ពិសេសពីគូស្វាមីភរិយា យ៉ែម សំអូន ជាមួយ ខាត់ទ្រីយ៉ា ប្រិយមិត្តអាចមិនដឹង!
- 2014-10-20 18:35:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសពីគូស្វាមីភរិយា យ៉ែម សំអូន ជាមួយ ខាត់ទ្រីយ៉ា ប្រិយមិត្តអាចមិនដឹង!
ចន្លោះមិនឃើញ
គូស្វាមីភរិយា លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា គឺជាសិល្បករខ្មែរតែមួយគូគត់ដែលគេមើលឃើញថា មានចំណងទាក់ទងស្អិតល្មួតជាមួយតារាចម្រៀង និងសម្ដែងថៃកញ្ញា ខាត់ទី្រយ៉ា។ ទំនាក់ទំនងមួយនេះ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា ជារឿយៗបានឡើងទៅ ឬក៏ឆៀងចូលសួរសុខទុក្ខ ខាត់ទ្រីយ៉ា នៅប្រទេសថៃ។ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា បញ្ជាក់ថា ទំនាក់ទំនងរបស់ពួកគេ មិនមែនត្រឹមតែរូបភាព និងមានតែម្ខាងទេ ប៉ុន្តែទាំងសង្ខាងស្ថិតក្នុងលក្ខខណ្ឌជ្រាលជ្រៅមួយ។ សូមតាមដាន បទសម្ភាសន៍ពិសេសរវាង Sabay និងគូស្វាមីភរិយាមួយគូនេះខាងក្រោម៖
Sabay៖ ឃើញថាលោក យ៉ែម សំអូន និងភរិយា មានទំនាក់ទំនងល្អជាមួយនឹងកញ្ញា ខាត់ទ្រីយ៉ា តារាល្បីរបស់ថៃ ដូច្នេះគ្រានេះ សូមអនុញ្ញាតិជីកឬស ជីកគល់បន្តិច ថាពួកលោកស្គាល់គ្នាតាំងពីពេលណា ដោយសារមូលហេតុអ្វី?
យ៉ែម សំអូន៖ បាទ...សូមអរគុណ...តាមពិតពួកយើងបានស្គាល់គ្នាប្រមាណជា ១ឆ្នាំហើយ ដែលដំបូងឡើយឧត្តមភរិយារបស់ខ្ញុំ លីនដា បានជួបគាត់ក្នុងកម្មវិធីមួយរបស់ក្រុមហ៊ុនស្រា Hennessy ដែលធ្វើនៅស្រុកខ្មែរយើងនេះ។ ដូចដឹងស្រាប់ហើយ ភរិយា ខ្ញុំគាត់ចេះភាសាអង់គ្លេស អីចឹងគាត់ក៏ត្រូវបានគេតម្រូវឲ្យធ្វើជាអ្នកសម្ភាសន៍ ខាត់ទ្រីយ៉ា នាពេលនោះ។ តាមរយៈការចេះភាសា ពួកយើងអាចប្រាស្រ័យទាក់ទងគ្នា និងស្វែងយល់គ្នាទៅវិញទៅមកបានល្អ ដែលបន្តិចម្ដងៗពួកយើងក៏ក្លាយជាមិត្តស្និទ្ធស្នាលជាមួយគ្នា។
Sabay៖ តើចំណុចអ្វីខ្លះ ដែលអាចបញ្ជាក់ថា ពួកលោកមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នា?
យ៉ែម សំអូន៖ ពួកយើងតែងចែករំលែកការឈឺឆ្អាលទៅគ្នាទៅវិញទៅមក។ កាលស្គាល់ ខាត់ ដំបូងគឺចំពេលឪពុករបស់គាត់មានជំងឺ អីចឹងពួកយើងតែងតែទូរសព្ទទៅលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់គាត់ ហើយជួនកាលយើងបានឆ្លៀតឆៀងចូលទៅសួរសុខទុក្ខដោយផ្ទាល់ដល់ប្រទេសថៃទៀត ហើយ ខាត់ គាត់តែងប្រាប់លោកប៉ាគាត់ថា មិត្តភ័ក្ដិគាត់មកពីកម្ពុជាមកសួរសុខទុក្ខ លោកប៉ា។ ឯ ខាត់ ក៏គាត់តែងទូរសព្ទមកសួរសុខទុក្ខពួកយើងនៅស្រុកខ្មែរដែរ តាម Line តាម Viber អីចឹងទៅ។ មិនត្រឹមប៉ុណ្ណឹង ពេលខ្លះដែលញុំាបាយជុំគ្នាជាមួយមិត្តភ័ក្ដិគាត់ ខាត់ តែងណែនាំទៅមិត្តភ័ក្ដិគាត់ថា យើងជានរណា និងជាអ្វីជាមួយគាត់ជាដើម។
Sabay ៖ រយៈពេល១ឆ្នាំ មិនជាវែងប៉ុន្មានទេ ប៉ុន្តែពួកលោក អាចបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងមិត្តម្នាក់ដែលមានសញ្ជាតិខុសគ្នា មានភាសាខុសគ្នា តើមានកត្តាជំរុញអ្វីខ្លះទៅ?
យ៉ែម សំអូន៖ ទី១ខ្ញុំគិតថានិស្ស័យ ព្រោះមនុស្សពីរនាក់ រាប់អានគ្នាគឺផ្ដើមពីនិស្ស័យ ទី២ទៀត ដោយសារតែ ខាត់ ជាមនុស្ស Open Mind ដូចដឹងហើយ គាត់ជា Super Star មួយដួងរបស់ប្រទេសថៃ ប៉ុន្តែគាត់បានបើកបេះដូងរាប់អានជាមួយខ្ញុំជាតារាខ្មែរ គឺគាត់សាមញ្ញណាស់។ ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយ ពេលដែលលោកឪពុកគាត់ខូច ពេលនោះយើងបានទៅថតកម្មវិធីមួយនៅប្រទេសថៃ ពួកខ្ញុំបានទូរសព្ទសួរគាត់ថាអាចទៅចូលរួមរំលែកទុក្ខ គាត់ឲ្យចូលភ្លាម ខណៈតារាថៃគ្នាគាត់ខ្លះ គាត់អត់ឲ្យចូលផង។ ចំណុចមួយទៀត គឺពួកយើងមានរឿងដូចគ្នាច្រើន ខាត់ មានជីវិតតស៊ូច្រើន គាត់កតញ្ញូ ទាំងអស់នេះ នាំឲ្យយើងមានអារម្មណ៍ល្អនឹងគ្នា និងអាចចូលគ្នាបាន។
Sabay៖ ដោយសារតារាយើង និងតារាស្រុកគេនៅមានគម្លាតពីគ្នានោះ នាំឲ្យទំនាក់ទំនងរបស់ពួកលោកជាមួយ ខាត់ទ្រីយ៉ា មានការប្រៀបធៀប និងមានព័ត៌មានចចាមអារ៉ាមថា នេះអាចជាមធ្យោបាយលើកកម្ពស់ប្រជាប្រិយខ្លួនឯងមួយ តើលោកមានការបកស្រាយយ៉ាងណា?
កញ្ញា ខាត់ទ្រីយ៉ា កាលមកសម្ដែងនៅកម្ពុជា
យ៉ែម សំអូន៖ ចំណុចនេះ ខ្ញុំសូមបដិសេធទាំងស្រុង...ទំនងគេឃើញពួកខ្ញុំបង្ហោះរូបភាពជាមួយ ខាត់ អីហ្នឹងទើបគេគិតអីចឹង។ ប៉ុន្តែខ្ញុំសួរទៅវិញ គ្រាន់តែបង្ហាញពីការរាប់អាន យើងបង្ហោះរូបថតមួយសន្លឹកពីរសន្លឹកហ្នឹងលើ Profile ខ្លួនឯងមិនបាន? មិនមែនតែពួកខ្ញុំទេ ខាត់ ក៏គាត់បង្ហោះរូបជាមួយពួកខ្ញុំនៅលើ Profile គាត់ដែរ។ អីចឹង...ខ្ញុំសូមទាត់ចោលបញ្ហាហ្នឹង...ចំណុចមួយទៀតដែលខ្ញុំចង់បន្ថែម គឺសូម្បីតែម្ដាយរបស់ ខាត់ ក៏គាត់តែងទូរសព្ទមកសួរសុខទុក្ខពួកយើងដែរ។ និយាយទៅ ពួកយើងបានចែករំលែកការឈឺឆ្អាលពីគ្នាទៅវិញទៅមកក្នុងនាមជាអ្នករាប់អានគ្នា។
Sabay៖ ស្ដាប់ទៅ...ពួកលោកពិតជាមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាមែន ដូច្នេះចង់សួរបន្ថែមថា តើមានលោកចំណុចណាខ្លះ ដែលអាចថាជាការចងចាំដ៏ល្អរបស់លោកក្នុងទំនាក់ទំនងមួយនេះទេ?
យ៉ែម សំអូន ៖ អឹម...មាន...គ្រាមួយដែលខ្ញុំបានទៅសួរសុខទុក្ខឪពុក ខាត់ នៅមន្ទីរ ខាត់ បានប្រាប់លោកឪពុកគាត់ មិត្តភ័ក្ដិគាត់មកពីកម្ពុជាមកសួរសុខទុក្ខ គ្រាន់តែលឺ ឪពុកគាត់ដែលឈឺធ្ងន់នោះ ខំប្រឹងក្រោកមកស្វាគមន៍ពួកយើង គាត់និយាយថា "សុវាឌីខាប់" មកពួកយើង គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនគាត់ចែកឋាន។
Sabay៖ សំណួរចុងក្រោយ...ក្រៅពី ខាត់ទ្រីយ៉ា តើលោកមានទំនងទំនងរាប់អានជាមួយមិត្តភ័ក្ដិបរទេសផ្សេងទៀតទេ?
យ៉ែម សំអូន៖ មាន...យើងមានច្រើន...ដូចស្រាប់ហើយយើងមានការងារចេញចូលប្រទេសជាច្រើន ហើយយើងក៏មានមិត្តនៅតាមប្រទេសទាំងនោះ ប៉ុន្តែជាមួយ ខាត់ គឺយើងមានភាពស្និទ្ធស្នាលនឹងគ្នាជាងគេ។ ចំពោះមូលហេតុ ដូចខ្ញុំបានប្រាប់ពីខាងលើ គឺមាន និស្ស័យ ការបើកទូលាយចំពោះគ្នាទៅវិញទៅមក និងការឈឺឆ្អាលចំពោះគ្នាជាដើម៕
ព័ត៌មានផ្សេងទៀតពាក់ព័ន្ធគូស្វាមីភរិយាលោក យ៉ែម សំអូន មាននៅទីនេះ...!!!
អត្ថបទពាក់ព័ន្ធនឹងជុំវិញសិល្បៈជាតិ សូមចុចទីនេះ…!!!
អត្ថបទពាក់ព័ន្ធនឹងបញ្ហាតារាជាតិ សូមចុចទីនេះ…!!!
អត្ថបទ៖ ទារិកា