កិច្ចសម្ភាសន៍ ហេង ពិទូ ក្រោយផ្ទុះបទ "ទីបំផុត"
- 2015-12-17 15:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចសម្ភាសន៍ ហេង ពិទូ ក្រោយផ្ទុះបទ "ទីបំផុត"
ចន្លោះមិនឃើញ
បទ " ទីបំផុត" របស់ហេង ពិទូ បានផុសជាផ្លូវការក្នុង Chanel YouTube ផ្ទាល់ខ្លួនប៉ុន្មានថ្ងៃនេះធ្វើឲ្យផ្ទុះខ្លាំង ដោយទទួលបានចំនួនអ្នកទស្សនារហូតដល់ជាង១០ម៉ឺននាក់ ក្នុងរយៈត្រឹម២ថ្ងៃប៉ុណ្ណោះ។
ទន្ទឹមនឹងទទួលបានការគាំទ្រខ្លាំង Fans ជាច្រើនមានការសំណូមពរចង់ដឹងរឿងរ៉ាវខ្លះៗទាក់ទងនឹងការផលិតបទចម្រៀង និងឧបសគ្គនៅពីក្រោយបទនេះផងដែរ។ ខាងក្រោមនេះជាកិច្ចសម្ភាសន៍ម្ចាស់បទ "ទីបំផុត" គឺលោក ហេង ពិទូ។
Sabay៖ ជម្រាបសួរបង ដោយសារថ្មីៗនេះ បទចម្រៀងនិពន្ធថ្មីបងផុសលើយូធូប មានបងប្អូនគាំទ្រខ្លាំងមែនទែន ហើយពួកគាត់ចង់ដឹងរឿងរ៉ាវខ្លះៗនៃការផលិតបទនេះ ដូច្នេះជួសមុខឲ្យ Fans ខ្ញុំចង់ដឹងពីចំណាប់អារម្មណ៍បងជាដំបូងសិន ?
ពិទូ ៖ បើនិយាយពីអារម្មណ៍វិញ គឺសប្បាយផង Surprise ផង គឺទាំងបង និងក្រុមបងដែលផលិតបទនេះ មិននឹកស្មានថាមានបងប្អូនគាំទ្រស្នាដៃនិពន្ធថ្មីរបស់លោករូមជាមួយក្រុមដល់ថ្នាក់ហ្នឹងទេ (សើច)ហើយមានអ្នកគាំទ្រ និងសរសើរច្រើនចំពោះអត្ថន័យនឹង MVដែលចេញពីម្សិលមិញនេះ ឥឡូវមានអ្នកទស្សនាជាង១០ម៉ឺននាក់ហើយ។
Sabay៖ តើក្រុមរបស់បងមានគ្នាប៉ុន្មាននាក់? ប្រើពេលវេលាប៉ុន្មានតាំងពីការផលិតតាំងពីដំបូងរហូតចេញជា MV?
ពិទូ ៖ ក្រុមបង៥ នាក់ដែលសហការគ្នាទើបបានចេញជាបទនេះឡើង។ បទនេះបងធ្វើតាំងពីចាប់ផ្ដើមគិតដំបូង រហូតចេញជា MV អស់រយៈពេល៣ខែ ចាប់ពីខែ ៩ រហូតដល់ខែ១២។ ដោយឡែក MV ទើបតែចាប់ធ្វើប៉ុន្មានថ្ងៃចុងក្រោយនេះដែរ គឺ៣ថ្ងៃ។
Sabay៖ ពាក់ព័ន្ធនឹងអត្ថន័យចម្រៀងនេះ តើវាជារឿងពិតរបស់បង ឬរឿងរបស់នរណាគេម្នាក់ដែលបងស្គាល់?
ពិទូ ៖ ចំពោះអត្ថន័យនៃបទចម្រៀង "ទីបំផុត" នេះ បងចង់ប្រាប់ថាមិនមែនជាសាច់រឿងរបស់បងឡើយ គឺ ជាការមើលឃើញរឿងជាក់ស្ដែងដែលកើតមានក្នុងសង្គមសព្វថ្ងៃ ដែលបងសរុបជារួម គឺស្រដៀងគ្នានឹងបទបង អាចថាមនុស្ស១០នាក់ អាចត្រូវនឹងសាច់រឿងដែលក្រុមបងផលិតឡើង ៥ ទៅ៦នាក់ដែរ។
Sabay៖ ដំបូងឡើយបងមានគិតថា បទនេះចេញទៅ ខ្លាចមិនមានការគាំ ទ្រ ឬអាចនិយាយបានថា មិនបានទទួលជោគជ័យ ព្រោះជាស្នាដៃដំបូងចឹង?
ពិទូ ៖ហឹម...បងគិតដែរអូន បង និងក្រុមមានការភ័យខ្លាច គ្មានអ្នកគាំទ្រ ប៉ុន្តែការគិតទាំងនោះ គឺទទួលមកវិញ ជាភាព Surprise មួយដែលមិននឹកស្មានដោយសារសន្ទុះនៃការគាំទ្រលើសលប់ពីការរំពឹងទុក។
(ឈុតមួយនៅក្នុងបទ "ទីបំផុត")
Sabay៖ ជុំវិញការផលិតបទចម្រៀងនេះទៀតសោត តើមានជួបការលំបាក និងឧបសគ្គអ្វីទេ?
ពិទូ ៖ លំបាកមានតិចតួចដែរ ប៉ុន្តែមិនជាធំដំអីទេអូន ទោះយ៉ាងណាទម្រាំបទនេះចេញមក នៅក្នុងក្រុមបង ក៏មានឈ្លោះប្រកែកគ្នាផងដែរ ប៉ុន្តែមិនជាធំដំអីទេ ជាចុងក្រោយ នៅតែសម្របសម្រួលគ្នាយកមតិមួយចុងក្រោយដែលអាចទទួលយកបានទាំងអស់គ្នា។
Sabay៖ ពាក់ព័ន្ធនឹងអត្ថន័យនៃបទចម្រៀងនេះ មានមនុស្សមួយចំនួន ក៏មិនពេញចិត្តនៃការសម្តែងឈុតឆាកខ្លះៗ ត្រង់តួស្រីម្នាក់ទៀតដែលជាមិត្តភក្តិមកឱបក បង មុខសង្សារ និងមិត្តដទៃ ថាហេតុអ្វីបានចាំបាច់ត្រូវឲ្យឱបកដល់ម្ល៉ឹងបើត្រឹមជាមិត្តភក្តិប៉ុណ្ណោះ កន្លែងនេះបងចង់បញ្ជាក់យ៉ាងម៉េចដែរ?
ពិទូ ៖ បាទ...ត្រង់ចំនុចនេះបងចង់បញ្ជាក់ទៅដល់បងប្អូនផងដែរ គឺបងទទួលស្គាល់ថា មានភាពឆ្គាំឆ្គងបន្តិចមែន ប៉ុន្តែបងក៏នៅតែចង់ប្រាប់ដដែលទៀតថា បងចង់ឲ្យឈុតកន្លែងហ្នឹងមើលទៅតួស្រីដាច់ខាតត្រូវតែប្រចណ្ឌតួប្រុស ហើយបងជាមួយក្រុមពួកបង ក៏បានគិតរួចហើយដែរថា ច្បាស់ជាប្រិយមិត្តនឹងរិះគន់ ត្រង់កន្លែងខ្លះៗជាមិនខាន ហើយពួកបង មានតែអរគុណដល់ពួកគាត់ព្រោះរាល់ការរិះគន់ទាំងនោះ បងនឹងយកទៅអភិវឌ្ឍន៍ជាបន្តទៀត។
Sabay៖ និយាយពីហេតុផល បទចម្រៀងនេះ ហេតុអ្វីបានជាសម្រេចឲ្យតួប្រុសជាអ្នកសុំបែកវិញ ទាំងខាងប្រុសជាអ្នកមានកាយវិការបែបស្និទ្ធស្នាលជាមួយនារីដទៃ?
ពិទូ ៖ ការពិតត្រង់ចំណុចនេះ ហេតុផលគឺដោយសារបងជាមនុស្សប្រុសហើយជាអ្នកច្រៀងទៀត ចឹង លើកយកតួប្រុសជាអ្នកសុំបែកតែម្ដងទៅ បើសិនបងជាស្រីវិញ បងក៏នឹងយកឲ្យមនុស្សស្រីជាអ្នកសុំបែកវិញមិនខានអូន។
Sabay៖ បងអាចបញ្ជាក់បានទេ រាល់ការចំណាយមួយបទនេះប្រហែលអស់ប៉ុន្មានដែរបង ហើយមានអ្នកឧបត្ថម្ភដែរ?
ពិទូ ៖ រាល់ការចំណាយថវិកាអស់ប៉ុន្មាន បងសុំមិនបង្ហាញទេអូន ម្យ៉ាងបទចម្រៀងមួយនេះ បងមិនបានដាក់ក្នុងផលិតកម្មនោះទេ ណាមួយជាការចំណាយមួយចេញពីថវិកាផ្ទាល់ខ្លួននឹងមិត្តរួមក្នុងក្រុមបង។
Sabay៖ ជាចុងក្រោយ តើបងមានពាក្យពេចន៍អ្វីផ្ដែផ្ដាំទៅទស្សនិកជនដែរទេ?
ពិទូ ៖ បាទ...បងចង់និយាយថា បើសិនជាគ្មានបងប្អូនទេ ពួកបងក៏គ្មានទឹកចិត្តនឹងផលិតបទថ្មីៗឡើងដែរ ពួកគាត់ជាចំណែកមួយយ៉ាងសំខាន់ បងពិតជារំភើប និងអរគុណពួកគាត់ខ្លាំងណាស់។ ក្រុមពួកបងនឹងខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងជាងមុនថែមទៀត ហើយនឹងនាំយកនូវអ្វីប្លែកៗដើម្បីបម្រើអារម្មណ៍ជូនទស្សនិកជនស្ដាប់កម្សាន្តបទនិពន្ធថ្មីផងដែរ៕
ក្ដៅៗបទ Original song “ទីបំផុត” របស់ ហេង ពិទូ ចេញជាផ្លូវការ
អត្ថបទ៖ ថា ម៉ាលីដា