ប៉ែន ផាត៖ ការច្នៃថ្មឲ្យក្លាយជាត្បូងពេជ្រមិនមែនជាការងាយស្រួល
- 2015-09-18 16:50:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ែន ផាត៖ ការច្នៃថ្មឲ្យក្លាយជាត្បូងពេជ្រមិនមែនជាការងាយស្រួល
ចន្លោះមិនឃើញ
វាពិតជាលំបាកខ្លាំងណាស់ក្នុងការកែឆ្នៃថ្មឲ្យក្លាយជាត្បូងពេជ្រ។ នេះជាការលើកឡើងរបស់លោកគ្រូ ប៉ែន ផាត បន្ទាប់ពីកូនក្រុមរបស់លោកទទួលរង់បរាជ័យធ្ងន់ក៨-២ ក្រោមថ្វីជើងក្រមណាហ្គាវើលកាលពីល្ងាចមិញនៅពហុកីឡដ្ឋានជាតិសម្រាប់សប្តាហ៍ទី១៦នៃលីកលីកបាល់ទាត់កំពូលកម្ពុជាឆ្នាំ២០១៥។
លោក ប៉ែន ផាត បានឲ្យដឹងថា កូនក្រុមរបស់លោកមានទម្រង់លេងមិនស៊ីចង្វាក់គ្នាសោះ ទីតាំងឈរមិនទាន់ចំកន្លែងដែលគ្រូចង់បាន ស្របពេលកីឡាករលេងតាមចំណេះផ្ទាល់ខ្លួនមិនទាន់យល់ពីកលល្បិចគ្រូបង្វឹក បច្ចេកទេសមានចំណុចខ្វះខាតច្រើន។ ម្យ៉ាងទៀតក្នុងក្រុមទាំងមូលគ្មានអ្នកនាំលេងល្អ ដោយសារតែវេស្ទើនបានដោះដូរកីឡាករល្អៗចេញច្រើនពេកនៅជើងទី២នេះ។
គ្រូបង្គោលរូបនេះបន្តថា លោកបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការណែនាំដល់កូនក្រុមទាំងអស់ឲ្យយល់ដឹងពីចំណុចខ្វះខាតរបស់ខ្លួន ប៉ុន្តែទម្រង់លេងរបស់ពួកគេនៅតែមិនអាចប្រសើរឡើង។ នៅតែបន្តចាញ់ច្រើនគ្រាប់ដូចនេះ លោកជឿថា វេស្ទើនពិតជាលំបាកក្នុងការរក្សាខ្លួននៅលីកកំពូលរបស់កម្ពុជានារដូវកាលក្រោយ។ ទោះបីជាយ៉ាងណាលោកនឹងប្រែងប្រែងបន្តទៀតដើម្បីអភិវឌ្ឍក្មេងទាំងនេះឲ្យបានល្អទាំងបច្ចេកទេសនិងកម្លាំង។ ស្របពេលការប្រកួតមិនទាន់មកដល់ លទ្ធផលប្រកួតមិនទាន់ចេញលោកមិនទាន់ប្រាកដ១០០% ថា វេស្ទើននៅតែចាញ់នាប្រកួតក្រោយៗឡើយ។
លោក ប៉ែន ផាត បាននិយាយថា «វាលំបាកខ្លាំងមែនទែនក្នុងការច្នៃថ្មមកជាត្បូង។ វាមិនស្រួលដូចក្លិបគេដទៃច្នៃត្បូងមកជាត្បូងនោះទេ»។ លោកបន្ថែមថា ការនិយាយបែបនេះក្នុងន័យប្រៀបធៀប កីឡាកររបស់លោកដែលមានកម្រិតបច្ចេកទេសថ្មីពេក ខ្វះបទពិសោធន៍ ទៅប្រកួតជាមួយក្រុមខ្លាំងដែលមានតែកីឡាករល្អៗ។
លោក ប៉ែន ផាត បានចូលខ្លួនមកដឹកនាំក្រុមវេស្ទើនត្រឹមការប្រកួតជើងទី២ នៃលីកបាល់ទាត់អាជីពកម្ពុជាចាប់ផ្ដើមកាលពីសប្ដាហ៍ទី១៣ ដល់ទី១៦ នេះមិនទាន់រកឃើញជ័យជម្នះជួនក្រុមមួយប្រកួតឡើយគឺចាញ់ Cambodian Tiger ៦-១ បន្តចាញ់គីរីវង់សុខសែនជ័យ ៣-១ បន្ទាប់មកចាញ់បៀលប្រាយយូណាយធិត ២-១ និងចាញ់ណាហ្គាវើល ៨-២ ពីម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា