អំពីនគរបាលយុត្តិធម៌
- 2015-11-05 12:31:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំពីនគរបាលយុត្តិធម៌
ចន្លោះមិនឃើញ
នាទីច្បាប់នៅថ្ងៃនេះ Sabay សូមបង្ហាញអំពីនគរបាលយុត្តិធម៌ ឬ ភ្នាក់ងារនគរបាលយុត្តិធម៌។ តើតួនាទីនគរបាលយុត្តិធម៌ធ្វើអ្វីខ្លះ? តើនគរបាលយុត្តិធម៌មានសមាសភាពអ្វីខ្លះ? ដូច្នេះ សូមស្វែងយល់ដូចខាងក្រោមនេះ៖
តួនាទីរបស់នគរបាលយុត្តិធម៌
នគរបាលយុត្តិធម៌ គឺជា ភ្នាក់ងារដែលស្វែងរកបទល្មើសឧក្រិដ្ឋ មជ្ឈិម និង លហុព្រមទាំងប្រមូលភស្តុតាងនៃបទល្មើសទាំងនោះ ហើយបញ្ជូនអ្នកប្រព្រឹត្តិល្មើសទាំងនោះទៅសាលាជម្រះក្ដី ដែលមានសមត្ថកិច្ចផ្ដន្ទាទោសជនល្មើសនោះ។
សមាសភាពរបស់នគរបាលយុត្តិធម៌
សមាសភាពរបស់នគរបាលយុត្តិធម៌រួមមាន ៖ ១.មន្ត្រីនគរបាលយុត្តិធម៌ ២.ភ្នាក់ងារនគរបាលយុត្តិធម៌ ៣.មន្ត្រីរាជការ និង ភ្នាក់ងារសាធារណៈដទៃទៀត ដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសខ្លះៗក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។
ផ្អែកតាម ម.៣៦ ន.ព.ទ ឆ្នាំ ១៩៩៣ ចែងថា នឹងចាត់ទុកជាមន្ត្រីនគរបាលយុត្តិធម៌ ឬ អាចបំពេញមុខងារមន្ត្រីនគរបាលយុត្តិធម៌រួមមាន៖
១. រដ្ឋអាជ្ញា (ព្រះរាជអាជ្ញា) និង ចៅក្រមទទួលបន្ទុកស៊ើបអង្កេត (ក្នុងភារកិច្ចតែប៉ុណ្ណោះ) ២. ប្រធាន និង អនុប្រធានទាំងឡាយនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង សេដ្ឋកិច្ច ៣. ប្រធាន និង អនុប្រធានទាំងឡាយនៃនាយកដ្ឋានប្រឆាំងភេរវកម្ម ៤. ស្នងការ និង ស្នងការរងទាំងឡាយនៃនគរបាលខេត្ត-ក្រុង ៥. ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ និង សេដ្ឋកិច្ច ៦. ប្រធានការិយាល័យប្រឆាំងភេរវកម្ម ៧. ប្រធានការិយាល័យនគរបាលសន្តិសុខ ៨. អធិការ និង អធិការរងនគរបាលនយោបាយស្រុកទីរួមខេត្ត និង ខណ្ឌ ៩. ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល "ចំពោះរឿងព្រហ្មទណ្ឌ" ១០. ប្រធានការិយាល័យនគរបាលចរាចរណ៍ និង ប្រធានផ្នែកបទល្មើសចរាចរណ៍ "ចំពោះបទល្មើសចរាចរណ៍" ១១. ប្រធាន និង មន្ត្រីទាំងឡាយនៃកងតម្រួតយោធា "ចំពោះបទល្មើសយោធា" ១២. មន្ត្រីនគរបាលព្រំដែន ១៣. អធិការគយ "ចំពោះបទល្មើសគយ" ១៤. មន្ត្រីរុក្ខាប្រមាញ់ និង នេសាទ។
ផ្អែកតាមសៀវភៅវចនានុក្រមច្បាប់ ដែលបោះពុម្ពក្នុងឆ្នាំ ២០១២ ដោយលោក ភូ ឡាយស៊ុន ភូ វួចចេង ដែលត្រួតពិនិត្យដោយលោក ហ៊ីង ធីឬទ្ធិ បានបញ្ជាក់ថា ប្រតិបត្តិការទាំងឡាយនៃនគរបាលយុត្តិធម៌ស្ថិតក្រោមការដឹកនាំផ្ទាល់របស់រដ្ឋអាជ្ញា និង ក្រោមការត្រួតពិនិត្យរបស់អគ្គរដ្ឋអាជ្ញាអមសាលាឧទ្ធរណ៍។
នៅក្នុងសៀវភៅដដែលបានបន្ថែមថា ពាក្យមន្ត្រីនគរបាលយុត្តិធម៌នេះ ក្នុងក្រមពិភាក្សាព្រហ្មទណ្ឌ ១៩៦៤ ហៅថា មន្ត្រីក្រុមព្រះនគរបាលយុត្តិធម៌ ឬ ក្រុមព្រះនគរបាលយុត្តិធម៌ (ម.៣៩ ព.ព.ទ. ១៩៦៤)
ពាក្យប្រើនៅឆ្នាំ ១៩៧៩-១៩៩៣ គឺនគរបាលព្រហ្មទណ្ឌ ហើយបច្ចុប្បន្ន គេប្រើពាក្យ មន្ត្រីនគរបាលយុត្តិធម៌ និង ភ្នាក់ងារនគរបាលយុត្តិធម៌ (ម.ព.មន្ត្រីនគរបាលយុត្តិធម៌)៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា