សាវីន ហ្វីលីព បង្ហាញ​ជំហរ​ជួយ​មន្ទីរ​ពេទ្យ ​កុមារ​អង្គរ​ ខេត្ត​សៀមរាប

  • 2015-12-02 19:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង សាវីន ហ្វីលីព កំពុង​កៀរគរ​អតីត​អ្នក​រៀន​ផ្នែក​សណ្ឋាគារ​នៅ​ប្រទេស​សិង្ហបុរី​ជាមួយ​គ្នា និង​អ្នក​រួម​អាជីព​សិល្បៈ ដើម្បី​រៀបចំ​ការ​ជួបជុំ​មួយ ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ខណៈ​សប្បុរសជន​នានា​ហាក់​មើល​រំលង។

 

“ក្នុង​នាម​ជា​តួ​ម្នាក់ ខ្ញុំ​គិត​ថា តើ​គួរ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​កុមារ​នៅ​ស្រុក​យើង។ ម្យ៉ាង​សប្បុរសជន​ភាគ​ច្រើន​ជួយ​តែ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ហើយ​អត់​សូវ​មាន​នរណា​នឹកនា​ទី​នេះ​សោះ"។ លោក​ថ្លែង​មក​កាន់ Sabay ។

 

 

លោក​បន្ថែម​ថា មាន​កុមារ​រស់​នៅ​ក្នុង​ខេត្ត​ផ្ទាល់ និង​ខេត្ត​ជាប់​ព្រំប្រទល់​គ្នា រាប់​ពាន់​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ព្រោះ​ជា​កន្លែង​សង្គ្រោះ​កុមារ​មិន​យក​ប្រាក់​ធំ​ទី២​បន្ទាប់​ពី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ក្នុង​នាម​ជា​ម្ចាស់​មូលនិធិ​ជួយ​កុមារ និង​ឯក​អគ្គរាជទូត​សុឆន្ទៈ​អង្គការ CGF Foundation លោក​មាន​គម្រោង​បង្កើត​ការ​ជួបជុំ​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែ​ធ្នូ​នេះ​ក្នុង​បរិវេណ​ភោជនីយដ្ឋាន Brew Pup ខេត្ត​សៀមរាប ដោយ​អ្នក​ចូលរួម​ត្រូវ​បង់​វិភាគ​ទាន​តិចតួច។

 

ទោះ​បី​ជា​យ៉ាង​ណា តួ​បង​ធំ​រូប​នេះ​បន្ត​ថា ប្រហែល​ជា​មាន​សប្បុរសជន​មួយ​ចំនួន នឹង​បរិច្ចាគ​ថវិកា​ច្រើន​ជាង​ការ​កំណត់​ទៀត​ផង ព្រោះ​ពួកគេ​ភាគ​ច្រើន​ជា​ម្ចាស់ ឬ​ជា​អ្នក​គ្រប់គ្រង​សណ្ឋាគារ​នានា​នៅ​ខេត្ត​សៀមរាប​តែ​ម្ដង។ ដោយ​ឡែក​ថវិកា​ទទួល​បាន និង​ប្រកាស​ភ្លាមៗ​ដោយ​មាន​ប្រធាន​ក្រុមប្រឹក្សាភិបាល​មន្ទីរ​ពេទ្យ​ជា​សាក្សី និង​ចំពោះ​មុខ​អ្នក​ចូលរួម​តែ​ម្ដង​បង្ហាញ​ពី​ការ​រួម​ចំណែក។

 

លោក សាវីន ហ្វីលីព អំពាវនាវ​សុំ​ការ​ចូលរួម​ឱ្យ​បាន​ច្រើន​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​មួយ​នេះ ព្រោះ​មាន​កុមារ​ជា​ច្រើន​កំពុង​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ជីវិត​របស់​ពួក​គេ ខណៈ​គ្រួសារ​មិន​មាន​លទ្ធភាព​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន៕

 

អាន​អត្ថបទ៖ រឿង​រ៉ាវ ​ប៊ុត សីហា ឆ្មើង​ឆ្មៃ​មិនគោរព​ការងារ​ ប្រភព​ថា​​ទះ​ដៃ​តែ​ម្ខាង​មិន​ឮ​

អាន​អត្ថបទ៖  ការ​ស្លៀកពាក់ ឈុន វីរៈកោសល្យ សង្ហា​យ៉ាងណា​រហូត​​​ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី?

 

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ