អំពើ​ហិង្សា​ពី​លោក សុខ ប៊ុន ជា​ដើម។

 

យិន ស្រីលាភ បន្ត​ថា៖" មក​ឃើញ​គាត់​បាន​ដឹង​ថា សាសា យ៉ាង​ម៉េច? គាត់​ស្រក​គីឡូ​ខ្ញុំ​អាណិត​គាត់​មែនទែន គាត់​នៅ​តក់​ស្លុត​រឿង​គ្រប់​យ៉ាង និង​មាន​របួស​ត្រូវ​ព្យាបាល​ត​ទៀត"។ នាង​ស្នើ​ឱ្យ​ទុក​ផ្លូវ​ដើរ​សម្រាប់​ប្អូន​ថ្លៃ​រូប​នេះ ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​មាន​បញ្ហា ដែល​ខាត​បង់​ទាំង​ទ្រព្យ​សម្បត្តិ ពេល​វេលា និង ​កិត្តិយស​នោះ​ទេ៕

 

អាន​អត្ថបទ៖  ធ្លាយ​ដំណឹង អ៊ិន សុភិន ប្រគល់​គម្រោង​សង់​អគារ​៦លានដុល្លារ​ឲ្យ ប៉ែន តុលា

អាន​អត្ថបទ៖  គង់ ចាន់រដ្ឋា ជួប​ទុក្ខ​ធំ​នៅ​ស្រុក​កំណើត

 

 

អត្ថបទ៖ សំ ជំនាញ