រឿង "ដុំហ្វ៊ីលចុងក្រោយ" ត្រូវបានជ្រើសរើសទៅចូលរួមប្រកួតភាពយន្ត អូស្ការ
- 2015-09-21 19:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "ដុំហ្វ៊ីលចុងក្រោយ" ត្រូវបានជ្រើសរើសទៅចូលរួមប្រកួតភាពយន្ត អូស្ការ
ចន្លោះមិនឃើញ
រឿង "ដុំហ្វ៊ីលចុងក្រោយ ឬ The Last Reel" ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីដណ្ដើមពានរង្វាន់អូស្ការ លើកទី ៨៨ ផ្នែកភាពយន្តនិយាយភាសាបរទេសល្អបំផុតតំណាងកម្ពុជា ក្រោយទទួលបានជោគជ័យជាបន្តបន្ទាប់នៅបណ្ដាប្រទេសមួយចំនួន និងកំពុងចាក់បញ្ចាំងតាមរោងភាពយន្តនានានៅប្រទេសកម្ពុជា។
អ្នកស្រី សុទ្ធោ គុល្លិក និងអ្នកស្រី Marriam Arthur
អ្នកដឹកនាំរឿង សុទ្ធោ គុល្លិកា រៀបរាប់ប្រាប់ថា អ្នកស្រីបានបញ្ជូនភាពយន្តមួយនេះ ទៅកាន់គណៈកម្មការជ្រើសរើសភាពយន្ត អូស្ការ នៃទីក្រុង ឡូអាន់ជឺលេស សហរដ្ឋអាមេរិករួចហើយ កាលពីចុងសប្ដាហ៍កន្លងទៅ តាមរយៈក្រុមហ៊ុនដឹកជញ្ជួនមួយ។ ក្នុងនោះក៏មានការចូលរួមពីប្រធានគណៈកម្មការអូស្ការកម្ពុជា (COSC) លោកស្រី Marriam Arthur ផងដែរ។
" ខ្ញុំសប្បាយចិត្តហួសពីការស្មាន ព្រោះមិននឹកស្មានថា ស្នាដៃដំបូងទទួលបានជោគជ័យដូច្នេះទេ"។ អ្នកស្រី សុទ្ធោ គុល្លិកា ថ្លែងមកកាន់ Sabay។ អ្នកស្រី បានបន្តថា មានភាពយន្តកម្ពុជា២រឿងបានដាក់ស្នើចូលរួមប្រកួតប្រជែងភាពយន្តអូស្ការដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ ខាងមុខ រួមមានរឿង" ដុំហ៊្វីលចុងក្រោយ ឬ The Last Reel" និងរឿង "៣.៥០" របស់អ្នកដឹកនាំរឿង ឆាយ បូរ៉ា ឆ្លុះបញ្ចាំងពីអំពើជួញដូរមនុស្ស និងការទិញលក់ព្រហ្មចារី ដែលកើតមានឡើងនៅប្រទេសកម្ពុជា និងតំបន់អាស៊ី។ ហើយជាលទ្ធផល វណ្ណកម្មរបស់ស្ត្រីខ្មែរខាងលើ ត្រូវបានជ្រើសរើសជាភាពយន្តនិយាយភាសាបរទេសល្អបំផុតតំណាងប្រទេសកម្ពុជា។
អ្នកដឹកនាំរឿងរូបនេះ នៅមិនទាន់ដឹងថា ភាពយន្តស្នាដៃរបស់ខ្លួនអាចទទួលបានជោគជ័យ ឬយ៉ាងណានោះទេ។ ប៉ុន្តែអ្នកស្រីមានមោទនភាពចំពោះស្នាដៃលើកដំបូងនេះ ព្រោះធ្លាប់បានយកទៅចូលរួមក្នុងមហោស្រពភាពយន្តជាង ២០ កន្លែងមកហើយនៅទូទាំងពិភពលោក និងយ៉ាងហោចណាស់ទទួលបានពានរង្វាន់ចំនួន ៥ មកហើយដែរ រួមទាំងទទួលបានប័ណ្ណសរសើរជាច្រើនទៀតផងដែរ។
ដោយឡែក សម្រាប់ប្រទេសកម្ពុជាឯណេះវិញ ទស្សនិកជនភាគច្រើនក៏បានលាន់មាត់ពោលសរសើរចំពោះភាពយន្តរឿង "ដុំហ្វ៊ីលចុងក្រោយ" ក្រោយបានទស្សនាតាមរោងភាពយន្តនានាកាលពីសប្ដាហ៍មុន។ អ្នកដឹកនាំបន្ថែមទៀតថា កន្លងមកធ្លាប់បានទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋខ្មែរជាច្រើន ហើយព័ត៌មានទាំងនោះធ្វើឱ្យអ្នកស្រីបានដឹងពីឥទ្ធិពលស្នាដៃភាពយន្តដំបូងរបស់ខ្លួន។ ទស្សនិកជនភាគច្រើនស្រឡាញ់រឿង"ដុំហ្វ៊ីលចុងក្រោយ" ព្រោះបានបង្ហាញពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ខ្មែរ។
កាលពីឆ្នាំ ២០១៤ កន្លងទៅរឿង"កង្វះរូបភាព" ឬ “The Missing Picture” ជាវណ្ណកម្មរបស់លោក ប៉ាន់ រិទ្ធី ឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់មនុស្សក្នុងសម័យកាលខ្មៅងងិត នៃរបបខ្មែរក្រហម បានក្លាយជាភាពយន្តដំបូងបំផុតពីប្រទេសកម្ពុជា ដែលបានឈរក្នុងបញ្ជីភាពយន្តភាសាបរទេសឆ្នើមទាំង ៥ នៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតភាពយន្តអូស្ការ។ នេះជាការជួយលើកកម្ពស់វិស័យភាពយន្តកម្ពុជា និងមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ បើទោះបីជាជ័យជម្នះពានរង្វាន់ភាពយន្តបរទេសល្អជាងគេបានទៅលើរឿង The Great Beauty របស់ប្រទេសអ៊ីតាលីយ៉ាងណាក្ដី៕
អានអត្ថបទ៖ វីជេ មីនជីន សមត្ថភាពនិយាយភាសាចិនមិនធម្មតា!
អានអត្ថបទ៖ ប៉ុបពី សង្ឃឹមផ្ទុះឡើងវិញ ជាមួយ រឿង “ប៉ុបពីទៅហូលីវូដ”
អត្ថបទ៖ សំ ជំនាញ