លាង សុផាឡែន ​ថត​​រឿងមិន​យកកម្រៃ ត្បិត​ចង់​​ជួយ​​​យុវជន​ខ្មែរ

  • 2015-10-28 15:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​តារា​ចម្រៀង​មួយ​រូប​​​ក្នុង​ផលិត​កម្ម​ភ្លេង​រីខត ថ្មី​ៗ​នេះ លាង សុផាឡែន​ បាន​សហការ​ជាមួយ​ក្រុម​យុវ​ផលិត​ករ​វ័យ​ក្មេង​ហៅ​កាត់​ថា ZWAY Cambodia ថត​រឿង​ថ្មី​ចំណងជើង​​ "ផ្លូវ" ហើយ​នាង​​​ប្រាប់​ថា ការ​ថត​នេះ​ជា​ការ​ពេញ​ចិត្ត​ព្រោះ​ស្រលាញ់​វិស័យ​ភាព​យន្ត​ខ្មែរនិង​មាន​បំណង​ចង់​ជួយ​ខាង​ក្រុម​យុវជន​វ័យ​ក្មេង​​​នេះ​ ដោយ​មិន​មាន​ការ​យក​ថវិកា​អ្វី​នោះ​ទេ​។

 

“ចាស​អូន...បង​ពេញ​ចិត្ត​នឹង​សហការ​សម្ដែង​ជាមួយ​ពួក​គាត់​ហើយ​មិន​បាន​យក​លុយ​កាក់​អី​នោះ​ទេ។ ខាង​ក្រុម​ពួក​គាត់​ជា​យុវជន​ក្មេង​មែន​ ប៉ុន្តែ​មាន​ស្នាដៃ​ក្នុង​ការ​បង្កើត​ខ្សែ​ភាព​យន្ត​ ណា​មួយ​បង​ក៏​ចង់​ដឹង​ថា​ សមត្ថភាព​បង​ប៉ុណ្ណា អាច​សម្ដែង​បាន​អត់"។ សុផាឡែន ថ្លែង។

 

 

ម្ចាស់​បទ "បេះដូង​១០០" បាន​ប្រាប់​ Sabay ថា​នាង​មាន​អារម្មណ៍​រីក​រាយព្រោះ​ជា​លើក​ទី​មួយ​ក្នុង​ការ​សម្ដែង​ភាព​​យន្ត​​ត្បិត​ថា​ រឿង​នេះ​មិន​មែន​ជា​ប្រភេទ​រឿង​ ដុំ​ ឬ​ភាគ​​មាន​រយៈ​ពេល​យូរ​​ក៏​ពិត​មែន​ ប៉ុន្តែ​​នៅ​តែ​សប្បាយ​ចិត្ត​ដែល​មាន​ឱកាស​​បាន​សម្ដែង​រឿង​កុន។

 

យ៉ាង​ណា​មិញ​​ទាក់​ទង​នឹង​ការ​ថត​រឿង​ថ្មី​ខាង​ផលិតកម្ម​ ហង្សមាស​ មិន​បាន​ថា​អ្វី​នោះ​ទេ  សុផាឡែន ​បន្ត​ប្រាប់​ថា៖ " ខាង​ផលិតកម្ម​គាត់អនុញ្ញាត​ឲ្យ​ថត​ ណាមួយ​រឿង​នេះ ​ត្រឹម​តែ​ប៉ុន្មាន​នាទី​ មិន​មែន​ជា​រឿង​ដែល​យូរ​ របស់​ផលិត​កម្ម​ណាមួយ​ ហើយ​យក​​ទៅ​ចាក់​នៅ​រោង​កុន​ដើម្បី​រក​ប្រាក់​ចំណូល​អី​នោះ​ទេអូន​"។

 

 

លាង សុផាឡែន(រូប​លើក​ដៃ) ក្នុង​ឈុត​សម្តែង​នៃ​រឿង "ផ្លូវ"

 

លាង សុផាឡែន ក្នុង​ Poster នៃ​រឿង "ផ្លូវ"

​ចំណែក​ឯ​​អ្នក​ដឹក​នាំ​នៅ​ក្នុង​រឿង ​" ផ្លូវ "​ នេះវិញ​​​លោក វណ្ណ ស៊ីដារ៉ូ បាន​ប្រាប់​ថា​ សុផាឡែន​ មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ដែល​មាន​សមត្ថភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង សម្ដែង​បាន​ល្អ​ទៀ​ត​ផង​។

 

“ដំបូង​មាន​​បង​ម្នាក់​ដែល​ណែ​នាំ​គាត់(​សុផាឡែន)​មក​ខាង​ក្រុម​ពួក​ខ្ញុំ​ ហើយ​ប្រាប់​ថា​ គាត់​ចង់​ជួយ​ពួក​យើង​ ខ្ញុំ​គិត​ថា​គាត់​ជា​តារា​ចម្រៀង​ អីចឹង​ប្រហែល​មិន​អាច​សម្ដែង​បាន​​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​គិត ​គឺ​ខុស​ស្រលះ គាត់​ពូកែ​សម្ដែង​ណាស់ អ្វី​ដែល​ជា​ឧបសគ្គ​នោះ​ខាង​បច្ចេកទេស​ពួក​ខ្ញុំ​ទៅ​វិញ​​ទេ"។ ដារ៉ូ បន្ថែម។

 

ដារ៉ូ បន្ត៖ "បង​ សុផាឡែន​ គាត់​ជួយ​ពួក​ខ្ញុំ​ដោយ​ចិត្ត​ស្មោះ​ គាត់​អត់​បាន​យក​លុយ​កាក់​អី​ទេ ណាមួយ​គាត់​ឃើញ​ថា​ក្រុម​ពួក​ខ្ញុំ​ក្មេងៗ​សុទ្ធ​តែ​មាន​ឆន្ទៈ​ ក្នុង​វិស័យ​​ភាពយន្ត​​ហ្នឹង​"។

 

រឿង​នេះ​ចូល​រួម​សម្ដែង​ដោយ​តារា​មួយ​ចំនួន​ដូចជា លាង សុផាឡែន ម៉ៅ គឹម​ធីតា ហុង​ដា សារាវ័ន្ត​ និង​មាន​តារា​ពន្លក​ថ្មី​ផ្សេងៗ​​ទៀត។

 

រឿង​"ផ្លូវ​"​​ទាំង​មូល​និពន្ធ​និង​ដឹក​នាំ​សម្ដែង​ដោយ​ ក្រុម​យុវ​ផលិតករ ​ ZWAY Cambodia ​ហើយ​អត្ថន័យ​​នៃ​រឿង​នេះ ចង់​និយាយ​ពី​ មនុស្ស​ ជា​បញ្ហា​ចម្បង​ធំ ព្រោះ​មាន​តែ​មនុស្ស​នេះ​ហើយ​ដែល​សាង​រាល់​អំពើ​ល្អ​អាក្រក់ ជាពិសេស​នោះ​គឺ​ ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ។ រឿង​នេះ​ទៀត​សោត​ពេល​ដែល​ថត​ចប់គឺ​យក​ទៅ​​បញ្ចាំង​ដើម្បី​រក​ថវិកា​មក​ជួយ​កុមារ​កំព្រា​ផង​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក វណ្ណ​ ស៊ីដារ៉ូ៕

 

តួ​ស្រទន់ ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” ជា​អ្នក​ណា​?

 

ទៅ បុប្ផា​ណា បាន​ទស្សនា​កុន​ស្នាព្រះហស្ត​សម្ដេច​តា​ដោយ​សេរី

 

អត្ថបទ៖ ថា ម៉ាលីដា

រូបថត​​​៖​ ផ្តល់​ឲ្យ​ដោយ​ ZWAY Cambodia

អត្ថបទថ្មី