ចង់កម្ចាត់មុខកើតមុន ធ្លាប់សាកវិធីងាយៗនេះដែរឬអត់?
- 2015-09-17 20:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់កម្ចាត់មុខកើតមុន ធ្លាប់សាកវិធីងាយៗនេះដែរឬអត់?
ចន្លោះមិនឃើញ
យុវវ័យភាគច្រើន ជួបប្រទះបញ្ហាកើតមុន មិនថាបុរស ឬនារីនោះទេ។ វាកើតឡើងដោយសារអ័រម៉ូនភេទពេលពេញវ័យ ឬកត្តាផ្សេងទៀត ដូចជាភាពកខ្វក់ ជាតិខ្លាញ់ និងធូលីនៅលើស្បែកមុខ ខ្នង និងកជាដើម។ ក្រៅពីវិធីវេជ្ជសាស្រ្ដ ឬប្រើផលិតផលនានា អ្នកក៏អាចកម្ចាត់វាដោយប្រើវិធីសាមញ្ញងាយៗមួយចំនួន ដោយសារខ្លួនឯងបានផងដែរ។ វិធីដែលមិនចំណាយប្រាក់ច្រើនទាំងនោះ មានដូចខាងក្រោម៖
១. ទឹកកក
ទឹកកកក៏អាចជួយ កម្ចាត់មុនបានដែរ។ វាកម្ចាត់ភាពកខ្វក់ និងជាតិប្រេងចេញពីស្បែក ព្រមទាំងធ្វើឲ្យឈាមមានចលនា។ ខ្ចប់ដុំទឹកកកជាមួយក្រណាត់ស្អាត រួចស្អំវាលើកន្លែងដែលកើតមុន ពីរបីនាទីដកចេញ ទុកចោលពីរបីនាទី រួចស្អំបន្ត បីទៅបួនដង។ ធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ នឹងឃើញប្រសិទ្ធភាពរបស់វា។
២. ទឹកក្រូចឆ្មារ
ក្រូចឆ្មារសំបូរដោយវីតាមីន C ដែលអាចកម្ចាត់មុនបាន។ ច្របាច់ក្រូចឆ្មារស្រស់ដាក់បានចំនួនប្រហែលពីរស្លាបព្រាបាយ រួចយកសំឡីកប្បាសមកផ្ដិតជូតត្រង់កន្លែងមានមុន ទុក២០នាទីសឹមលាងសម្អាត។ អនុវត្តបែបនេះពីរទៅបីដងក្នុងមួយថ្ងៃ រយៈពេលបីទៅបួនថ្ងៃ អ្នកនឹងឃើញពីភាពប្រែប្រួល។
៣. សំបកក្រូច
យកសំបកក្រូច ចិញ្ច្រាំឲ្យល្អិតលាយជាមួយទឹកបន្តិចឲ្យទៅជាល្បាយខាប់ រួចលាបលើមុខត្រង់ចំណុចដែលមានមុន។ ទុកវាចោលរយៈពេលកន្លះម៉ោងរួចលាងទឹកជម្រះចេញ។ អ្នកអាចលាបវានៅមុនពេលចូលគេង រួចលាងសម្អាតទឹកនៅពេលព្រឹកភ្ញាក់ពីគេងក៏បាន។ អនុវត្តបែបនេះរៀងរាល់ថ្ងៃ បន្តរហូតដល់បាត់មុន។
៤. ត្រសក់
ត្រសក់មិនត្រឹមផ្ដល់សំណើម និងធ្វើឲ្យស្បែកស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកម្ចាត់មុនបានផងដែរ។ ដាក់ត្រសក់កិនក្នុងម៉ាស៊ីនក្រឡុកជាល្បាយទឹក រួចបន្ថែមទឹកដោះគោជូរ (យ៉ាអ៊ូរ) បន្តិច។ យកវាមកលាបលើមុខលើផ្នែកដែលកើតមុន ទុករយៈពេល២០នាទី បន្ទាប់មកលាងនឹងទឹកក្ដៅឧណ្ណៗ។ ធ្វើវារៀងរាល់ថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាព។
៥. ថ្នាំដុសធ្មេញ
ដូចជាចម្លែកបន្តិចចំពោះការប្រើថ្នាំដុសធ្មេញកម្ចាត់មុន ប៉ុន្តែវាអាចអនុវត្តបាន។ នៅក្នុងថ្នាំដុសធ្មេញមានសារធាតុប្រឆាំងបាក់តេរី Triclosan។ អ្នកអាចយកថ្នាំដុសធ្មេញមកលាបត្រង់ចំណុចដែលមានមុន (លាបតែកន្លែងមានមុន) មុនពេលចូលគេង រួចលាងសម្អាតនៅពេលព្រឹក។ ធ្វើបែបនេះរហូតឃើញប្រសិទ្ធភាព ព្រោះវានឹងកាត់បន្ថយមុនបានបន្តិចម្ដងៗ។
៦. ខ្ទឹមស
ខ្ទឹមសជាផលិតផលពីធម្មជាតិជួយកម្ចាត់មុនបាន ដោយសារវាមានសារធាតុប្រឆាំងបាក់តេរីផ្សិត និងមេរោគ។ សារធាតុស្ពាន់ធ័រក្នុងខ្ទឹមសអាចជួយបាន។ កាត់យកខ្ទឹមជាចំណិតរួចយកផ្នែកខាងចិតនោះមកដាក់ផ្ទាល់លើចំណុចកើតមុន។ ទុករយៈពេលកន្លះម៉ោង រួចលាងទឹកសំអាតចេញ។
៧. ទឹកឃ្មុំ
ទឹកឃ្មុំជាផលិតផលធម្មជាតិអាចកម្ចាត់មុនបាន ដោយសារវាមានសារធាតុ Antibiotic ពីធម្មជាតិ។ ផ្ដិតយកទឹកឃ្មុំ (អាចលាយបន្ថែមទឹកក្រូចឆ្មារបន្តិចក៏បាន) នឹងសំឡីកប្បាសស្អាត រួចយកវាមកលាបថើរៗលើកន្លែងដែលមានមុន ទុករយៈ១៥ ទៅ២០នាទី រួចលាងនឹងទឹកក្ដៅឧណ្ណៗចេញ។ អនុវត្តបីដងក្នុងមួយថ្ងៃរហូតដល់ឃើញប្រសិទ្ធភាព។
៨. ល្ហុង
ល្ហុងមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយកម្ចាត់ដំណើររលាកនៃមុនបាន។ កាត់ផ្លែល្ហុងជាដុំច្របាច់ជាទឹករួចលាបលើផ្ទៃមុខដែលកើតមុន ត្រង់ចំណុចមានមុន។ ទុករយៈពេល១៥ទៅ២០នាទីទើបលាងទឹកសម្អាត។ ធ្វើបែបនេះរហូតដល់ឃើញប្រសិទ្ធភាព៕
ចុចអាន៖ ម្រះតែមួយផ្លែ អាចជួយដល់អ្នកជំងឺទឹកនោមផ្អែម
ប្រែសម្រួល៖ មាន រតនា ប្រភព៖ beautyandtips, naturalbeautytip