Kesha ប្ដឹង​អ្នក​គ្រប់គ្រង​ថា ​បាន​ចាប់​រំលោភ​នាង

  • 2014-10-16 17:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប​អាមេរិក Kesha បាន​ប្ដឹង​អ្នក​គ្រប់គ្រង​របស់​នាង​គឺ​លោក Dr. Luke កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ពី​បទ​រំលោភ​បំពាន​លើ​រូប​នាង ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ថែម​ទាំង​បាន​គំរាម​បំផ្លាញ​នាង និង​ក្រុម​គ្រួសារ​របស់​នាង​ទៀត​ផង។

 

តារា​ចម្រៀង​វ័យ ២៧​ឆ្នាំ​ ជា​ម្ចាស់​បទ​ល្បី​ៗ​ដូចជា "Tik Tok” និង "We R Who We R” ​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​របស់ Dr. Luke តាំង​ពី​អាយុ ១៨​ឆ្នាំ បាន​ចោទ​ប្រកាន់​ផលិតករ​រូប​នេះ​ថា បាន​បង្ខំ​នាង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន និង​ផឹក​គ្រឿង​ស្រវឹង ដើម្បី​ចាប់​រំលោភ​​ពេល​នាង​មិន​ដឹង​ខ្លួន។ តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ទៀត​ថា នៅ​ពេល​មួយ នាង​បាន​ភ្ញាក់​ឡើង​ដោយ​មិន​មាន​សំលៀកបំពាក់​ជាប់​នឹង​ខ្លួន បន្ទាប់​ពី​ Gottwald (Dr. Luke) បាន​បង្ខំ​នាង​ឲ្យ​លេប​ថ្នាំ​មួយ​ចំនួន ប៉ុន្តែ​នាង​មិន​ដឹង​ថា​នាង​បាន​មក​ដល់​កន្លែង​ដែល​នាង​ដឹង​ខ្លួន​នោះ​ដោយ​វិធី​ណា​នោះ​ទេ។

 

Kesha បាន​ចោទ​ប្រកាន់​ Gottwald ទៀត​ថា ​បាន​ស្ដី​បន្ទោស​នាង​យ៉ាង​ខ្លាំង​ពី​រឿង​ឡើង​ទម្ងន់ ធ្វើ​ឲ្យ​នាង​​ត្រូវ​តម​អាហារ​ខ្លាំង​រហូត​មាន​បញ្ហា ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​ច្រើន​សប្ដាហ៍។

 

តារា​ចម្រៀង​រូប​នេះ​បាន​ចោទ​ប្រកាន់​ទៀត​ថា​ ផលិតករ​របស់​នាង​បាន​ផ្ដាច់​ទំនាក់ទំនង​រវាង​នាង និង​គ្រួសារ​ ក្រោយ​ពី​នាង​បាន​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង Los Angeles និង​បាន​គំរាម​ថា​នឹង​បំផ្លាញ​អាជីព​របស់​នាង ប្រសិន​បើ​នាង​ហ៊ាន​រាយការណ៍​ពី​បញ្ហា​ទាំង​នេះ។

 

ទោះ​យ៉ាង​ណា Dr. Luke បាន​អះអាង​ថា Kesha បាន​មួល​បង្កាច់​លោក​ដើម្បី​ចង់​បញ្ចប់​កុងត្រា​របស់​នាង​តែ​ប៉ុណ្ណោះ។ មេធាវី​របស់​ផលិតករ​រូប​នេះ បាន​និយាយ​ថា​ពាក្យ​បណ្ដឹង​នេះ​គឺ​ជា​ការ​កុហក​ទាំង​ស្រុង។​​

 

ដោយ​ឡែក មេធាវី​របស់​ Kehsa បាន​និយាយ​ថា កូន​ក្ដី​របស់​គេ​កំពុង​ទាមទារ​សំណង និង​ចង់​បាន​ភាព​ម្ចាស់​ការ​លើ​អាជីព​របស់​នាង​មក​វិញ និង​ចង់​ផ្ដាច់​ទំនាក់ទំនង​​​ការងារ​ទាំង​អស់​ជាមួយ Dr. Luke ៕

អានអត្ថបទ៖ Taylor Swift ក្លាយ​ជា​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៤

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ channelnewsasia
អត្ថបទថ្មី