អៀង ស៊ីធុល ប្រកាសរកជំនួយ
- 2015-10-06 19:08:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អៀង ស៊ីធុល ប្រកាសរកជំនួយ
ចន្លោះមិនឃើញ
ក្នុងនាមជាស្ថាបនិក លោក អៀង ស៊ីធុល សូមប្រកាសរកជំនួយពីសប្បុរសជន ដើម្បីជ្រោមជ្រែងដល់សមាគមសិល្បៈបុរាណ "មរតកកុមារបាសាក់" ដែលកំពុងជួបការខ្វះខាតគ្រប់បែបយ៉ាង។
លោកថ្លែងប្រាប់ Sabay ព្រឹកនេះថា៖ “ប្រាក់ខែសិស្ស និង គ្រូ គេកាត់អស់លែងជួយ ថ្នាក់កន្លែងក្មេងហាត់រៀនជួលគេរកលុយបង់ខ្លួនឯង ហើយត្រូវរកលុយជួសជុលទ្វារបង្អួច និងលាបថ្នាំប្រក់ដំបូលខ្លួនឯង។ សូមជួយខ្ញុំផង"។ សិល្បករបុរាណរូបនេះបន្តថា បច្ចុប្បន្នមិនមានអង្គការ ឬសប្បុរសជនផ្ដល់ជំនួយដូចពីមុនទេ ដោយសំអាងលើហេតុផលមួយចំនួនរបស់ពួកគេ ដូចជាការរឹតត្បិតផ្នែកហិរញ្ញវត្ថុ ជាដើម។
សព្វថ្ងៃលោកគ្មានកន្លែងទុកដាក់សម្ភារៈ និងថ្នាក់សម្រាប់បង្ហាត់បង្រៀនសិស្សនោះទេ ព្រោះត្រូវរើទៅកាន់ទីតាំងថ្មីស្ថិតនៅក្នុងអាគារចំណាស់ នៃសាលាសុធារស ដែលរដ្ឋមន្ត្រីក្រសួងអប់រំបានឱ្យខ្ចីបណ្ដោះអាសន្នទម្រាំមានលទ្ធភាពរកបានកន្លែងសមរម្យជាងនេះ។ លោកថា៖ "ទោះបីជាយ៉ាងណា ខ្ញុំក៏ត្រូវបង់លុយទៅខាងសាលាដែរ ប្រហែលជាគោលការណ៍ហើយមើលទៅ ចំណែកទឹកភ្លើងចំណាយខ្លួនឯង”។
ជាមួយគ្នានោះ អ្នកជំនាញស្មូតដដែលបញ្ជាក់ទៀតថា សមាគមរបស់លោកត្រូវការថវិកាប្រហែល ៤ ០០០ ដុល្លារអាមេរិក ដើម្បីជួសជុលទ្វារបង្អួច និង ដំបូលអាគារចំណាស់នេះ ទើបអាចបន្តការបណ្ដុះបណ្ដាលសិស្សបាន។ ដោយឡែកសម្រាប់ចំណូលបានពីការសម្ដែងរបស់សិស្សរាល់ល្ងាចនៅសារមន្ទីរជាតិ ស្ទើរមិនអាចទប់ទល់ការចំណាយលើសម្ភារៈសិក្សារបស់ពួកគេបានផង។
សមាគម"មរតកកុមារបាសាក់" ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយបានបណ្ដុះបណ្ដាលជំនាញសិល្បៈបុរាណដូចជាតន្ត្រីបុរាណ ចម្រៀងប្រពៃណី របាំប្រជាប្រិយ និងរបាំប្រពៃណីជាដើម។ បច្ចុប្បន្នសមាគមកំពុងបណ្ដុះបណ្ដាល និងទទួលខុសត្រូវលើការរស់នៅ និងរៀនសូត្ររបស់យុវជនភាគច្រើនមានប្រភពចេញពីតំបន់សំណង់អានាធិបតេយ្យទាំង៣ជំនាន់សរុប ៦៥ នាក់ឯណោះ។
ទោះបីជាយ៉ាងណា សិល្បករបុរាណជើងចាស់ខាងលើអះអាងថា លោកមានមោទនភាព ដោយយុវជនទាំងនោះមានភាពលេចធ្លោផ្នែកសិល្បៈបុរាណ ជាពិសេសពួកគេអាចចេញឆ្ងាយពីការប្រើប្រាស់ ឬជួញដូរគ្រឿងញៀន៕
អានអត្ថបទ៖ តារាម៉ូដែល ផល ពៅវិរ័ត្ន មិនប្រកាន់ថា តួអ្វីទេ សំខាន់ឲ្យតែគេ…?
អានអត្ថបទ៖ ឆាយ វីរៈយុទ្ធ មានអនុស្សាវរីយ៍អ្វី ទើបយំពេលច្រៀងបទ” រដូវភ្ជុំកូនយំនឹកស្រុក” ?
អត្ថបទ៖ សំ ជំនាញ