សហគ្រាសសង្គមកម្ពុជា និង Impact Hub សហការជាមួយសែលកាត បង្កើតរបៀបធ្វើអាជីវកម្មថ្មី
- 2015-10-08 22:02:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រាសសង្គមកម្ពុជា និង Impact Hub សហការជាមួយសែលកាត បង្កើតរបៀបធ្វើអាជីវកម្មថ្មី
ចន្លោះមិនឃើញ
ក្នុងគោលបំណងបំផុសការយល់ដឹង និងលើកទឹកចិត្តចំពោះសហគ្រិនភាពសង្គមពលរដ្ឋខ្មែរ សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) និង Impact Hub ភ្នំពេញ រួមសហការជាមួយក្រុមហ៊ុនសែលកាត រៀបចំសិក្ខាសាលានៅខេត្តព្រះសីហនុ ដើម្បីបង្កើតអាជីវកម្មថ្មី ក្នុងរយៈពេល៥៦ម៉ោង ដែលមាន៥វគ្គ ។ ការបង្កើតគំនិតផ្តួចផ្តើមសហគ្រិនភាពសង្គម គឺដើម្បីបង្ហាញដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ឲ្យយល់អំពីរបៀបធ្វើអាជីវកម្មនិងផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមកក្នុងការដំណើរការអាជីវកម្មមួយឲ្យបានជោគជ័យ។
ក្នុងគោលបំណងដើម្បីជំរុញឲ្យសិក្ខាកាមខ្មែរទាំងអស់ទទួលបានអត្ថប្រយោជន៍ចំបងៗពីវាគ្មិនខ្មែរដែលមានបទពិសោធន៍ និងទទួលបានជោគជ័យលើអាជីវកម្មកន្លងមក។សហគ្រាសសង្គមកម្ពុជាផ្តល់ជូនកិច្ចពិភាក្សា និងបទបង្ហាញទាំងស្រុងជាភាសាខ្មែរដោយវាគ្មិនដែលទទួលបានភាពជោគជ័យលើអាជីវកម្ម ហើយពួកគាត់នឹងនាំយកនូវប្រធានបទដ៏មានអត្ថប្រយោជន៍សម្រាប់សិក្ខាកាមយកទៅអនុវត្តក្នុងអាជីវកម្មរបស់ពួកគេ។
សិក្ខាកាមនឹងបានសិក្សាពីរបៀបកំណត់ និងដោះស្រាយបញ្ហាសង្គម ឬបរិស្ថានដែលប៉ះពាល់ដល់សហគមន៍របស់ពួកគេ សិក្សាពីរបៀបបង្កើតនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍកែលម្អសំណើគម្រោង និង គំរូអាជីវកម្មមួយរឹងមាំ ប្រកបដោយលក្ខណៈច្នៃប្រឌិតកសាងផែនការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បង្កើតចក្ខុវិស័យបំផុសគំនិត និងបេសកកម្មធានាបាននូវភាពវិជ្ជមាន ផលប៉ះពាល់ដែលអាចកើនឡើង ហើយជាចុងក្រោយក្រុមពិភាក្សានឹងធ្វើការបណ្តាក់ទុនដេញថ្លៃគម្រោង ដើម្បីក្លាយជាអ្នកវិនិយោគ និងសហគ្រិនពិតប្រាកដមួយ។
គំនិតផ្តួចផ្តើមជុំទីមួយ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី3-5 ខែកក្កដា ដែលបានកំណត់គោលគំនិតចាប់ផ្ដើមបីធំៗ។
ក្រុម Cam Bamboo បានឈ្នះការប្រកួតប្រជែងដោយសារគំនិតច្នៃប្រឌិតថ្មីរបស់ខ្លួន ក្នុងការផលិតចង្កឹះឫស្សីដែលធ្វើឡើងពីឫស្សីនៅក្នុងសហគមន៍របស់ពួកគេ។ ណារុន បញ្ញាវឌ្ឍ មកពីក្រុម Cam Bamboo បានឲ្យដឹងថា «អាជីវកម្មរបស់យើងផ្តោតសំខាន់លើការប្រើប្រាស់ឫស្សីនៅកម្ពុជាជាវត្ថុធាតុដើមសម្រាប់បង្កើតជាផលិតផលជាច្រើនមុខ។ ចង្កឹះគឺជាផលិតផលដែលយើងចង់ចាប់ផ្តើមផលិតមុនគេ។ យើងឃើញថាវាមានតម្រូវការប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក ពិសេសនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី។ តម្លៃស្នូលនៅក្នុងអាជីវកម្មរបស់យើង គឺផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើង តាមរយៈការលើកទឹកចិត្តឱ្យពួកគាត់ដាំឫស្សីនៅលើដីដែលពួកគាត់មាន»។
សម្រាប់ជុំបន្ទាប់នៅខេត្តព្រះសីហនុ វាគ្មិនកិត្តិយសចូលរួមមានដូចជា លោក ហាវ គង់ងី នាយកប្រតិបត្តិនៃ My Dream Home លោក សុភមង្គល នាយកប្រតិបត្តិ នៃ Codeingateនិង លោក ឆាំ សិលា នាយកប្រតិបត្តិ នៃ The Duck Soup and Eco-Trails Cambodia ជាដើម។
សម្រាប់ព័ត៌មានបន្ថែមសិក្ខាសាលាសហគ្រាសសង្គម និងព្រឹត្តិការណ៍ថ្មីៗ សូមចូលទៅកាន់ phnompenh.impacthub.net ៕
អត្ថបទ៖ ពាណិជ្ជកម្ម