យល់ដឹងរបៀបឲ្យធីបក្នុងប្រទេសមួយចំនួន ពេលអ្នកធ្វើដំណើរកម្សាន្ត
- 2015-10-30 21:08:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ដឹងរបៀបឲ្យធីបក្នុងប្រទេសមួយចំនួន ពេលអ្នកធ្វើដំណើរកម្សាន្ត
ចន្លោះមិនឃើញ
ពេលធ្វើដំណើរកម្សាន្តតាមបណ្ដាប្រទេសមួយចំនួន ការញ៉ាំអាហារក្នុងភោជនីយដ្ឋាន ការស្នាក់នៅក្នុងសណ្ឋាគារ ការធ្វើដំណើរតាមឡានតាក់ស៊ី គឺគេមានទម្លាប់មួយដែលឲ្យលុយធីប។ ជាទូទៅគេឲ្យធីបគឺជាការលើកទឹកចិត្ត ឬឲ្យដល់បុគ្គលិកឬអ្នកបម្រើការតូចតាច ព្រោះថាការងារពួកគេទាំងនោះគឺទទួលបានប្រាក់ខែតិចតួច ឬតម្លៃសេវាថោក ដូចនេះប្រាក់ធីបជាជំនួយដល់សេដ្ឋកិច្ចពួកគេ។ ខាងក្រោមនេះជាទម្លាប់នៃការឲ្យធីបមួយចំនួនដោយយោងតាមវិបសាយ Stomp របស់ប្រទេសសិង្ហបុរី។
១. ប្រទេសអេស្ប៉ាញ
ក្នុងប្រទេសអេស្ប៉ាញការធ្វើដំណើរតាមតាក់ស៊ីគឺមិនចាំបាច់ឲ្យលុយធីបនោះទេ។ សម្រាប់ការធ្វើដំណើរទៅសណ្ឋាគារអ្នកអាចចំណាយ១អឺរ៉ូលើលុយធីប។ នៅក្នុងភោជនីយដ្ឋាន ការឲ្យលុយធីបគឺមិនសំខាន់នោះទេ អាចឲ្យក៏ឬមិនឲ្យក៏បានប៉ុន្តែជាទូទៅគេអាចឲ្យចាប់ពី៥ភាគរយឡើងទៅ។ លុយធីបនៅអេស្ប៉ាញគេអាចប្រើលុយដុល្លារបានប៉ុន្តែក្នុងករណីតិចតួចប៉ុណ្ណោះ។ ២. ប្រទេសព័រទុយហ្គាល់
លុយធីបសម្រាប់តាក់ស៊ីក្នុងប្រទេសព័រទុយហ្គាល់ជាទូទៅច្រើនបំផុតគឺ១០ភាគរយប្រហែល៥អឺរ៉ូ។ សម្រាប់ការឲ្យធីបក្នុងសណ្ឋាគារឲ្យអ្នកយួរឥវ៉ាន់គឺត្រឹម១ទៅ២អឺរ៉ូ។ ពិសាក្នុងភោជនីយដ្ឋានគឺចំណាយប្រហែល១០ភាគរយនៃវិក្កយបត្រអាហារ។ ជាទូទៅគេនិយមលុយអ៊ឺរ៉ូសម្រាប់ឲ្យធីប។
៣. សហរដ្ឋអាមេរិក
តាក់ស៊ីក្នុងសហរដ្ឋអាមេរិកគឺទទួលបាន២០ភាគរយនៃថ្លៃសេវាជូនអ្នកដំណើរ។ ចំណែកការសម្រាកក្នុងសណ្ឋាគារគឺចំណាយ១ទៅ២ដុល្លារសម្រាប់ឲ្យអ្នកយួរឥវ៉ាន់ និង២ទៅ៣ដុល្លារសម្រាប់អ្នកបោសសម្អាតបន្ទប់។ ក្នុងភោជនីយដ្ឋាន លុយធីបគឺប្រហែល១៥ទៅ២០ភាគរយនៃសេវាកម្មបម្រើអាហារមួយពេលឬ១ដុល្លារសម្រាប់បម្រើភេសជ្ជៈ។
៤. ប្រទេសកាណាដា
ការឲ្យលុយធីបក្នុងប្រទេសកាណាដាមានលក្ខណៈស្រដៀងនឹងសហរដ្ឋអាមេរិកដែរ លើកលែងតែថ្លៃសំបុត្រតាមក្រុមហ៊ុនទេសចរគឺត្រូវចំណាយពី១០ទៅ១៥ដុល្លារក្នុងមនុស្សម្នាក់។ លុយធីបអាចឲ្យជាដុល្លារអាមេរិកឬលុយដុល្លារកាណាដារឹតតែប្រសើរ។
៥. ប្រទេសបារាំង
ការធ្វើដំណើរតាមតាក់ស៊ីគឺជាទូទៅមិនបាច់ឲ្យលុយធីបទេក្នុងប្រទេសបារាំង ប៉ុន្តែក្នុងករណីធ្វើដំណើរឆ្ងាយគួរសមក៏គួរតែផ្ដល់ប្រាក់ធីបផងដែរ ក្នុងន័យជាទឹកចិត្តមួយ។ សម្រាប់សណ្ឋាគារគឺជាទូទៅគេឲ្យ១អ៊ឺរ៉ូក្នុងមួយថ្ងៃសម្រាប់ការមើលកាបូបនិង១អឺរ៉ូក្នុងមួយយប់សម្រាប់អ្នកសម្អាតបន្ទប់។ ក្នុងភោជនីយដ្ឋានលុយធីបគឺគិតបញ្ចូលក្នុងវិក្កយបត្រអាហារប៉ុន្តែលុយ១ទៅ២អឺរ៉ូក្នុងមួយថ្ងៃអាចជាលុយធីបសម្រាប់សេវាកម្មល្អ។ លុយដុល្លារគឺគេមិនទទួលទេក្នុងប្រទេសបារាំង។
៧. ប្រទេសអ៊ីតាលី
សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយតាមតាក់ស៊ី អាចឲ្យលុយធីបតាមទឹកចិត្តរបស់អ្នក ចំណែកក្នុងសណ្ឋាគារ អ្នកជួយយួរឥវ៉ាន់ ឬអ្នកសម្អាតបន្ទប់ អាចឲ្យជា២ ទៅ៣អឺរ៉ូ។ ក្នុងភោជនីយដ្ឋានប្រទេសអ៊ីតាលី លុយសេវាកម្មក្នុងវិក្កយបត្រគឺគេមិនគិតយកពីអ្នកលើសពី១០ភាគរយនោះឡើយ ចំណែកលុយធីបគឺមិនគិតបញ្ចូលក្នុងវិក្កយបត្រនោះទេ។ សម្រាប់លុយធីបឲ្យមគ្គុទ្ទេសក៍ទេសចរ (អ្នកនាំផ្លូវ) គឺមិនចាំបាច់នោះទេ។ នៅអ៊ីតាលីអាចឲ្យធីបជាដុល្លារបានតែជាករណីកម្រ គេចូលចិតប្រើលុយអឺរ៉ូជាង។
៨. ប្រទេសអាល្លឺម៉ង់
ការជិះតាក់ស៊ី អាចឲ្យធីបតាមចិត្តអ្នកបាន ចំណែកការស្នាក់នៅក្នុងសណ្ឋាគារអាចឲ្យ ប្រហែល២អឺរ៉ូសម្រាប់អ្នកយួរឥវ៉ាន់។ ក្នុងភោជនីយដ្ឋានអាចឲ្យធីបគឺប្រហែល៥ទៅ១០ភាគរយនៃថ្លៃបម្រើសេវាកម្ម។ ចំណែកឯការធ្វើដំណើរដោយមានមគ្គុទ្ទេសក៍ទេសចរ (អ្នកនាំផ្លូវ) គឺគេគិតលុយប្រហែល៣០អឺរ៉ូសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ។
៩. ប្រទេសម៉ិកស៊ីកូ
លុយដុល្លារឬលុយប៉េសូម៉ិកស៊ីកូ អាចឲ្យធីបក្នុងប្រទេសនេះបាន។ សម្រាប់តាក់ស៊ីអាចឲ្យធីបក៏បានឬមិនចាំបាច់ឲ្យក៏បាន។ ក្នុងសណ្ឋាគារគេជាទូទៅឲ្យធីប១០ ទៅ២០ ប៉េសូ ទៅអ្នកយួរឥវ៉ាន់ និងអ្នកសម្អាតបន្ទប់ និង១០០ ប៉េសូ សម្រាប់មេការសណ្ឋាគារ (អ្នកនាំទៅភោជនីយដ្ឋានល្អៗ ដំណើរកម្សាន្ត …។ល។) ក្នុងភោជនីយដ្ឋានអាចឲ្យ១០ទៅ ១៥ភាគរយនៃវិក្កយបត្រថ្លៃអាហារ។
១០. ប្រទេសឥណ្ឌា
នៅឥណ្ឌាភាគច្រើនគេទុកលុយអាប់សល់បន្តិចបន្តួចឲ្យអ្នកបើកតាក់ស៊ីតែម្ដងសម្រាប់ជាលុយធីប។ ចំពោះការស្នាក់នៅសណ្ឋាគារគឺជាទូទៅគេឲ្យ ៥០រូពី សម្រាប់អ្នកយួរឥវ៉ាន់ ២៥០រូពី សម្រាប់អ្នកសម្អាតបន្ទប់។ ចំណែកឯនៅភោជនីយដ្ឋានការឲ្យ១០ភាគរយនៃតម្លៃអាហារគឺគាប់ប្រសើរសម្រាប់អ្នកបម្រើសេវាកម្ម។ លុយដុល្លារអាចឲ្យធីបក្នុងប្រទេសឥណ្ឌាបានប៉ុន្តែជាករណីតិចតួចប៉ុណ្ណោះ។
១១. ប្រទេសចិន
សម្រាប់ការឲ្យធីបក្នុងប្រទេសចិនគឺគេមិននិយមនោះទេ ទាំងការជិះតាក់ស៊ី ក្នុងភោជនីយដ្ឋានជាដើម។ ចំណែកការស្នាក់នៅក្នុងសណ្ឋាគារ គេអាចឲ្យត្រឹមតែ១០យាន់ប៉ុណ្ណោះសម្រាប់អ្នកជួយយួរឥវ៉ាន់។
១២. ប្រទេសជប៉ុន អ្នកប្រាកដជាភ្ញាក់ផ្អើលហើយ ក្នុងប្រទេសជប៉ុនមិនមានទំនៀមទម្លាប់ឲ្យធីបនោះទេ ហើយគេក៏មិនស្វាគមន៍ដែរសម្រាប់ការឲ្យលុយធីបនោះ៕
ចុចអាន៖ ថៃជាប់ជាប្រទេសគ្រោះថ្នាក់បំផុត សម្រាប់អ្នកទេសចរ
ចុចអាន៖ វិធីងាយៗ ការពារខ្លួនកុំឲ្យឈឺផ្ដាសាយក្នុងរដូវភ្លៀង
ប្រែសម្រួល៖ មាន រតនា ប្រភព៖ stomp