ស្គាល់​សិស្ស​ពូកែ​និន្ទេសAទាំង ៧ រូប នៅ​ខេត្តបាត់​ដំបង​ទេ?

  • 2015-09-14 22:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ម្សិលមិញនេះ លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាន​ប្រកាស​​​ផ្លូវ​ការ​ចំពោះ​លទ្ធផល​​តាម​បណ្ដា​ខេត្ត​នានា ឃើញថា ចំនួន​សិស្ស​ដែល​ប្រលង​ជាប់​មាន​ការកើនឡើង​ជាង​ឆ្នាំ​មុន រួមទាំង​អ្នក​ទទួល​បាន​និន្ទេស Aល្អប្រសើរ ក៏កើន​ពី​១១​នាក់​ដល់​ទៅ ១០៨ នាក់ដែរ នៅឆ្នាំនេះ។ ក្នុងចំណោម​សិស្ស​ឆ្នើម​ទាំង​ ១០៨ រូបនោះ មាន​៤៨​នាក់​មក​ពី​ភ្នំពេញ ១៤ នាក់មកពីសៀមរាប និង ៧​ នាក់ មកពី​ខេត្តបាត់ដំបង។ សិស្សពូកែទាំង៧ រូប​នោះ មាន​៥​នាក់​ជាសិស្ស​នៅក្នុង​ក្រុង​បាត់ដំបង និង ២នាក់ទៀត​ជាសិស្សមកពីស្រុក​។ពួកគេ​មាន​ទាំង​សមត្ថភាព​ដ៏ខ្លាំង​ពូកែ និង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ថែមទៀត។

 

តើ​អ្នក​ទាំងអស់​គ្នាស្គាល់​ពួកគេ​ដែរ​ឬទេ?  តោះ! ទៅ​មើល​រូបភាព និង ពត័មានខ្លះៗ​អំពីពួកគេ

 

១. កញ្ញា អ៊ូង មុនីរាសី  

 

ទាំងស្អាត និង ពូកែ កញ្ញា អ៊ូង មុនីរាសី ជាសិស្សថ្នាក់ទី១២ ”M” នៃវិទ្យាល័យ​ព្រះមុនីវង្ស ទទួល​បានលំដាប់ពិន្ទុខ្ពស់​ជាងគេនៅខេត្តបាត់ដំបង​គឺ ៩៩.៩៨១។ កញ្ញាជាកូនពៅ នៃគ្រួសារមួយ ដែលប៉ា និង ម៉ាក់ជាវេជ្ជបណ្ឌិត។ ដោយមានបំណងចង់ក្លាយជាវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និង រោគស្រ្តី កញ្ញានឹងចូលរៀននៅសកលវិទ្យាល័យសុខាភិបាលនៅក្រុងភ្នំពេញ ហើយក៏មានបំណងប្រាថ្នាចង់បានអាហាររូបករណ៍​ទៅសិក្សានៅក្រៅប្រទេសផងដែរ។

 

២. យុវជន ថាច័ន្ទ សុផាន់ប៊ុនថង

 
 

សិស្សពូកែនិន្ទេស A  លេខពីរនៅខេត្តបាត់ដំបងគឺ យុវជន ថាច័ន្ទ សុផាន់ប៊ុនថង ដែលជាសិស្ស​នៃថ្នាក់ទី១២ ”M” នៃវិទ្យាល័យ​ព្រះមុនីវង្ស ហើយ​យុវជន​រូប​នេះ បានទទួលលំដាប់ពិន្ទុ ៩៩.៩៤៩។ នៅក្នុងគ្រួសារ​ដែលមាន​បងប្អូន​ ៤ នាក់ និង ឪពុក-ម្តាយ ជាអ្នកលក់ដូរ យុវជនដែលជាកូនពៅគេ​ក្នុង​គ្រួសារ​នេះ បាន​ឲ្យ​ដឹងថា រូបគេនឹងចូលរៀននៅ​សកលវិទ្យាល័យ​ដោយចាប់យកជំនាញស្ថាបត្យកម្ម។  

៣. កញ្ញា ប្រសិត លក្ខណា

 
 

កញ្ញា ប្រសិត លក្ខណា ជាសិស្ស​នៃវិទ្យាល័យថ្មគោល​នៅឆ្ងាយ​ពីក្រុងបាត់ដំបង​ជាច្រើន​គីឡូម៉ែត ប៉ុន្តែ ទទួល​បាន​លំដាប់​ពិន្ទុខ្ពស់ជាងគេ​លំដាប់ទី ៣ នៅខេត្តបាត់ដំបង។

 

៤. កញ្ញា គង់ មាសមល្លិកា  

 

សិស្សពូកែនិន្ទេស A ដែល​ទទួល​បាន​លំដាប់​ពិន្ទុខ្ពស់​លំដាប់ទី ៤ គឺ កញ្ញា គង់ មាសមល្លិកា ជាសិស្ស​នៃ​វិទ្យាល័យ អេសអូអេសហៃម៉ាន់ម៉ៃន័រ បាត់ដំបង។ យុវតីរូបនេះ​បានឲ្យ​ដឹងថាខ្លួន​នឹង​រៀនបន្តផ្នែកវេជ្ជសាស្ត្រ​។

 

៥. យុវជន អ៊ន ឌីដាណាក់  

 

ត្រឡប់មកវិទ្យាល័យព្រះមុនីវង្ស​ម្តងទៀត យុវជនអ៊ន ឌីដាណាក់ ជាសិស្សថ្នាក់ទី ១២P និង តែងទទួល​បានលទ្ធផលល្អ​ក្នុងការ​សិក្សា ហើយ​ជាសិស្សពូកែ​និទ្ទេស A ទទួលបានលំដាប់ពិន្ទុ ៩៩.៩២៨ ។ យុវជនរូបនេះ​ជាកូនទីបី​ក្នុងគ្រួសារ ដែលមាន​បងប្អូន ៥ នាក់ ឪពុកជាជាងឡាន និង ម្តាយជាមេផ្ទះ ហើយនឹងបន្តការសិក្សានៅ​ក្រុងភ្នំពេញ ដោយចាកយកជំនាញជាវិស្វករ នាងពេល​ឆាប់​ៗ​នេះ។

 

៦. កញ្ញា ភួង រតនលី  

 

សិស្សពូកែនិន្ទេស A ដែលមិនមែនជាសិស្សនៅក្នុងវិទ្យាល័យក្នុងក្រុងបាត់ដំបងគឺ កញ្ញា ភួង រតនលី។ យុវតី​ដែល​មើលទៅ​ស្រគត់ស្រគំ​រាបសារ​រូបនេះ ទទួល​បានលំដាប់ពិន្ទូ ៩៩.៩០០ និង ជាសិស្សនៅវិទ្យាល័យពេជ្យចិន្តា ថ្នាក់ទី១២A។ ចំពោះការសិក្សាបន្តទៅមុខទៀត រតនលី នៅមិនទាន់ប្រាកដថា នឹងជ្រើសរើស​មុខជំនាញ​អ្វីនៅឡើយ។

 

៧. កញ្ញា សួគ៌ កែវ​ពិព័ណ  

 

ចុងក្រោយគេ គឺ​កញ្ញា សួគ៌ កែវ​ពិព័ណ ជាសិស្សថ្នាក់ទី ១២M នៃវិទ្យាល័យព្រះមុនីវង្ស។ ជាកូនច្បងនៅក្នុងគ្រួសារ​ដែលមានជីវភាព​មធ្យម កញ្ញា ដែល​មានស្នាមញញឹម​ស្រស់ស្អាតនេះ​ ស្ថិតនៅក្នុង​ការពិចារណា​នៅឡើយ​ចំពោះជំនាញ​ពីរផ្សេងគ្នា គឺទាក់ទងនឹង​ខាងបរិស្ថាន ឬបច្ចេកទេសនៅសាលាតិចណូ៕

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82 -អ៊ីមែល៖​ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ ​ហួន ទីណារ័ត្ន

អត្ថបទពេញនិយម