ប៉ាត់តា ជាស្បែកជើងពេញនិយមក្នុងស្រទាប់យុវវ័យ
- 2015-11-03 16:50:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាត់តា ជាស្បែកជើងពេញនិយមក្នុងស្រទាប់យុវវ័យ
ចន្លោះមិនឃើញ
ដណ្ដប់កាយដោយអាវយឺតពណ៌ខ្មៅ ខោខោវប៊យ ស្បែកជើងប៉ាត់តា យុវជន លាង វិចិត្រ កំពុងអង្គុយមើលមិត្តភ័ក្ដិលេងបាល់ នៅតារាងហ្វូតសាល KB ក្រោយស្ថានទូតអូស្ត្រាលី។
បុរសសម្បុរសខ្ពស់ស្រលះបានឱ្យដឹងថា បើនិយាយពីស្បែកជើងប៉ាត់តា គឺលោកចូលចិត្តពាក់ណាស់ ពេលដើរលេងម្ដងៗ ដែលខុសពីមុន លោកមិនដែលពាក់ទេ ជាពិសេសនៅវិទ្យាល័យ និងពេលបន្តការសិក្សាថ្នាក់ឧត្ដមនៅភ្នំពេញឆ្នាំ ២០០៨។
វិចិត្រ បញ្ជាក់ទាំងសើចថា ៖ "កាលនៅវិទ្យាល័យ ប៉ាទិញឱ្យពាក់ហាត់កីឡា តែខ្ញុំអត់ពាក់ព្រោះខ្មាសគេ តែខ្ញុំចាប់ផ្ដើមចូលចិត្តពាក់អំឡុងឆ្នាំ ២០០៩ ពេលរៀននៅភ្នំពេញ។ ហេតុអត់ពាក់បាត់តា ព្រោះខ្មាសគេបង មើលខ្លួនឯងដូចជាឆ្គង អត់សម!"។
ចំណែកឯកញ្ញាកូនចៅចិន អាហ្វាង វិញបានរៀបរាប់ប្រាប់ Sabay ថា កញ្ញាក៏ចូលចិត្តពាក់បាត់តាដែរ ព្រោះវាសាមញ្ញ ស្អាត ស្រួល មិនឈឺជើង បើធៀបនឹងប្រភេទស្បែកជើងកែង និងស្បែកសង្រែក។ កញ្ញា បញ្ជាក់ថា ៖ “ ស្អាត ស្រួលពាក់ ...បើខ្ញុំឃើញភាគច្រើន គេនិយមពាក់បាត់តាដែរ...ខ្ញុំមាន ៥ គូ"។
ដោយឡែកបុរសមាឌធំ ចន រ៉ាយូ ប្រាប់ថា ប៉ាត់តា បាតស្មើ គ្មានកែង ស្រួលពាក់ និងមិនធ្វើឱ្យឈឺជើង ហើយលោកតែងពាក់វាជាមួយខោខោវប៊យ។
“ប៉ាត់តា មិនមែនពាក់តែខ្ញុំទេ មិត្តភ័ក្ដិខ្ញុំក៏ពាក់ច្រើនដែរ មួយវិញទៀតនោះ វាធូរថ្លៃ តែឥលូវសល់តែមួយគូទេ"។ រ៉ាយូ បញ្ជាក់។
កំពុងអង្គុយលក់ស្បែកជើងមុខផ្ទះ ផ្លូវ ៤៣២ ម្ដុំផ្សារបឹងត្របែក អ្នកស្រី សុខា ប្រាប់ Sabay ព្រឹកមិញថា ស្បែកជើងលក់ដាច់ជាងគេក្នុងផ្ទះអ្នកស្រី មានច្រើនប្រភេទដូចជា ស្បែកជើងកីឡា ស្បែកជើងស៊ក និងប៉ាត់តា។
អ្នកស្រីថ្លែងថា ៖ "ប៉ាត់តាហ្នឹងដាច់ជាងគេ ធូរធ្លៃ ហើយស្អាត! ម៉ូដខ្លះទើបមកដល់ ឃើញស្អាតគេនាំគ្នាទិញ ឥលូវសល់តែប៉ុន្មានគូទេអស់ហើយ។ ស្បែកជើងប៊ូលក់លក់ដាច់មួយៗ អឺ...ទិញភាគច្រើន ក្មេងៗប្រុសៗ” ។
យ៉ាងណាអ្នកលក់វ័យ ៣២ ឆ្នាំ មិនប្រាប់ពីចំនួនគូ ដែលលក់ដាច់ឡើយ។ ស្បែកជើងប៉ាត់តាក្នុងផ្ទះអ្នកស្រីមានធុនលេខ១ ធុនលេខ២ យកមកពីប្រទេសថៃ មានតម្លៃចាប់ពី ១៣ ដុល្លារឡើងទៅ៕
ចុចអាន៖ ស្រីៗយល់បែបណាដែរ ពេលឃើញមិត្តប្រុស និង ស្វាមីដាក់ស្រោមតាមខ្លួន?
ចុចអាន៖ ចង់បានរបស់អីមួយ ស្រីៗច្រើននិយាយពាក្យទាំងនេះ
អត្ថបទ៖ អ៊ុំ សុភក្តិ