Canon PhotoMarathon 2015 ឆ្នាំ​នេះ​អស្ចារ្យ​យ៉ាង​ណា​ទៅ?

  • 2015-10-01 22:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Canon PhotoMarathon 2015 នឹង​វិលត្រឡប់​មក​សាជាថ្មី​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ថត​រូប​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​រំពឹង​ទុក​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ១ ០០០ នាក់ ។

 

 

ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី ៥ ដែល​ព្រឹត្តិការណ៍​ប្រកួត​ថតរូប​ដ៏​អស្ចារ្យ Canon PhotoMarathon បាន​រៀបចំ​ជា​ថ្មី​ដែល​នឹង​ប្រមូល​ផ្តុំ​អ្នកថតរូប​ពី​គ្រប់ទិសទី​ ដើម្បី​ប្រកួតប្រជែង​គ្នា​លើ​ប្រធានបទ​ថត​រូប​ចំនួន ៣ ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។

 

 

ប្រិយមិត្ត​ជាច្រើន​ក៏​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​នេះ។ មុន​បើក​ដំណើរការ​ប្រកួត​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ តើ​ប្រិយមិត្ត​ដឹង​អ្វី​ខ្លះ​ពី​ការ​ប្រកួត Canon PhotoMarathon ក៏​ដូចជា​ការ​រៀបចំ​នៅ​ឆ្នាំ​នេះ? Sabay បាន​សាកសួរ​អ្នក​នាង ឈាវ សុវណ្ណនី បុគ្គលិក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​និង​ក៏​ជា​តំណាង​ក្រុមហ៊ុន iQlick ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ថត​រូប Canon PhotoMarathon 2015។

 

Sabay៖ តើ​ព្រឹត្តិការណ៍​ប្រកួត​ថត​រូប Canon PhotoMarathon មាន​ប្រវត្តិ​រៀបចំ​ឡើង​តាំង​ពី​ពេល​ណា​និង​កើត​ឡើង​យ៉ាង​ដូចម្ដេច​? ប្រទេស​កម្ពុជា​រៀបចំ​ប៉ុន្មាន​ដង​ហើយ?

 

ឈាវ សុវណ្ណនី៖ Canon PhotoMarathonត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ចេញ​ពី​ក្រុមហ៊ុន Canon ប្រទេស​សិង្ហបុរី​ដែល​ជា​កម្មវិធី​ប្រកួត​ថតរូប​ដ៏​ធំ​មួយ ហើយ​ដែល​មាន​ការ​ប្រមូល​ផ្តុំ​អ្នក​ថត​រូប​ពី​គ្រប់ទិសទី ចូលរួម​ប្រកួត​ថតរូប​ពេញ​មួយ​ថ្ងៃ។

 

ដោយ​គិត​ចាប់​ពី​ឆ្នាំ ២០០២ មក កម្មវិធី​នេះ​រៀបចំ​ឡើង​អស់​រយៈពេល​ជាង ១៣ ឆ្នាំ​តាម​ប្រទេស​ចំនួន 10 នៅ​អាស៊ី​ខាងត្បូង និង អាស៊ីអាគ្នេយ៍​ដូចជា សិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី ប្រ៊ុយណេ កម្ពុជា ហុងកុង និង តៃវ៉ាន់។ ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា Canon PhotoMarathon បាន​រៀបចំ​ដំបូង​ក្នុង​​ឆ្នាំ ២០១១ ​​គិត​មក​ទល់​ឆ្នាំ ២០១៥ នេះ​មាន​រយៈពេល5ឆ្នាំ​ហើយ​។

 

Sabay៖ Canon Photo Marathon 2015ដែល​នឹង​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ មាន​ការ​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​យ៉ាង​ណា​ខ្លះ?

 

ឈាវ សុវណ្ណនី៖ សម្រាប់​ Canon PhotoMarathon 2015ការ​រៀបចំ​មាន​លក្ខណៈ​ស្រដៀង​កាល​ពី​ឆ្នាំ​មុន​ដែរ ដោយ​យើង​ទទួល​អ្នក​ឈ្នះ​ចំនួន 18 សម្រាប់​ប្រភេទ​សិស្ស​និង​បើក​ទូលាយ។ ប៉ុន្តែ​ឆ្នាំ​នេះ​រឿង​ពិសេស​គឺ​អំពី​រង្វាន់។ យើង​ផ្តល់​ជូន​នូវ​កាមេរ៉ា​បែប​អាជីព​ម៉ាក Canon ទៅ​អ្នក​ឈ្នះ​ទាំងអស់។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​រំពឹង​ទុក​ថា​ចំនួន​អ្នក​ចូលរួម​នឹង​មាន​ការ​កើន​ឡើង​រហូត​ដល់​ ១០០០ នាក់។

 

Sabay៖ តើ​មាន​លក្ខខណ្ឌ​តម្រូវ​យ៉ាង​ណា​ខ្លះ​សម្រាប់​ការ​ចូលរួម​កម្មវិធី​នេះ?

 

ឈាវ សុវណ្ណនី៖ កម្មវិធី​ប្រកួតប្រជែង​នេះ​មាន​លក្ខខ័ណ្ឌ 2 សម្រាប់​ឲ្យ​បេក្ខជន​ជ្រើសរើស​ក្នុង​ការ​ប្រកួត​គឺ​លក្ខខ័ណ្ឌ​សម្រាប់​សិស្ស​សាលា (Student Category) និង​លក្ខខ័ណ្ឌ​ប្រកួត​បើកទូលាយ (Open Category)។ លក្ខខ័ណ្ឌ​ប្រកួត​សម្រាប់​សិស្ស​សាលា (Student Category) បើក​សម្រាប់​ឲ្យ​បេក្ខជន​ដែល​មាន​អាយុ​ក្រោម18ឆ្នាំ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់ Canon ក្នុង​ការ​លើក​ទឹកចិត្ត​ឲ្យ​យុវជន​វ័យក្មេង កម្ពុជា​អភិវឌ្ឍន៍​នូវ​ចំណង់ចំណូលចិត្ត​របស់​ពួកគេ​ក្នុង​វិស័យ​ថតរូប។ អ្នកចូលរួម​ក្រោម​លក្ខខ័ណ្ឌ​ប្រកួត​សម្រាប់​សិស្សសាលា ក៏​ត្រូវ​គោរព​តាម​លក្ខន្តិកៈ​នានា​ព្រម​ទាំង​ប្រកួត​ក្រោម​ប្រធានបទ​ដូច​ទៅ​លក្ខខ័ណ្ឌ​ប្រកួត​សម្រាប់​អ្នកចូលរួម​ទូទៅ​ផង​ដែរ។ ប៉ុន្តែ​អ្នកចូលរួម​ក្នុង​លក្ខខណ្ឌ​នេះ នឹង​ទទួល​រង្វាន់​ខុស​ពី​លក្ខខណ្ឌ​ប្រកួត​សម្រាប់​អ្នកចូលរួម​ទូទៅ។

 

Sabay៖ តើ​អ្នក​ចូលរួម​នឹង​ទទួល​បាន​អ្វី​ខ្លះ សម្រាប់​ការ​ចូលរួម​កម្មវិធី​ប្រកួត​ថត​រូប Canon PhotoMarathon?

 

ឈាវ សុវណ្ណនី៖ សម្រាប់​អ្នក​ចូលរួម​នឹង​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​ពី​កម្មវិធី។ ក្នុង​នោះ​ពួកគេ​​ក៏​នឹង​មាន​ឱកាស​ក្លាយ​ជា​ជយលាភី​ក្នុង​កម្មវិធី​ជាមួយ​រង្វាន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ជាង​ឆ្នាំ​មុនៗ និង​​ការ​​អភិវឌ្ឍ​ជំនាញ​ថតរូប​កាន់​តែ​ប្រសើរ៕

 

Sabay៖ សម្រាប់​ការ​ផ្ដល់​ពិន្ទុ​ចំណាត់​ថ្នាក់​ជយលាភី តើ​មាន​ភាព​សុក្រឹត​យ៉ាង​ណា​ដែរ​​ដើម្បី​អ្នក​ចូលរួម​ពេញចិត្ត​និង​អាច​ទទួល​យក​បាន​?

 

ឈាវ សុវណ្ណនី៖ គណៈកម្មការ​វិនិច្ឆ័យ​របស់​យើង​គឺ​ជា​អ្នក​ថតរូប​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ហើយ​ដែល​ពួកគេ​មាន​បទពិសោធន៍​នៅ​ក្នុង​វិស័យ​ថតរូប​ជាច្រើន​ឆ្នាំ។ ពួកគេ​បាន​ទៅ​សិក្ខា​សាលា​រូបថត​ជាច្រើន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក និង​ក៏​ជា​សាស្ត្រាចារ្យ​ថ្នាក់រៀន Canon Imangin Acedemy (CIA)​របស់​ក្រុមហ៊ុន i-Qlick។ ដូច្នេះ​យើង​ប្រាកដ​ថា​ការ​ដំណើរការ​ការ​ជ្រើសរើស​អ្នក​ឈ្នះ​គឺ​មាន​ភាព​ត្រឹមត្រូវ​និង​សុក្រឹត​បំផុត។

 

Sabay៖ Canon PhotoMarthon បាន​ជួយ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​រូបភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ណា​ដែរ?

 

ឈាវ សុវណ្ណនី៖ ការ​រៀបចំ​ការ​ប្រកួត​នឹង​ជួយ​បណ្តុះ​ស្មារតី​និង​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ថតរូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​ផុលផុស។ ជាមួយ​គ្នា​នេះ​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​មាន​ទេពកោសល្យ​និង​ស្នាដៃ​លើ​ជំនាញ​ថត​រូប​អាច​បញ្ចេញ​សមត្ថភាព​និង​ការ​ច្នៃប្រឌិត​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​និងការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ និង​ឈាន​ទៅ​អភិវឌ្ឍ​អាជីព​ថតរូប​សម្រាប់​ពេល​អនាគត។

 

Sabay៖ តើ​មាន​ការ​រំពឹង​ទុក​ពី​ជោគជ័យ​យ៉ាង​ណា​សម្រាប់​កម្មវិធី Canon Photo Marathon 2015 ដើម្បី​ក្រុមហ៊ុន​អាច​ឈាន​បន្ត​រៀបចំ​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ​ខាង​មុខៗ​ទៀត?

 

ឈាវ សុវណ្ណនី៖ យើង​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​ជោគជ័យ​ជាង​ឆ្នាំ​មុនៗ​ ដោយសារ​នេះ​ឆ្នាំ​នេះ​យើង​មានការ​ផ្សព្វផ្សាយ​កាន់តែ​ទូលាយ ហើយ​ការ​ស្ទាបស្ទង់ ក៏​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង។ យើង​បាន​រៀបចំ​រង្វាន់​ជា​ច្រើន​សម្រាប់​​អ្នក​ឈ្នះ​ដើម្បី​ជំរុញ​លើក​ទឹកចិត្ត​ដល់​បេក្ខជន​ក្នុង​ការ​​អ្នក​ចូលរួម​​ឲ្យ​ផុលផុស បន្ថែម​​ការ​ទទួល​បាន​ឱកាស​ចូលរួម​ក្នុង​មហោស្រព​រូបថត​អង្គរ និង​ការ​ជ្រើស​ទៅ​ចូលរួម​គ្លីនិក​រូបថត​នៅ​ប្រទេស​ជប៉ុន៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា