សាវីន ហ្វីលីព ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​ក្បួន​ផ្សព្វផ្សាយ​កុន​ថៃ

  • 2015-09-22 21:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ភ្ជាប់​នូវ​រូបភាព​ក្បួន​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​របស់​ទូរទស្សន៍ក្នុង​ស្រុក​មួយផង​នោះ ​លោក សាវីន ហ្វីលីព បាន​បង្ហាញ​អារម្មណ៍​សោកសៅ​លើ​គណនី​ Facebook ថា​ លោក​គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ ខណៈ​ឃើញ​ភាពយន្ត​ថៃ​កំពុង​រាលដាល​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា សូម្បី​តាម​ស្ថានីយ​ទូរទស្សន៍​នានា​។

 

 

តារា​សម្ដែង​រូប​នេះ ​បាន​សរសេរ​ក្នុង​អត្ថន័យ​ជា​ភាសាអង់គ្លេស​បក​ជា​​ខ្មែរ​ថា៖ "ទឹក​ភ្នែក​របស់​ខ្ញុំ​បាន​ស្រក់​ចុះ ពេល​ឃើញ​ភាព​យន្ត​ថៃ​ទាំង​នេះ ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​នៅ​ទី​ក្រុង​ដូច​រូប​ថត​បាន​ភ្ជាប់​ជួន..... ព្រោះ​ភាពយន្ត​ខ្មែរ​នឹង​ស្លាប់​ទៅ​ឆាប់ៗ។ តើ​ខ្មែរ​ដែល​មាន​ទេព​កោសល្យ​ទាំង​អស់​នឹង​រស់នៅ​បែប​ណា​វិញ? ជា​ពិសេស សិល្បករ-សិល្ប​ការិនី ដែល​ចិញ្ចឹម​ជីវិត​ដោយ​សិល្បៈ"។

 

ឯកអគ្គរាជទូត​សុឆន្ទៈ​មូលនិធិ​អង្គការ CGF ​រូប​នេះ​បន្ថែម​ទៀត​ថា ក្នុង​នាម​តារា​សម្ដែង​កម្ពុជា ១ រូប ​លោក​មាន​ការ​សោកស្ដាយ​ចំពោះ​រឿង​នេះ និង​កំពុង​ស្វែង​រក​ជំនួយ​ពី​រាជ​រដ្ឋាភិបាល ដើម្បី​មាន​ចំណាត់​ការ​ណា​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​លើក​ឡើង ក្នុង​ការ​ថែរក្សា​វប្បធម៌ និង​សិល្បៈ។ ជា​ពិសេស ភាពយន្ត​​ផ្ទាល់​ខ្លួន​របស់​ជាតិ​ខ្មែរ​យើង។

 

ទោះ​បី​ជា​យ៉ាង​ណា Sabay មិន​អាច​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម​ពី​តារា​សម្ដែង​ខាង​លើ​នោះ​ទេ ខណៈ​ទូរសព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។ ប៉ុន្តែ​កន្លង​មក លោក​មាន​ប្រតិកម្ម​ជារឿយៗ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាក់​ផ្សាយ​ទូរទស្សន៍​ស្ទើរ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឱ្យ​ភាពយន្ត​ខ្មែរ​ប្រឈម​នឹង​ការ​គំរាមកំហែង ឬ​ចុះ​ខ្សោយ។

 

ថ្មីៗ​នេះ​សមាគម​ភាពយន្ត​កម្ពុជា និង​ សមាគម​សិល្បករ​ខ្មែរ ក៏​បាន​ធ្វើ​លិខិត​រួម​គ្នា​មួយ ផ្ញើ​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ដើម្បី​ជួយ​អន្តរាគមន៍​រួច​ហើយ​ដែរ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាក់​បញ្ចាំង​កុន​បរទេស​នៅ​ក្នុង​ម៉ោង​មាស​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា​ក្នុង​ស្រុក។ ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ឆាយ បូរ៉ា បាន​អះអាង​ថា លិខិត​នោះ​ក៏​បាន​ចម្លង​ជួន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង ​ក្រសួង​ព័ត៌មាន​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា ពេល​នេះ​លោក​កំពុង​រង់​ចាំ​ទទួល​ការ​ឆ្លើយ​តប​ពី​ខុទ្ទកាល័យ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​នៅ​ឡើយ៕

 

អាន​អត្ថបទ៖  ភិន សុដាលីស និង ប៉ែន ចំរុង នាំ​គ្នា​ទៅ​ចុះ​អេតាស៊ីវិល​ត្រៀម​រស់​នៅ​ជុំ​គ្នា

អាន​អត្ថបទ៖  បេក្ខភាព Cambodian Idol ម៉ៅ ហាជី៖ “ខ្ញុំ​មិនមែន​ជា​មនុស្ស​​​វាយឫក​ទេ”

 

អត្ថបទ៖ សំ ជំនាញ