ឱកាស​ប្រឡង​រាំ​បាន​មក​ដល់​ហើយ​មាន​​ទាំង​ Hip-Hop​ ថែម​ទៀត

  • 2015-10-26 17:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ដែល​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ប្រកាស​ចុះ​ឈ្មោះ​ពី​ការ​ប្រកួត​រាំ​ជា​លើក​ដំបូង​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ Rivive Award បន្ទាប់​ពី​សហព័ន្ធ​បាន​បង្កើត​ឡើង។

 

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ដែល​មាន​ការ​ចូល​រួម​ដោយ​លោក​ស្រី​ ម៉ក់ វណ្ណស៊ី​ថា អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ និង​លោក​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លោក​ស្រី​ ញ៉ែម មរកត​ ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ និង​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សហព័ន្ធ​រាំ​កម្ពុជា​រៀប​ចំ​ការ​ប្រកួត​រាំ បន្ទាប់​ពី​សហព័ន្ធ​បាន​បង្កើត​ឡើង។

 

 

លោក​ស្រី​បន្ត​ថា​ ការ​រៀប​ចំ​ប្រកួត​នេះ​ជា​ការ​បើក​ផ្លូវ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​រាំ​គ្រប់​វ័យ​ និង​គ្រប់​ភេទ​ចូល​រួម​ការ​ប្រកួត​​ដែល​នឹង​ធ្វើ​ឲ្យ​វិស័យ​រាំ​កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​ និង​រីក​ចម្រើន​ឈាន​ឆ្ពោះ​ទៅ​រក​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ដូច្នេះ​កីឡា​រាំ​នឹង​អាច​ក្លាយ​ជា​កីឡា​មួយ​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣។

 

លោក​ វ៉ាត់ ចំរើន ​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​លើ​ឆាក​អន្តរជាតិ​ កីឡា​រាំ​ត្រូវ​បាន​បែក​ជា​ពីរ​ប្រភេទ​គឺ​ Standard Dance និង​ Latin Dance។ ក្នុង​ប្រភេទ​នីមួយ​ៗ​ត្រូវ​មាន​ចំណុច​៥​​យ៉ាង​ដូច​គ្នា​ថែម​ទៀត​ដែល​គេ​បែង​ចែក​សម្រាប់​ការ​ប្រកួត​រាំង។ សម្រាប់​ការ​ប្រកួត​នៅ​កម្ពុជា​លើក​ទី​មួយ​នេះ​មិន​ទាន់​ទាមទារ​ឲ្យ​មាន​​កម្រិត​ស្តង់ដារ​អន្តរជាតិ​ឡើយ​ ពី​ព្រោះ​សហព័ន្ធ​ទើប​តែ​បង្កើត​ឡើង​ និង​មិន​ទាន់​ចូល​សមាជិក​សហព័ន្ធ​កីឡា​រាំ​អន្តរជាតិ​នៅ​ឡើយ។

 

លោក​​លើក​ឡើង​​ថា ៖«យើង​ស្វាគមន៍​អ្នក​ចូល​ចិត្ត​រាំ​គ្រប់​វ័យ​ គ្រប់​ភេទ​ដែល​មាន​បំណង​ចូល​រួម​ប្រកួត​ប្រជែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្បាច់​ Hip-hop និង​ Cheer leaders ក៏​អាច​ចូល​រួម​ប្រកួត​ដែរ​ ​ ​ព្រោះ​យើង​ចង់​បំផុស​​ឲ្យ​ចូល​រួម​បាន​ច្រើន។ ជា​ពិសេស​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ដោយ​អត់​បង់​ថ្លៃ​ដែល​ខុស​នឹង​ប្រទេស​គេ ត្រូវ​បង់​ថ្លៃ​ទើប​ចូល​រួម​បាន»។

 

សម្រាប់​ការ​ប្រកួត​រាំង​លើក​ទី​១​នេះ​ត្រូវ​បាន​ត្រូវ​បាន​បែង​ចែក​ជា​៣​ប្រភេទ​គឺ​ទី​១​ ការ​ប្រកួត​ក្បាច់​រាំ​អន្តរជាតិ (Standard Dance និង​ Latin Dane)​ ទី​២​ការ​ប្រកួត​ក្រុម​លើក​ទឹក​ចិត្ត​ (Cheer Leader Competition)​ដែល​ត្រូវ​មាន​សមាជិក​ចាប់​ពី​៨​នាក់​ដល់​១៦​នាក់​ និង​ទី​៣​ការ​ប្រកួត​ក្រុម Hip Hop ដែល​ត្រូវ​មាន​សមាជិក​ចាប់​ពី​៤​នាក់​ដល់​១០​នាក់។

 

ការ​ចុះ​ឈ្មោះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ត​ទៅ​​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ សម្រាប់​ការ​ប្រកួត​វិញ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នៅ​មជ្ឈមណ្ឌល​​ប៉ូយ៉ុង​​ខ្មែរ-តេក្វាន់ដូ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម