សារភាពស្នេហ៍ចាស់គំរឹល តែនៅតែខកចិត្ត
- 2015-12-04 14:00:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារភាពស្នេហ៍ចាស់គំរឹល តែនៅតែខកចិត្ត
ចន្លោះមិនឃើញ
តាំងពីដើមមកខ្ញុំមិនដែលជឿថាមានអ្នកណាស្រឡាញ់ខ្ញុំទេ។ ព្រោះខ្ញុំមិនមែនជាស្រីស្អាត ខ្ញុំទាប ស ច្រមុះកំពិត មិនធាត់ទេ តែមានសាច់មានឈាមជ្រុល ដែលធ្វើអោយកំភួនជើងឡើងធំៗ រៀនមិនសូវពូកែ មិនចេះតុបតែងខ្លួន ហើយឡប់ៗទៀត! តើមានអ្នកណាស្រឡាញ់?
ប៉ុន្តែខ្ញុំចាំថាកាលខ្ញុំរៀនថ្នាក់ទី ៩ ពេលចេញទៅផ្ទះខ្ញុំស្រាប់តែបានឃើញសំបុត្រមួយសន្លឹក នៅក្នុងកន្ត្រកកង់។ ពេលនោះខ្ញុំជ្រួលជ្រើមរកថាមិនត្រូវ មិនមែនព្រោះតែសំបុត្រហ្នឹងទេ តែខ្ញុំឆ្ងល់ថាអ្នកណាលេងសើចអីបែបនេះ? ខ្ញុំខំសម្លឹងរកមើលដែរក្រែងមានមិត្តខ្ញុំមកលេងសើច តែគ្មានទេព្រោះឃើញវលក្ខណ៍ អាកែវ វ៉ាន់ឌី និង ស្រីណុចឈរនិយាយគ្នាមុខថ្នាក់នៅឡើយ។
ពេលទៅដល់ផ្ទះខ្ញុំយកសំបុត្រនោះអាន ក្នុងសេចក្ដីថា គេលួចស្រឡាញ់ខ្ញុំ ហើយគេកំពុងរៀនថ្នាក់ទី ១០ គេឃើញខ្ញុំរាល់ថ្ងៃ គេចូលចិត្តចរិតមិនសូវចេះនិយាយច្រើនរបស់ខ្ញុំ គេប្រាប់ទៀតថា គេមានប្អូនស្រីម្នាក់រៀនថ្នាក់ទី ៧ នៅសាលាជាមួយគ្នានោះដែរ គេដឹងថាមិត្តភ័ក្ដិខ្ញុំចូលចិត្តបង្អាប់ថាកង់ខ្ញុំកញ្ចាស់។ គេមិនបានបញ្ជាក់ឈ្មោះទេ គ្រាន់តែប្រាប់ថា គេត្រកូល សុខ និងឈ្មោះកាត់ វ ថ ហើយគេប្រាប់ទៀតថា ម្ដាយគេជាម្ចាស់សម្អាងការ ឪពុកគេជាភីឡុតបើកយន្តហោះ។ ឆ្ងល់ដែរ! ហើយមកប្រាប់ខ្ញុំធ្វើអីទាំងមុខរបរឪពុកម្ដាយខ្លួនឯងទៀត?
លុះស្អែកឡើងខ្ញុំក៏យកសំបុត្រនោះអោយមិត្តភ័ក្ដិខ្ញុំទាំងបួននោះអាន ហើយប្រាប់នាងថា បើចង់ធ្វើបាបខ្ញុំមិនងាយទេ ប៉ុន្តែពួកគេម្នាក់ៗដណ្ដើមសំបុត្រនោះទៅអាន ដោយធ្វើជ្រួលជ្រើម ផងហើយបែរជាបង្អាប់ខ្ញុំថាខ្ញុំនៅក្មេងសោះតែមានអ្នកតាមស្រឡាញ់ហើយ។
ខ្ញុំអត់នឹងមិនសង្ស័យមិនបានព្រោះពួកមិត្តខ្ញុំពូកែបោកសឹងអី ប៉ុន្តែម្នាក់ៗប្រាប់ថាពិតជាមិនដឹងរឿងមែន ដោយវ៉ាន់ឌីអះអាងថា បើមិនជឿមើលអក្សរទៅ។ វ៉ាន់ឌីនិយាយត្រូវព្រោះ អក្សរពួកនាងមិនមានរបៀបដូចម្ចាស់សំបុត្រនោះទេ និយាយទៅវាមិនមែនជាអក្សររបស់ពួកគេមែន។
ហើយពួកគេទាំងបួនក៏នាំគ្នា វិភាគពីឈ្មោះម្នាក់ វ ថ នោះ ខ្លះថា សុខ វិថី ខ្លះថា សុខ វិថេន ប៉ុន្តែជារួមពួកមហាមិត្តខ្ញុំបែរជានាំគ្នាសន្មតថា ម្នាក់នោះឈ្មោះ សុខ វិញថោក ទៅវិញ។
(រូបតំណាង)
ក្រោយមកទៀតក៏មានសំបុត្រទី ២ មកនៅក្នុងកន្ត្រកកង់កញ្ចាស់របស់ខ្ញុំទៀត សំបុត្រពីម្ចាស់ដដែលទេ គេប្រាប់ថាម្សិលមិញឃើញខ្ញុំលេងជាមួយមិត្តភ័ក្ដិខ្ញុំ ដឹងទៀតថាខ្ញុំស្លៀកពាក់បែបណា ស្គាល់ទាំងឈ្មោះខ្ញុំច្បាស់ទៀត ព្រមទាំងប្រាប់ថាម្សិលមិញពេលនៅកន្លែងហែកសំបុត្រកង់ គេឈប់ម៉ូតូទន្ទឹមខ្ញុំដែរ តែខ្ញុំមិនចាប់អារម្មណ៍។ ពេលនោះខ្ញុំព្យាយាមរកនឹកមើល ថាតើម្នាក់ឈ្មោះវិញថោកនោះជាអ្នកណា ហេតុអីនៅតែប្រាប់តាមសំបុត្រថា ចូលចិត្តខ្ញុំមិនព្រមបង្ហាញមុខសោះ។
ខ្ញុំតែងស្រមៃថាបើថ្ងៃណា មួយម្នាក់ហ្នឹងបង្ហាញខ្លួនមក តើខ្ញុំត្រូវធ្វើមុខបែបណា? ពួកនោះប្រាកដជាបង្អាប់ខ្ញុំបែកផ្សែងហើយ ហើយខ្ញុំពិតជាក្រហមមុខទប់មិនបានជាមិនខាន។
ប៉ុន្តែរឿងហួសចិត្តបានកើតឡើង...
មុនីរ័ត្ន ដែលអង្គុយតុជិតខ្ញុំបានប្រាប់ខ្ញុំថា សំបុត្រនោះគឺពួកម៉ាកសំណព្វចិត្តខ្ញុំអ្នកក្លែងសរសេរទេ ព្រោះនាងបានឮពួកគេខ្សឹបខ្សៀវគ្នា ថាល្ងាចនេះរៀបដាក់សំបុត្រមួយទៀតក្នុងកន្ត្រកកង់ខ្ញុំ។ គិតមិនខុសមែន! ថាពួកហ្នឹងពួកហ្នឹងហើយ...
ខ្ញុំមិនបានទៅរករឿងពួកនាងទេ តែប្រាប់ថាខ្ញុំតាមទាន់ល្បិចពួកគេហើយ មុនដំបូងពួកគេមិនចង់សារភាពទេ តែដល់ខ្ញុំធ្វើមុខក្រញូវទើបពួកគេសារភាព។ វ៉ាន់ឌីគឺជាមេក្លោង ជាអ្នកសរសេរសេណារីយ៉ូរឿង ហើយពឹងអោយរីយ៉ា សិស្សពូកែប្រចាំថ្នាក់និងអក្សរស្អាត ឱ្យជួយសរសេរសំបុត្រ។ ឯវលក្ខណ៍ជាអ្នកលៃលកយកសំបុត្រទៅដាក់នៅកន្ត្រកកង់ ចំណែកអាកែវនិង ស្រីណុច ជាជំនួយការឆ្វេងស្ដាំលាក់រឿងជិតឈឹង។ ពួកនេះ លេងមួយក្បាច់ម៉ោ បោកខ្ញុំឡើងឈ្ងុយ!
ខ្ញុំមិនបានយកទោសពៃរ៍អ្វីពីពួកគេទេ ព្រោះពួកគេជាមិត្តឡប់ៗរបស់ខ្ញុំ តែចុងបញ្ចប់វ៉ាន់ឌី ថែមទាំងមករំលើកទៀតថា ទម្រាំរៀបក្រឡាបោកខ្ញុំបានគេត្រូវ សរសេរសាច់រឿងហើយទៅអង្វរអោយរីយ៉ាជួយសរសេរ ទម្រាំរីយ៉ាព្រមវ៉ាន់ឌីអស់ទឹកមាត់មិនស្ទើរ។
ធ្វើបាបខ្ញុំហើយ ពួកគេមានមុខមកសួរខ្ញុំទៀតថា «ណៃឯងមានស្រឡាញ់ សុខ វិញថោកហ្នឹងអត់?»។ ឱ្យខ្ញុំឆ្លើយថាម៉េច? ចង់ស្រឡាញ់ក៏ស្រឡាញ់មិនចេញដែរ បើគ្មានមនុស្សពិតផងហ្នឹង តែបើតាមសំបុត្រល្មមនឹងលង់ដែរហ្នឹង តែចុងក្រោយខកចិត្តទទេ!
រឿងនេះវាកើតឡើង ៦ ឆ្នាំហើយ តែពេលរំឭករឿងនេះជាមួយកំពូលមិត្តខ្ញុំ ពួកយើងសើចដាច់មាត់ចោល ដោយសារនឹកឃើញហួសចិត្ត អនុស្សាវរីយ៍កាលពីថ្នាក់ទី ៩។ ចាប់ពីពេលនោះមកខ្ញុំតែងតែប្រយ័ត្ន ប្រយែងខ្លួនជាងមុន ព្រោះមិត្តឡប់ៗរបស់ខ្ញុំពូកែនិពន្ធរឿងណាស់ ស្រួលមិនស្រួលវាប្រឌិតរឿងមកធ្វើបាបខ្ញុំទៀតហើយ៕
អត្ថបទ៖ អាណៃ