អនុស្សាវរីយ​ស្នេហ៍​ក្រោម​អាយុ ១៦ ឆ្នាំ

  • 2015-09-28 20:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​សិស្ស​ស្រី​ទាំងឡាយ ឡៃស៊ីម ជា​នារី​ស្អាត​ម្នាក់​ក្នុង​វ័យ​បឋមសិក្សា។ មាន​​សិស្ស​ប្រុស​​មិន​តិច​ទេ​ដែល​​ចង់​ញុះ​ ចង់​លេង ចង់​នៅ​ក្បែរ និង​​យក​ចិត្ត​នាង ហើយ​ក្នុង​នោះ​​មាន​ខ្ញុំ​ម្នាក់​ដែរ។ រាល់​ថ្ងៃ​ខ្ញុំ​បន់​សូម​​កុំ​ឱ្យ​មាន​​ពេល​យប់ ហើយ​បើ​យប់​បន់​សូម​ឱ្យ​មេឃ​ភ្លឺ​ឆាប់ៗ អាង​បាន​ទៅ​​​ជួប​ទេព​ធីតា​បណ្ដូល​ចិត្ត។ តើ​​អាច​និយាយ​បាន​ទេ​ថា នេះ​ជា​ស្នេហា​ដំបូង​របស់​ខ្ញុំ​ឬ? អ្ហើយ​ចំ​មែន​ខ្ញុំ! មិន​ទាន់​គ្រប់​អាយុ​ផង​ចេះ​​ស្រឡាញ់​ស្រី​ទៅ​ហើយ!

 
 

ស្នាម​ញញឹម

 

ញាំ​បាយ​​យប់​ហើយ ខ្ញុំ​មិន​រំលឹក​​មេរៀន​ទេ​ព្រោះ​អី​រវល់​តាមដាន​​​រឿង " អ្នក​ក្លាហាន​ដាវ​​ប្រាំ" មើល​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ទូរទស្សន៍​មើល​​មុខ​វិញ។ រំពេច​នោះ មាន​ដៃ​វើកៗ​មក​អង្អែល​ជើង​​ខ្ញុំ មាន​អី​មួយ​ជើង​ផាំង! ឮ​សំឡេង​ស្រែក​ថា​អូយ!

 

-ប៉ា! ប៉ា! ប៉ា​កើត​អី​ហ្នឹង! -អា​ចាងៃ​យក៏! អញ​ខំ​ទៅ​ដាស់​ឱ្យ​ចូល​មុង បែរជា​ទ​មុខ​​ឯង​ម៉ាជើង​ល្ងឹត​មុខ​ឈឹង...យ៉ាប់​ណាស់​អានេះ​វើយ! -សុំទោស​ប៉ា ​មិញ​ញ៉ុម​ភ្ញាក់...​

នឹក​ឃើញ​ដល់​រឿង​ហ្នឹង អាណិត​ប៉ា​ណាស់ មុខ​គាត់​ឡើង​ក្រហម ទឹកភ្នែក​រលីងរលោង។ អ្ហើយ...មិន​ដឹង​ធ្វើ​ម៉េច​ទេ នេះ​ជា​ទម្លាប់​ទៅ​ហើយ ឱ្យ​តែ​ដេក​លក់​ដឹង​តា​ភ្ញាក់​ចឹង​ហ្មង។ នឹង​ឃើញ​សម្រស់​ផូរផង់​ដូច​​ហង្ស​សួគ៌​របស់ ឡៃស៊ីម ខ្ញុំ​​ដេក​មមើ​ហៅ​រក​ឈ្មោះ​នាង​ទាំង​កណ្ដាល​អាធ្រាត្រ។

 

-អាវ៉ា! យប់​មិញ​​ហ្អែង​ហៅ​ឈ្មោះ​ណា​គេ? -ទេ... អត់​ទេ​ម៉ែ! មាន​អី​ណា! -អា​ហ្នឹង​បែប​មមើ​ហៅ​ឈ្មោះ​ស្រី​ស្នេហ៍​វា​ហ្មង -មមើ​ថា​ម៉េច​ទៅ​ម៉ែ? -ឮ​ថា ឡៃស្មឹម ស្មឹម ម៉េច​ទេ​អ្ហា៎ អញ​ស្ដាប់​អត់​ច្បាស់​សោះ -ឡៃស្មឹម

 

ខ្ញុំ​ញញឹម​ទាំង​ហួស​ចិត្ត តែ​មិន​​តម​នឹង​គាត់​​ទៀត​ទេ ព្រោះ​ត្រូវ​រឿង​ម៉ាច់។ ចំណែក​ប៉ា​វិញ ងើប​ចេញ​​ពី​មុង គ្រវី​ក្បាល​ផង ខ្ទប់​ភ្នែក​ផង​ទំនង​​ឈឺ​ខ្លាំង​ហើយ​ ក្រោយ​​ត្រូវ​បាត​ជើង​រន្ទះ​របស់​ខ្ញុំ។ ឃើញ​អីចឹង​ខ្ញុំ​ក៏​លេង​ជាមួយ​គាត់៖

 

-ប៉ា! ភ្នែក​ប៉ា​​ត្រូវ​អ្វី​ហ្នឹង! ដូច​ស្នាម​កណ្ដាប់​ដៃ​របស់​ម៉ែ -កណ្ដាប់​ដៃ​តា ​ហ្អែង​អី​! ត្រូវ​បាត​ជើង​រន្ទះ​​ហ្អែង​ហ្នឹង​អ្ហា៎!

 

ថ្វី​ត្បិត​គាត់​ជា​ប៉ា​​ពិត​មែន ប៉ុន្តែ​គាត់​​លេង​ជាមួយ​កូនៗ យ៉ាង​ស្និត​ប៉ផុត...ពេល​ខ្លះ​​លេង​សើច ដូច​បងប្អូន​អីចឹង។ ចំណែក​ឯ​តា​របស់​ខ្ញុំ ឮ​អីចឹង​​បាន​និយាយ​ទាំង​មិន​ដឹង​​​រឿង​ថា៖ -អី​គេ​វើយ រឿង​តែ​​ពីរ​នាក់​ឪ​កូន​សោះ​រាលដាល​ដល់​អញ​ដែរ -មាន​អី​ណា​ពុក -ចុះ​មិញ​អញ​ឮ​អាណា​ថា "តា​ហ្អែង​អី!" -អត់​ទេ​ពុក អា ពៅ វា​និយាយ​ពី​សាច់​រឿង​កាល​ពី​យប់​មិញ​តា ពុក

 

ហាស ហាស... (ខ្ញុំ​សើច) ប៉ា​ញាក់​ភ្នែក​ធ្វើ​សញ្ញា​ដាក់​ខ្ញុំ ព្រោះ​ខ្លាច​តា​ដឹង...ខ្ញុំ​សើច​បិទ​មាត់​មិន​ជិត​សោះ ពេល​ស្ដាប់​ចាប៉ី​ឆ្លើយ​ឆ្លង​​រវាង​​តា និង​ប៉ា​ចប់។ ម៉ោង​ជាង ៦ ខ្ញុំ​​រួត​រះ​មុជទឹក​​ទៅ​សាលា ដើម្បី​ជួប​ទេព​អប្សរ​។

 

-អា ពៅ មុជ​ទឹក​ទៅ​ណា​លឿន​មេស! អត់​កើប​អាចម៍​កាបី​សិន​ទេ​អី... -អត់​ទេ​ម៉ែ ញ៉ុម​ប្រញាប់​ទៅ​បោស​ថ្នាក់ ព្រោះ​ថ្ងៃនេះ​ជា​វេន​ញ៉ុម។ ទាញ​អា​ណៃហត (មិនមែន​ទំនើប​ទេ) ក្រាក ដាក់​គូទ​ប៉ុក ទាំង​កង់​ទាំង​ញ៉ុម​ដួល​ទីណាត់ទីណែង...ម៉ែ​សួរ៖ -ហ្អែង​កើត​អី​ អា ពៅ? -ទល់​ផ្អក​ហើយ​ម៉ែ -ចុះ​វា​ថី? -កង់​របូត​កែប ជន្លួញ​ចាក់​គូទ​ឈឺ​ណាស់... ម៉ែ​ឃើញ​អីចឹង គាត់​សើច​ឡើង​ហៀរ​ទឹកភ្នែក ស្ទើរ​ដើរ​មិន​​រួច... -មិន​ចេះ​ប្រយ័ត្ន​សោះ​ហ្អែង​នេះ -អូយ​ឈឺ​ណាស់!

 

លើក​កង់​ដាក់​កែប​រួច ញ៉ុម​ចាប់​ផ្ដើម​ជិះ​វាវ​ទៅ​ដល់​សាលា តែ​គ្មាន​សិស្ស​សោះ។ សល់​ពេល​ច្រើន​ដែរ ញ៉ុម​​ជិះ​ប៉ារ៉េតៗ​ទៅ​ផ្ទះ ឡៃស៊ីម។​ ជិះ​ដល់​មុខ​ផ្ទះ ​ញ៉ុម​ធ្វើ​របូត​ច្រវាក់។

 

ដាក់​បណ្ដើរ ក្រឡេក​ភ្នែក​មើល​ផ្ទះ​នាង​បណ្ដើរ។ ក្រឡេក​​ម៉ាឆាច់​ទៀត ម៉ែ​អើយ​ស្រាប់​តែ​ក្បាល​ប៉ិន​ល្អី​​អើត​តាម​ទ្វារ​លឹមៗ​ធ្វើ​ឱ្យ​ញ៉ុម​ភ្ញាក់​ឱ្យ​ព្រើត ស្ទើរ​រត់​ចោល​កង់​។

 

-ស្អី​ទេ​អ្ហា៎! ង៉ៃ​ណា​មិន​ខូច​មក​ខូច​ង៉ៃ​ហ្នឹង! ឡៃស៊ីម ​ដើរ​​មក​បើក​​ច្រក​ផ្ទះ ឃើញ​ក៏​សួរ៖ -ពៅ មក​ពី​ណា? ធ្វើ​អី​ហ្នឹង? -មិញ​ញ៉ុម​ដឹក​មីង​ទៅ​ថ្នល់ ជិះ​មក​វិញ​ក៏​​របូត​ច្រវាក់​ទៅ! -មាន​អី​ឱ្យ​ខ្ញុំ​ជួយ​អត់? -អឹម ... មិន​អី​ទេ! ញ៉ុម​ឆ្លើយ​ទាំង​បេះដូង​​លោត​ដុកដាក់ៗ ស្ទើរ​ផ្ទុះ​ចេញ​មក​ក្រៅ។ -ទៅ​រៀន​អត់​ព្រឹក​នេះ? -ចាស! ទៅ... ថ្ងៃ​នេះ​មិន​មែន​ថ្ងៃ​អាទិត្យ​អី​ណា -ចុះ​សក់​ក្បាល​កាលណា ឱ្យ​ជាង​ឈូស​ចេញ? បែប​ចៃ​ប្រុស ចៃ​ស្រី ចៃ​ខ្ទើយ​ច្រើន​ហើយ​មើល៍​ទៅ? ភ្នែក​សម្លក់​ថ្មែ ខាំ​មាត់​ស្ទើរ​​ដាច់ ចំណែក​ដៃ​ទាំង​ពីរ​មួល​ខ្ញុំ​ឡើង​រលាត់...

 

-អ៊ូយ! នែ... កុំ Doចឹង! ​ក្រែង​មីង​ឃើញ តិច​គាត់​ថា​ខ្ញុំ​លូកលាន់​អី​ទៅ... -សម្ដី​ថ្លោះ​ណាស់​ណ៎

 

នាង​ញញឹម​ខ្ជឹប​ព្រោះ​ដឹង​ថា ខ្ញុំ​ញុះ​ស្រឡាញ់​​​ធ្វើ​និយាយ​បន្លប់​ទៅ​អី​ផ្សេង រួច​ដើរ​ចូល​ផ្ទះ​វិញ...ព្រះ​កន្ធីង​របស់​នាង​​ធំ​ឡើង​កាម៉ាងៗ​ រ៉េ​ទៅ​ឆ្វេង រ៉េ​ទៅ​ស្ដាំ ធ្វើ​ឱ្យ​ភ្នែក​​ខ្ញុំ​ខំ​សម្លឹង​មើល​ឡើង​ផ្សា។ ចាប់​តាំង​ពី​ពេល​នោះ យើង​ទាំងពីរ​ហាក់​ចុះ​សម្រុង​គ្នា និង​មាន​ទំនាក់​ទំនង​កាន់​តែ​ស្និត​ស្នាល។ ខណៈ​មិត្តភ័ក្ដិ តែង​​នាំ​គ្នា​​ចំអន់​លេង​​ស្ទើរ​គ្មាន​លុះ​ថ្ងៃ។ ស៊យ​​ជាន់​ស៊យ ឡៃស៊ីម ជា​កូន​អ្នក​ផ្សារ​ស​​​ស្អាត​ឆ្លាត​ថែម​ទាំង​រៀន​ពូកែ​ទៀត តែ​ឆ្នាស​បន្តិច។ ចំណែក ញ៉ុម​​​ក៏​មិន​ណយ​ មុខ​ស្អាត​រាង​សង្ហារ​ម៉ាបេន​មិន​ចាញ់ តាវ មីង​សឺ ប៉ុន្មាន​​ដែរ​ហ្នឹង ទាស់​តែ​អត់​សូវ​មាន​លុយ​ចាយ​នឹង​គេ​ព្រោះ​ម៉ែ​ឱ្យ​តែ ៥០០៛ ទៅ ១០០០៛ ហ្នឹង។

 

ព្រឹក​មួយ​នោះ ពេល​ចេញ​លេង ស៊ីម​និង​​មិត្តភ័ក្ដិ​ស្រីៗ​​គេ​ពីរ​​នាក់​បាន​ហៅ​ញ៉ុម​ទៅ​​ញាំ​បបរ​គ្រឿង។ អី​ក៏​ចៃដន្យ​ម៉េស ស៊ីម និង គ្នា​គេ​សុទ្ធតែ​ភ្លេច​​កាបូប​លុយ​ក្នុង​ថ្នាក់។ -អូ!...ពៅ សុំ​ចេញ​លុយ​សិន​ទៅ​ណា... ហេតុ​តែ​ស្រឡាញ់ ខំ​ធ្វើ​ចរិត​ប្រុស​ស្អាត ញ៉ុម​តប​ទាំង​អឿ​ថា៖ -បាទ! មាន​​ហ្អី... រួច​គេ​ដើរ​ទៅ​បាត់ -អ៊ី​អស់​ប៉ាម៉ាន? -ម៉ាចាន ៥០០៛ ទាំង​អស់ ២០០០៛

 

លូក​ហោប៉ៅ​ខ្វាច់​ទាញ​ខ្វាក​សល់​តែ ៧០០៛គត់។ ស៊យ​ធំ​ហើយ​ខ្ញុំ យាយ​ប៉ិក​ហ្នឹង​មាត់​ដាច​ផង។ ដើរ​ទៅ​ជិត​គាត់​ខំ​ខ្សឹប​ប្រាប់​គាត់​​តិចៗ​ថា៖

 

-អ៊ី​ញ៉ុម​អត់​បាន​យក​លុយ​ម៉ោ​ទេ សុំ​ជំពាក់ ១៥០០៛សិន? ចាំ​ស្អែក ញ៉ុម​យក​មក​សង។ -អី​គេ ២០០០៛ ឱ្យ​អញ​តែ ៥០០៛ -អ៊ី​ថា​កុំ​និយាយ​ឮ​ពេក! -អើ​អាណា​ជំពាក់ អញ​ស្រែក​ឮ​ៗ​ចឹង​... -ចប់​ប៉ា​ដោយ ...ខ្មាស​គេ​ង៉ោង​ខ្ញុំ...

 

ថ្ងៃ​ដែល​ខ្ញុំ​រង់ចាំ

 

ទោះបី​កាយ និង ចិត្ត​គំនិត​នៅ​ក្មេង​យ៉ាងណា​ក្ដី ប៉ុន្តែ​អារម្មណ៍​ស្រឡាញ់​នឹកនា​របស់​ខ្ញុំ​មិន​ចាញ់​មនុស្ស​ធំ​ប៉ុន្មាន​ទេ។ កាន់​តែ​ស្និទ្ធិ​ ក្ដី​​ស្រឡាញ់​កាន់​​តែ​ធំ​ប្រៀប​បាន​នឹង​នំ​ប៉ោង​​ត្រូវ​ខ្លាញ់។​ ម្ង៉ៃៗ ខ្ញុំ​ចង់​ឃើញ​តែ​មុខ​គេ...ចាំ​បាន​ថា​ថ្ងៃ​មួយ ញ៉ុម​បាន​សរសេរ​សំបុត្រ​សារភាព​ស្នេហ៍​ទៅ​កាន់​នាង​ទៀត​ផង។

 

បន្ទាប់​ពី​ទទួល​សំបុត្រ នាង​និង​គ្រួសារ​បាន​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ភ្នំពេញ...ស្រវឹង​ស្នេហ៍​​យ៉ាប់​ម៉េស​ណ៎! អន្ទះអន្ទែង​ខ្លាំង​ជាង​ស្រវឹង​ស្រា​ពស់​វែក​ទៅ​ទៀត។ បី​ថ្ងៃ​ក្រោយ​ចម្លើយ​ ឡៃស៊ីម គឺ... គឺ... អ្ហើយ...ដូច​ខ្ញុំ​គិត​អីចឹង គឺ OK។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ក៏​លោត​ទន្ទ្រាំ​លើ​ផ្ទះ ស្រែក​ជយោ! ...ឮ​សូរ​ភ្លូច … ជើង​ញ៉ុម​ផុង​រនាម​ត្រឹម​ក្រលៀន ទល់​ផ្អក​​ម្ដង​ទៀត ... អ៊ូយ! កម្ម​អី​កម្ម​យ៉ាង​នេះ! ។ ស្រឡាញ់​គ្នា​បាន​កន្លះ​ឆ្នាំ ញ៉ុម​ដាច់​ចិត្ត...(ដាច់​ចិត្ត​បែក​ឬ​យ៉ាង​ណា?)

 

-ប៉ា! ញ៉ុម​​ចង់​បាន​ប្រពន្ធ

 

-ស្អី​គេ​អា ពៅ ក្បាល​ប៉ិន​ផ្លែ​ក្រសាំង​ចង់​បាន​ប្រពន្ធ -ញ៉ុម​ស្រឡាញ់​កូន​ពូ សៀង នៅ​ក្បាល​ថ្នល់

 

...ម៉ែ ប៉ា បង​ប្អូន ញ៉ុម​សើច​ឡើង​គាំង បង្អាប់​ខ្ញុំ​ធ្ងន់​ក្បាល​កណ្ដុក។ ទោះ​យ៉ាងណា​ម្ង៉ៃៗ ខ្ញុំ​ស្រែក​ផង​យំ​ផង រំអុក​មិន​ឱ្យ​គាត់​បាន​ដេក​បាន​ពួន​អី​ឡើយ។ ជ្រេញ​ពេក ប៉ា និង​ម៉ែ​សម្រេច​ចិត្ត​ទៅ​សួរ...ទី​បំផុត​ក្ដី​ស្រមៃ​ញ៉ុម ក្លាយ​ជា​ការពិត...

 

ពិធី​កាត់​សក់​បាន​ចាប់​ផ្ដើម តារា​កំប្លុកកំប្លែង​លេង​សើច​យ៉ាង​ក្អាកក្អាយ ធ្វើ​ឱ្យ​បេះ​ដូង​ញ៉ុម​លោត​ឡើង​ញាប់​ភ័យ​ផង​​អរ​ផង​ឈឺ​ជុះ​តិច​ឈឺ​នោម​តិច។ អ្វី​ដែល​ទ្រាំ​មិន​បាន​គឺ​ហេវ ស្ពឹក​ដៃ​ស្ពឹក​ជើង សឹង​ឈរ​មិន​នឹង ព្រោះ​ចាស់ៗ​ហាម​មិន​ឱ្យ​ហូប​អី​ខ្លាច​ទល់​ពោះ ទម្រាំ​ការ​ចប់ ល្ងឹត​មុខ​ឈឹង។ ហ៊ឺ...! អ្ហើយ! ហេតុ​អី​ការ​ហត់​ម៉េស​ណ៎...!

 

ថ្ងៃ​ហត់​កន្លង​ហួស ថ្ងៃ​បុក​ពោះ​ចូល​មក​ដល់ បេះ​ដូង​ញ៉ុម និង​ប្រពន្ធ​​​លោត​ដុកដាក់ៗ បណ្ដាក់​​គ្នា​លាន់​ដូច​ស្គរ​​ខែ​វស្សា។ អ្ហើយ... មិន​ដឹង​ធ្វើ​ម៉េច​ទេ! ព្រោះ​មិន​ធ្លាប់... ​គេ​គង​ញ៉ុម​ផ្លាប់ អារម្មណ៍​ញ៉ុម​​អណ្ដែតអណ្ដូង​ហោះ​ស្ទុយ​ដល់​នគរ​ស្រី​ល្វោ មាន​អី​ខ្លួន​ញ៉ុម​ឡើង​ក្ដៅ​ដូច​គេ​ទះ​បី​កំផ្លៀង។ ទ្រាំ​មិន​បាន ញ៉ុម​ដោះ​អាវ​ប្រពន្ធ​ខ្វាច់ ថើប​ឡើង​លើ​ចុះក្រោម​ខ្សឺតៗ...កំពុង​តែ​ក្រអូប​ឈ្ងុយ​ផង មិន​ដឹង​មី​ឡាបល់​យក៍​ស៊ី​អី​ខុស ផោម​សីត​ឈួល​ពេញ​ច្រមុះ...

តែ​យ៉ាងណា ក្លិន​ពោរពេញ​ដោយ​​ឧស្ម័នកាបូនិច​នេះ មិន​បាន​បង្អាក់​អារម្មណ៍​ត្រេក​ត្រអាល​របស់​ញ៉ុម​បាន​ទេ។

 

ច្រមុះ​ដ៏​ស្រួច​របស់​ញ៉ុម​ក៏​មិន​ចាំ​យូរ គឺ​បាន​អូស​បង្ហួស​ដល់​កូន​ភ្នំ​ព្រះ​សុមេរុ​ដែល​មាន​កំពូល​ប៉ិច​ប៉ិច រំលេច​ដោយ​ពណ៌​ក្រហម​ប្រឿង​​​គួរ​​ឱ្យ​ចង់​ខាំ...រំកិល​ចុះ​ក្រោម​រហូត​ដល់​ល្អាង​អម្រឹត​ ឃើញ​ច្រក​ចូល​ភ្លាម ម៉ែ​អើយ...! ទ្រាំ​មិន​បាន​ទេ...ញ៉ុម​​ស្រាត​ខោ ខំ​ប្រឹង​សម្រុក​យ៉ាង​ចាស់​ដៃ រីឯ​ប្រពន្ធ​​វិញ​ ខ្វាវ​ក្រញាំ​ខ្លួន​ប្រាណ​ញ៉ុម​ឡើង​ហូរ​ឈាម​ព្រុយៗ...

 

សំណុំ​រឿង​អាថ៌កំបាំង​ក្នុង​ល្អាង​អម្រឹត​ បាន​រង្គោះរង្គើ​កក្រើក​ពេញ​​រាត្រី​ផ្សំ​ដំណេក ទី​បំផុត​បែក​ទឹក​ខ្ចាយ ហូរ​ប្រឡាក់​ខោ​អស់! ខ្ញុំ​ស្រែក​​ឡើង​ភ្លាត់​មាត់​ផ្អើល​គេ​ផ្អើល​ឯង។ ដក​​ចេញ​ភ្លាម​ខ្ញុំ​មើល​ភ្លែត ក្បាល​​កម្សត់​របស់​ញ៉ុម​ហូរ​ឈាម​រឹមៗ​ពក​ប៉ិន​ផ្លែ​ស្លា។ អូយ! ​ឈឺ​ណាស់... មិន​ធ្លាប់​​ចឹង​សោះ​ពី​មុន​មក...មិន​ស្រួល​​​ទេ! ដប​ទឹក​សុទ្ធ​របស់​លោក​គ្រូ ចោល​មក​លើ​ក្បាល​ខ្ញុំ​ពិត​ជា​រឹង​មែន សុំ​សរសើរ។

 

- អាពៅ​ ឯង​ដេក​ស្រមៃ​ដល់​ណា​ហើយ​អ្ហា! ទឹក​មាត់​ហូរ​កខ្លាក់... ទៅៗ​​លុប​មុខ​ចេញ!

 

ទីបំផុត​​សាច់​រឿង​ដ៏​ផ្អែម​ល្ហែម​​​ផើត​ពោះ​របស់​ខ្ញុំ ត្រូវ​រលាយ​ខ្សុល​ព្រោះ​នោះ​គ្រាន់​តែ​ជា​ការ​យល់​សុបិន​តែ​ប៉ុណ្ណោះ។ សំឡេង​សើច​បង្អាប់​ផ្ទុះ​លាន់​ដូច​គ្រាប់​បែក​ពេញ​ត្រចៀក​ខ្ញុំ...ខ្ញុំ​ខ្មាស​គេ​ខ្លាំង​ណាស់​​ក៏​ឆក់​​កាតាប​ទៅ​ផ្ទះ​បាត់។

 

បន្ទាប់​ពី​អាន​រឿង​នេះ តើ​ប្រិយមិត្ត​យល់​យ៉ាងណា? តើ​ធ្លាប់​មាន​លួច​ស្រឡាញ់​នរណា​ម្នាក់​ទេ​កាល​នៅ​រៀន​​បឋមសិក្សា? ប្រសិន​បើ​​មាន តើ​អ្នក​ធ្លាប់​ស្រមើស្រមៃ ដូច​អត្ថបទ​ខាងលើ​ដែរ​អត់?

 

ដោយ៖​ ឌូគូ ​​

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!