ប្រកួតដណ្ដើមមេដាយ ២៩វិញ្ញាសា ក្នុងពិធីសម្ពោធអាងហែលទឹកកំពង់ចាម
- 2015-11-25 17:58:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតដណ្ដើមមេដាយ ២៩វិញ្ញាសា ក្នុងពិធីសម្ពោធអាងហែលទឹកកំពង់ចាម
ចន្លោះមិនឃើញ
ទីលានហែលទឹកស្តង់ដារអន្តរជាតិដែលចំណាយប្រាក់សាងសង់អស់ប្រមាណ ១លាន ៨សែនដុល្លារមានឈ្មោះថា «មណ្ឌលកីឡាហែលទឹកតេជោសែន» ក្នុងខេត្តកំពង់ចាម នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២ ខែធ្នូដើមសប្ដាហ៍ក្រោយ ដោយមានការប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១ លើ ២៩វិញ្ញាសា។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជាបានឲ្យដឹងថា ក្នុងឱកាសសម្ពោធជាផ្លូវការទីលានហែលទឹកស្ដង់ដារអន្តរជាតិនេះ មានការប្រកួតកីឡាហែលទឹកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១ លើវិញ្ញាសាចំនួន២៩។ សមាគម និងក្លិប៧ បានចុះឈ្មោះចូលរួម ដែលមានកីឡាករ-កីឡាការិនីសរុប ១២០ ទៅ ១៣០នាក់។
កូនប្រុសទី៣ របស់លោក ហែម ថុន រូបនេះ បានបន្ថែមទៀតថា វគ្គផ្ដាច់ព្រ័ត្រ ៩វិញ្ញាសា នឹងប្រកួតនៅចំពោះមុខសម្ដេច ហ៊ុន សែន នាថ្ងៃទី២ ខែធ្នូ ដែលជាថ្ងៃសម្ពោធជាផ្លូវការ។ សម្ដេច ហ៊ុន សែន នឹងចែកពានរង្វាន់ដល់សមាគម-ក្លិប៣ ដែលបូកសរុបពិន្ទុបានខ្ពស់ជាងគេតាមលេខរៀង ចំណែកប្រភេទឯកត្តជននឹងទទួលបានមេដាយតាមវិញ្ញាសានីមួយៗ។
ទីលានហែលទឹកស្តង់ដារអន្តរជាតិ បានចាប់ផ្ដើមគម្រោងសាងសង់ឡើងតាំងពីឆ្នាំ២០១៣ ក្នុងពេលដែលលោក ហែម ថុន នៅជាអគ្គលេខាធិការ។ ទីលានដ៏ធំនេះមានប្រវែងបណ្ដោយ ៥០ម៉ែត្រ ដែលបំពាក់ទៅដោយសម្ភារៈទំនើបៗស្របតាមការកំណត់របស់សហព័ទ្ធកីឡាហែលទឹកអន្តរជាតិ International Swimming Federation៕
ទិដ្ឋភាពទូទៅនៃទីលានហែលទឹក៖
អត្ថបទ៖ គង់ វិសាល រូបភាព ផ្ដល់ឲ្យ