U-18 ក្រោន​ទទួល​ក្រុម​​ខ្លាំង​មក​ពី​ជប៉ុន​ Kashima Antlers ​ម៉ោង​៦​ល្ងាច​នេះ​

  • 2015-10-14 15:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​(U-18)​ភ្នំពេញ​ក្រោន​ដល់​ពេល​បើក​ទ្វារ​កីឡដ្ឋាន​ RSN របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​ជប៉ុន​ Kashima Antlers ហើយ​វេលា​ម៉ោង​៦​ល្ងាច​នេះ​នៃ​ពាន​រង្វាន់​ Asia Champions Trophy សម្រាប់​ជើង​ទី​ពីរ​ដែល​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV។

 

 

ក្នុង​ពាន​រង្វាន់​នេះ យុវជន​ភ្នំពេញ​ក្រោន​ ឆ្លងកាត់​៤​ប្រកួត​ហើយ​ក្នុង​នោះ​ស្មើ​៣ និង​ចាញ់​១ ប៉ុន្តែ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ម្តង​ណា​ឡើយ​​ពោល​គឺ​​​លើក​ទី​១ ចាញ់​ក្រុម​ខ្លាំង​ជប៉ុន​ Kashima Antlers នៅ​ក្រៅ​ដី​ដោយ​លទ្ធផល ៥-០ និង​ស្មើ​ក្រុម​ម៉ាឡេស៊ី Frenz United B នៅ​ក្នុង​ដី​​ខ្លួនឯង ១-១ ហើយ​បន្ត​ស្មើ​ក្រុម​នេះ​នៅ​ទឹក​ដី​​ម៉ាឡេស៊ី២-២។ ភ្នំពេញ​ក្រោន​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​ស្មើនឹង​​ម្ចាស់​ផ្ទះ​​វៀតណាម PVF ដោយ​លទ្ធផល ២-២ ទៀត។ ប្រកួត​បញ្ចប់​ជម្រុះ​ក្នុង​ពូល ភ្នំពេញ​ក្រោន ត្រូវ​ទទួល​ភ្ញៀវ​ PVF នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ខាងមុខ។

 

ចំណែកយុវជន​ជើង​ខ្លាំងប្រចាំ​ប្រទេស​ជប៉ុន Kashima Antlers ក៏​ឆ្លង​កាត់​៤​ប្រកួត​ដែរ និង​ស្គាល់​បរាជ័យ​១​លើក​ដូច​​ភ្នំពេញ​ក្រោន​ដែរ ប៉ុន្តែ​​ស្គាល់​​ជោគជ័យ​៣​​លើក។ Kashima Antlers បាន​​ចាញ់​​​​ក្រុម​ម៉ាឡេស៊ី Frenz United B ដោយ​លទ្ធផល ២-១ នៅ​ក្រៅ​ដី ប៉ុន្តែ​ឈ្នះ​ក្រុម​វៀតណាម​ PVF ទាំង​ពីរ​ជើង​គឺ​ក្នុង​ដី​៣-១ និង​ក្រៅ​ដី ១-០ ព្រម​ទាំង​ឈ្នះ​ភ្នំពេញ​ក្រោន​ក្នុង​ដី​៥-០។ ប្រកួត​បញ្ចប់​ក្នុង​ពូល យុវជន​ជប៉ុន​នេះ​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ដែល​ខ្លួន​បរាជ័យ​គឺ Frenz United B នៅ​ថ្ងៃ​ទី២២ ខែ​តុលា។

 

តាម​ប្រភព​ព័ត៌មាន​ពី​ភ្នំពេញ​ក្រោន​បាន​ឲ្យ​ដឹង​ថា សមាជិក​​៤​នាក់​របស់​ក្រុម​ Kashima Antlers បាន​ដាក់​បញ្ចូល​​ទៅ​ក្រុម​ធំ​ Kashima ​សម្រាប់​លេង​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​ជប៉ុន​ (J-League)។ ពួក​គេ​សុទ្ធ​តែ​យុវជន​ឆ្នើម​ដែល​ជា​អនាគត​ដ៏​ល្អ​សម្រាប់​ជម្រើស​ជាតិ​ជប៉ុន។

 

សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​ អ្នក​ទស្សនា​ដែល​បាន​ទៅ​​មើល​ផ្ទាល់​​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូច​ជា​​ទូរសព្ទ​ទំនើប​ iPhone 6 ចំនួន​១​រង្វាន់​ កាត់​ទូរសព្ទ​ Smart (១០​ដុល្លារ​)​ចំនួន​១៥​រង្វាន់​ និង​អាវ​យឹត​របស់​ភ្នំពេញ​ក្រោន​ចំនួន​៤​រង្វាន់។

 

ពាន​រង្វាន់​នេះ​នៅ​ក្នុង​ពូល​ B ក្រុម​ជើង​ខ្លាំង​ជប៉ុន​នេះ​បាន​ឆ្លង​កាត់​៤​ប្រកួត​ហើយ​គឺ​ឈ្នះ​៣​ និង​ស្មើ​១​។ កាល​ពី​ជើង​ទី​មួយ​នៅ​​លើ​ទឹក​ដី​ជប៉ុន​ ក្រុម​ភ្នំពេញ​ក្រោន​បាន​ចាញ់​ដោយ​លទ្ធផល​ ៥-០។ ចុះ​ជើង​ទី​ពីរ​នៅ​ក្នុង​ដី​របស់​ខ្លួន​ យុវជន​ភ្នំពេញ​ក្រោន​អាច​ធ្វើ​បាន​ល្អ​ទេ?

 

អត្ថបទ៖ ជាន ចាន់រ៉ា