ជំងឺថប់អារម្មណ៍ គឺជា ផ្នែកមួយនៃជំងឺធ្លាក់ទឹកចិត្ត
- 2015-11-17 12:30:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺថប់អារម្មណ៍ គឺជា ផ្នែកមួយនៃជំងឺធ្លាក់ទឹកចិត្ត
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ Sabay បានបង្ហាញអំពីជំងឺធ្លាក់ទឹកចិត្ត ឥឡូវនេះ យើងនឹងណែនាំអំពីជំងឺថប់អារម្មណ៍វិញម្ដង។
តើអ្វីទៅជាជំងឺថប់អារម្មណ៍?
ជំងឺថប់អារម្មណ៍ គឺជាការថប់អារម្មណ៍ក្នុងពេលវេលាខ្លី និង វែង នៅក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែ ប្រសិនការថប់អារម្មណ៍ក្រោម១ សប្ដាហ៍ចុះ ដោយសារការបរាជ័យលើមុខរបរ ឬ ការត្អូញត្អែរលើអ្វីមួយក្នុងរយៈពេល ២-៣ ថ្ងៃបាត់ទៅវិញដោយមិនប៉ះពាល់ដល់មុខងារការងារ នោះគ្រាន់តែជាប្រតិកម្មអារម្មណ៍ធម្មតា។
ឯជំងឺថប់អារម្មណ៍ គឺមានសភាពខ្លាំងក្លាជាងនេះ ដោយមានរយៈពេលយូរ (១ខែឡើងទៅ) ហើយប៉ះពាល់ដល់តួនាទី មុខងារ និង ជីវិតប្រចាំថ្ងៃរបស់អ្នក។ នេះជាការលើកឡើងរបស់លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និង ជានាយកមន្ទីរពេទ្យសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ។
តើជំងឺថប់អារម្មណ៍ និង ជំងឺផ្លូវចិត្តខុសគ្នាដូចម្ដេច?
លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ជំងឺផ្លូវចិត្ត គឺជា ក្បាលម៉ាស៊ីន ឬ ជាជំងឺធំមួយប៉ះពាល់ធ្ងន់ធ្ងរដល់អារម្មណ៍ ការគិត ធ្វើ និង អាកប្បកិរិយាដែលមានច្រើនប្រភេទ ហើយក្នុងនោះមានជំងឺថប់អារម្មណ៍។ បានសេចក្ដីថា ជំងឺថប់អារម្មណ៍ជាផ្នែកមួយនៃជំងឺផ្លូវចិត្ត ហើយក្រុមជំងឺថប់អារម្មណ៍មានប្រភេទជំងឺតូចៗជាច្រើនទៀត។
តើបុរសឬស្ត្រីមួយណាងាយកើតជំងឺថប់អារម្មណ៍ជាងគេ?
ស្រ្តីប្រឈមខ្ពស់ជាងបុរសរហូតដល់ទៅពីរដង ដែលងាយនឹងកើតជំងឺថប់អារម្មណ៍។ មូលហេតុដែលបណ្ដាលឲ្យស្ត្រីងាយកើតជំងឺធ្លាក់ទឹកចិត្ត គឺបណ្ដាលមកពី កត្តាសង្គម, កត្តាចិត្តសាស្ត្រ, កត្តាគីមី និង កត្តារាងកាយ។ នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា។
តើជំងឺថប់អារម្មណ៍មានរោគសញ្ញា ដូចម្ដេចខ្លះ?
លោកវេជ្ជបណ្ឌិតយឹមសុបុត្រា លើកឡើងថា ជំងឺថប់អារម្មណ៍មានរោគសញ្ញាពីរយ៉ាង គឺ កត្តារាងកាយ និង កត្តាផ្លូវចិត្ត។
កត្តារាងកាយ៖ ឈឺក្បាល, វិលមុខ, ស្រវាំងភ្នែក, បេះដូងដើរញាប់ ដង្ហើមខ្លី, ចុកឆ្អល់ក្រពះ, តឹងទ្រូង, នោមញឹក, ញាំអាហាររួចហើយតែនៅតែមានអារម្មណ៍អស់កម្លាំង, ឧស្សាហ៍ខ្យល់ (កោសខ្យល់ញឹកញាប់) ចង្អោរក្អួត ជាដើម។
កត្តាផ្លូវចិត្ត៖ ឆាប់ភ័យ, មានទុក្ខព្រួយជាប់, កង្វល់ក្នុងចិត្ត, ឆាប់ភ្ញាក់, យល់សប្ដិច្រើន (សុបិនអាក្រក់) ភ័យខ្លាចស្លាប់ជាដើម។
មូលហេតុអ្វីបណ្ដាលឲ្យកើតជំងឺថប់អារម្មណ៍
លោកវេជ្ជបណ្ឌិត បាននិយាយថា មូលហេតុគឺដូចជាជំងឺធ្លាក់ទឹកចិត្តដែរ ដែលមាន ៤ កត្តាសំខាន់ ក្នុងនោះ រួមមាន កត្តាសង្គម, កត្តាចិត្តសាស្ត្រ, កត្តាគីមី កត្តារាងកាយ។
ចង់ដឹងលំអិតកត្តាទាំង ៤ ចុចអានត្រង់នេះ
តើជំងឺថប់អារម្មណ៍គេព្យាបាលដូចម្ដេច?
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា កាលណាមនុស្សម្នាក់មានជំងឺថប់អារម្មណ៍ ហើយមិនព្រមព្យាបាល គឺវានឹងបម្លែងខ្លួនទៅជាជំងឺធ្លាក់ទឹកចិត្ត ហើយអាចធ្ងន់ធ្ងររហូតដល់ចង់សម្លាប់ខ្លួនក៏មាន។ ដូច្នេះ ប្រសិនបើមិត្តអ្នកអានមានរោគសញ្ញាថប់អារម្មណ៍យូរថ្ងៃ ខែ ហើយទៅពិនិត្យពេទ្យផ្នែករាងកាយរកមិនឃើញរោគសញ្ញា គឺគប្បីមកពិនិត្យពិគ្រោះយោបល់ជាមួយអ្នកជំនាញខាងផ្លូវអារម្មណ៍ ឬ ផ្លូវចិត្ត។
ដំណាក់កាលនៃការព្យាបាល
១. ប្រឹក្សាផ្នែកចិត្តសាស្រ្ត ២. ហាត់ប្រាណ, ញាំអាហារឲ្យបានត្រឹមត្រូវ ហើយចៀសវាង ញាំកាហ្វេ បារី និង ស្រាជាដើម ៣. សម្រាកឲ្យបានគ្រប់គ្រាន់ ៤. ផ្ដល់ឱសថប្រឆាំងនឹងជំងឺថប់អារម្មណ៍៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា