ទីលានហែលទឹកជិត២លានដុល្លារនៅកំពង់ចាម គ្រោងសម្ពោធនៅខែវិច្ឆិកាខាងមុខ
- 2015-09-29 16:24:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលានហែលទឹកជិត២លានដុល្លារនៅកំពង់ចាម គ្រោងសម្ពោធនៅខែវិច្ឆិកាខាងមុខ
ចន្លោះមិនឃើញ
ទីលានហែលទឹកនៅខេត្តកំពង់ចាមដែលបានធ្វើឡើងតាមស្តង់ដារអន្តរជាតិនិងចំណាយថវិកាអស់ប្រមាណជា១លាន៨សែនដុល្លារនោះ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅខែវិច្ឆិកាខាងមុខនេះ ដោយមានការកាត់ខ្សែបូពីសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ផងដែរ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជាបានផ្ដល់កិច្ចសម្ភាសន៍តាមទូរសព្ទជាមួយ Sabay ព្រឹកនេះថាទីលានហែលទឹកនៅខេត្តកំពង់ចាមបានសាងសង់រួចជាស្រេចហើយ ដោយចាំតែដល់ថ្ងៃល្អបើកសម្ពោធជាផ្លូវការប៉ុណ្ណោះ។ ចំពោះពេលវេលាពិតប្រាកដ កូនប្រុសទី៣របស់លោក ហែម ថុន រូបនេះបានបញ្ជាក់ថាអាចក្នុងខែវិច្ឆិកាខាងមុខនេះ ដោយមុនថ្ងៃសម្ពោធ៣ថ្ងៃ នឹងមានរៀបចំការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែនផងដែរ។ ការរៀបចំដូច្នេះគឺមានគោលបំណងចង់ឱ្យសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួម បំពាក់ជយលាភីដល់កីឡាករដែលបានលេខមួយតែម្ដង ដើម្បីញាំងបរិយាកាសឱ្យកាន់តែអធិកអធម។
ទីលានហែលទឹកលក្ខណៈស្ដង់ដារអន្តរជាតិនេះដែរ គឺជាស្នាដៃចុងក្រោយរបស់លោក ហែម ថុន ដែលជាអ្នកមានគំនិតផ្ដួចផ្ដើមឡើងទុកសម្រាប់កូនចៅជំនាន់ក្រោយ ប៉ុន្តែគួរឱ្យសោកស្ដាយលោកមិនទាន់បានឃើញសមិទ្ធផលមួយនេះសម្រេច១០០%ផងក៏លាចាកលោកនេះទៅ។ ខណៈដែលពេលនេះ កូនប្រុសទី៣របស់លោកដែលបានស្នងតំណែងអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក បានបន្តវេននឹងកំពុងតែសម្រេចបំណងប្រាថ្នាបង្កើតទីលានហែលទឹកនេះហើយ៕
ចុចអាន៖៦ សំនួរ ជាមួយលោក ហែម គីរី កាន់តំណែងអគ្គលេខាធិការកីឡាហែលទឹកជំនួសឪពុក
អត្ថបទ៖ មុន្នី រម្យ