តិចនិកថតរូបក្រោមមេឃស្រទំ ឬមេឃភ្លៀង
- 2015-10-12 16:00:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកថតរូបក្រោមមេឃស្រទំ ឬមេឃភ្លៀង
ចន្លោះមិនឃើញ
ក្រៅពីទៅធ្វើបុណ្យនាឱកាសសម្រាកភ្ជុំបិណ្ឌនេះ យុវវ័យមួយចំនួនក៏ប្រហែលជាស្ពាយកាមេរ៉ាទៅជាមួយ ដើម្បីផ្ដិតយករូបភាពផ្សេងៗ។ ប៉ុន្តែការថតរូបក្នុងរដូវនេះហាក់មានភាពលំបាកបន្តិច ដោយសារមេឃតែងតែស្រទំ ឬធ្លាក់ភ្លៀងពុំសូវដាច់។
បើទោះបីជាមេឃស្រទំ ឬមានភ្លៀងធ្លាក់ ក៏អ្នកនៅតែអាចថតរូបបានស្អាតដែរ។ ខាងក្រោមនេះជាការណែនាំខ្លះៗសម្រាប់អ្នកចង់ថតរូបក្នុងរដូវភ្លៀងនេះ៖
របស់គួរមានដើម្បីបង្ការ
ឆត្រ៖ ប្រដាប់ទទូរក្រោមភ្លៀងមួយនេះមិនមែនជួយត្រឹមតែអ្នកឲ្យគេចផុតពីការទទឹកនោះទេ វាក៏អាចជួយឲ្យ Subject របស់អ្នកគេចឆ្ងាយពីគ្រាប់ភ្លៀង ហើយអ្នកក៏អាចលេងស្ទីលថតរូប Subject ឈរក្រោមឆត្របានផងដែរ។
កាបូបដាក់កាមេរ៉ា៖ មិនមែនគ្រប់កាបូបទាំងអស់សុទ្ធតែប្រើបាន់គ្រប់កាលៈទេសៈនោះទេ។ អ្នកគួររកកាបូបដាក់កាមេរ៉ាណាដែលមានអាវភ្លៀងគ្របពីក្រៅ ដូច្នេះវានឹងមិនទទឹកឡើយ។
ជើងកាមេរ៉ា (Tripod)៖ បើអ្នកនាំជើងកាមេរ៉ាតាមខ្លួនបាន អ្នកគួរតែយកតាមជាមួយ។ ជើងកាមេរ៉ាអាចជួយអ្នកពេលថតរូបនៅកន្លែងណាដែលមានពន្លឺពុំសូវគ្រប់គ្រាន់។
ថ្នាំស្រូបសំណើម៖ បើអ្នកមានប្រភេទថ្នាំ (Moisture Absorbent Packets) អ្នកគួរដាក់មួយកញ្ចប់ក្នុងកាបូបរបស់អ្នក មុនចេញទៅថត ព្រោះវាជួយការពារកាបូបកាមេរ៉ារបស់អ្នកកុំឲ្យមានសំណើម។
កន្សែង៖ កុំភ្លេចដាក់កន្សែងពីរបី ព្រោះវាអាចជួយសម្ងួតកាមេរ៉ារបស់អ្នកបាន។
គន្លឹះពេលថតក្រោមមេឃកំពុងភ្លៀង
រកទីតាំងថត៖ វាស្ថិតនៅលើអ្នកថាចង់ថតទីតាំងបែបណា។ ប៉ុន្តែអ្នកគួរគិតប្រធានបទថតនៅខាងក្រោមផ្ទះ ដូចជាទឹកសាច ទឹកស្រក់លើដំបូល ដើមឈើ ឬអ្វីៗផ្សេងទៀត។
សម្លឹងក្រៅពីទឹកភ្លៀង៖ ចូរចាំថា អ្នកមិនគួរបង្ហាញទឹកភ្លៀងដ៏ច្រើនក្នុងរូបភាពរបស់អ្នកនោះទេ តែឥទ្ធិពលរបស់វាដូចជាសក់សើម ផ្ការីកក្រោយត្រូវទឺក ឬផ្លូវបែកភក់អីជាដើម។ បើអ្នកចេញថតពេលភ្លៀង ចូរបញ្ចូលតំណក់ទឹកភ្លៀងចូលទៅក្នុងប្លង់ថតរបស់អ្នកផង។ តំណក់ទឹកភ្លៀងដាច់ៗ គួរតែបង្ហាញវាឲ្យច្បាស់ ដូចជាតំណក់ទឹកភ្លៀងលើស្លឹកឈើ លើដី និងអ្វីៗផ្សេងទៀត។ ទន្ទឹមនឹងគ្នានេះដើរ អ្នកគួរតែចាប់អារម្មណ៍ទាក់ទងនឹងគ្រលុក ព្រោះគ្រលុកអាចឲ្យអ្នកថតរូបបែប Reflection បានយ៉ាងស្អាត។
ចេះមើលពន្លឺ៖ ការថតក្រោមមេឃស្រទំគឺជាឱកាសដ៏ល្អអាចឲ្យអ្នកថតរូបជាមួយនឹងពន្លឺបែបធម្មជាតិ។ ចំណែកពន្លឺព្រះអាទិត្យដែលអាចរះតាមចន្លោះពពក អាចឲ្យអ្នកថតលេខស្ទីលយ៉ាងឡូយបាន។
សារ៉េ Aperture៖ បើសិនអ្នកថតរូប Portrait នៅកន្លែងងងឹត ក្រោមមេឃស្រទំ ឬមេឃកំពុងភ្លៀង រូបរបស់អ្នកអាចនឹងងងឹតស្រអាប់ បើអ្នកដាក់ F-Stop ខ្ពស់ពេក ពីព្រោះ F-Stop ខ្ពស់ពន្លឺរត់ចូលមកក្នុងកាមេរ៉ាយឺត។ ដូច្នេះអ្នកគួរឲ្យពន្លឺចូលក្នុងកាមេរ៉ារបស់អ្នកបន្ថែមទៀត ដោយដាក់ F-Stop ឲ្យទាប ដូចជាដាក់ f/8, f/4 ឬទាបជាងនេះ ដើម្បីទទួលបានពន្លឺបន្ថែម។
សង្ឃឹមប៉ុន្មានចំណុចនេះនឹងអាចជួយជាគំនិតដល់អ្នកខ្លះក្នុងការថតរូបក្រោមមេឃភ្លៀងបាន។
ចុចអាន៖ ហុងដាបង្ហាញរូបរាងគំរូរបស់ម៉ូតូអាគុបស៊េរីថ្មី រូបរាងបែបបុរាណ
ប្រភព៖ contrastly