សិស្សពូកែនិទ្ទេស A ខេត្តកំពត សុទ្ធសឹងជាកូនច្បងក្នុងគ្រួសារ
- 2015-09-15 16:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សពូកែនិទ្ទេស A ខេត្តកំពត សុទ្ធសឹងជាកូនច្បងក្នុងគ្រួសារ
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ Sabay បានបង្ហាញមុខ និទ្ទេស A នៅខេត្តបាត់ដំបង ចំនួន ៧ នាក់ ឥឡូវថ្ងៃនេះ Sabay សូមបង្ហាញរូបសិស្សពូកែនិទ្ទេស A ៤ រូបមកពីខេត្តកំពត។ នៅក្នុងចំណោមនិទ្ទេស A ក្នុងខេត្តកំពតនេះ គឺសិស្សពូកែទាំង ៤ រូប សុទ្ធសឹងជាកូនច្បងនៅក្នុងគ្រួសារ។
១. កញ្ញា សេង លីសៃហ្វុង
ជាកូនច្បង នៃគ្រួសារដែលមានកូនពីរនាក់ សេង លីសៃហ្វុង មានលំដាប់ពិន្ទុ ៩៩.៩៨១ ប្រឡងនៅមណ្ឌល អនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី និង ជាសិស្សថ្នាក់ទី ១២G មកពីវិទ្យាល័យដងទង់ មានឪពុកជានគរបាលឈ្មោះ សេង វុទ្ធី និង ម្តាយឈ្មោះ នេត កែវ ជាគ្រូបង្រៀន មានលំនៅនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ គោលបំណងរបស់កញ្ញា នាពេលអនាគតគឺចង់ក្លាយជាវេជ្ជបណ្ឌិតម្នាក់ ដើម្បីជួយព្យាបាលជំងឺដល់ពលរដ្ឋទូទៅ និង គ្រួសារ។
២. កញ្ញា សួន កន្និកា
យុវសិស្សនិទ្ទេស Aម្នាក់ទៀតឈ្មោះ សួន កន្និកា ជាសិស្សថ្នាក់ទី ១២D មកពីវិទ្យាល័យ ឯកជនឧត្តមវិជ្ជា មានលំដាប់ពិន្ទុ ៩៩.៩៧៤ មណ្ឌលប្រឡង អនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី មានឪពុកឈ្មោះ ស៊ីវ ស៊ិប ជានគរបាល និង ម្តាយជា គ្រូបង្រៀនឈ្មោះ អ៊ុន សុភក្ត្រ។ កញ្ញា មានអាសយដ្ឋាន នៅ ភូមិក្រាំង ឃុំក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ កន្និកា ជាកូនច្បងនៃគ្រួសារដែលមានបងប្អូនពីរនាក់។ បន្ទាប់ពីដឹងលទ្ធផលហើយ កន្និកាចង់រៀននៅសកលវិទ្យាល័យសុខាភិបាល និងប្រឡងចូលរៀននៅវិទ្យាស្ថានភាសាបរទេស (IFL) ដែរ ព្រមទាំងចង់បានអាហារូបករណ៏ទៅរៀនឯបរទេស។ នាពេលអនាគតនាងចង់ក្លាយជាវេជ្ជបណ្ឌិតដ៏ចំណានម្នាក់ ។
៣. លោក កែវ គឹមហៀង
កែវ គឹមហៀង ក៏ជាសិស្សថ្នាក់ទី ១២Dនៃវិទ្យាល័យ ឯកជនឧត្តមវិជ្ជា ហើយក៏ជាមិត្តភក្តិរួមថ្នាក់ជាមួយនិង សួនកន្និកាដែរ មានលំដាប់ពិន្ទុ ៩៩.៩២២ តែគឹមហៀងប្រឡងនៅមណ្ឌលវិទ្យាល័យព្រះរាជសម្ភារដែលមានឪពុកជាជាងទងឈ្មោះ កែវ ហ៊ាន និង ម្តាយឈ្មោះ ឈាង មុំ ជាអាជីវករ។ មានបងប្អូន ២ នាក់ គឹមហៀង ជាកូនទី១។ គឹមហៀង នឹងបន្តការសិក្សានៅ ទីក្រុងភ្នំពេញ ព្រមទាំងមានបំណងប្រឡងយកអាហារូបករណ៍ទៅក្រៅប្រទេសទៀតផង។ គាត់ចង់ក្លាយជានិយោជិតនៅក្នុងក្រុមហ៊ុន ឫអង្គការមួយ។
៤. កញ្ញា យុន ស្រីកែវ
សុទ្ធតែជាកូនច្បងក្នុងគ្រួសារដូចទៅនឹងយុវសិស្សទាំងបីនាក់ខាងលើ សិស្សស្រីបាននិទ្ទេស A មានឈ្មោះថា យុន ស្រីកែវ មានលំដាប់ពិន្ទុ ៩៩.៨៨០ រៀនថ្នាក់ទី១២ F នៃវិទ្យាល័យហ៊ុនសែនឈូក មានស្រុកកំណើតនៅ ភូមិត្រពាំងបឹង ឃុំត្រមែង ស្រុកឈូក នាងចង់ក្លាយខ្លួនជាវេជ្ជបណ្ឌិតដ៏ជំនាញមួយរូប ដើម្បីជួយពលរដ្ឋទូទៅ។ ស្រីកែវ មានម្តាយឈ្មោះ សែ ស្តើង និង ឪពុកឈ្មោះ វៀច យាល។ ពួកគាត់សុទ្ធតែជាកសិករ។ នាងរំពឹងថា នឹងបានរៀននៅសាលាពេទ្យតាមរយៈលទ្ធផលប្រឡងនិទ្ទេស A របស់នាង ដែលនាងបានដាក់អាហារូបករណ៍នៅថ្នាក់ទី ១២ ព្រោះជាកូនកសិករគ្មានលទ្ធភាព សិក្សានៅសាលាដែលមានការបង់ថ្លៃសិក្សាខ្ពស់នោះទេ។
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!
អត្ថបទ៖ ឡុច គីមសាយ រូបថត៖ ផ្ដល់ឲ្យ