រមណីយដ្ឋានវត្តភ្នំជាបេះដូង នៃក្រុងភ្នំពេញ
- 2015-12-20 22:04:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រមណីយដ្ឋានវត្តភ្នំជាបេះដូង នៃក្រុងភ្នំពេញ
ចន្លោះមិនឃើញ
វត្តភ្នំគឺជាបេះដូងនៃក្រុងភ្នំពេញ ដែលបានផ្ដល់ឈ្មោះដល់ទីក្រុងមួយនេះ។ វត្តភ្នំជាកន្លែងទេសចរណ៍មួយសំខាន់ក្នុងរាជធានីនាពេលបច្ចុប្បន្នផងដែរ។ វត្តភ្នំមានកម្ពស់ ២៧ ម៉ែត្រ។
ដើមឡើយមានរឿងដំណាលថា មានស្ត្រីមេម៉ាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយបានដើរលេងតាមដងទន្លេមេគង្គ ក៏បានឃើញដើមគគីមួយបណ្ដែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះ។ នៅក្នុងដើមគគីនោះ គាត់បានក៏បានរកឃើញពុទ្ធដិមាករដ៏មានតម្លៃ ៤ អង្គ។ នៅក្នុងអំឡុងឆ្នាំ ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំ និង សាងសងវិហារមួយដើម្បីតម្កល់ពុទ្ធបដិមាករនោះ។ នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះ ហើយបានសាងសង់ទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនេះ។
ផ្អែកតាមសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបរៀងដោយលោក កែវ ភួង បានរៀបរាប់ថា នៅក្នុងបរិវេណវត្តភ្នំ មានចេតិយធំមួយនៅក្រោយព្រះវិហារ ដែលតម្កល់ព្រះធាតុរបស់ស្ដេចពញាយ៉ាត និង ចេតិយសម្រាប់តម្កល់ព្រះធាតុរបស់ព្រះញាតិវង្សពញាយ៉ាត។ នៅក្នុងចេតិយនោះមាននៅសល់គ្រឿងបដិមាព្រះពុទ្ធនៅសម័យអង្គរ។ ចេតិយ និង ព្រះវិហារនៅវត្តភ្នំ បានសាងសងឡើងវិញជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, និង ១៩២៦ ដែលពីម្ដងទៅម្ដងកាន់តែធ្វើឲ្យវាមានសម្រស់ឡើង។
សៀវភៅមគ្គុទ្ទេសក៍ទេសចរដែលបានបោះពុម្ពកាលពីអំឡុងឆ្នាំ ២០០៣ មួយនេះក៏បានចាត់ទុកថា វត្តភ្នំជាកន្លែងទេសចរណ៍មួយនៅរាជធានីភ្នំពេញ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន ជាពិសេសនៅពេលចូលឆ្នាំខ្មែរ ភ្ញៀវជាតិជាច្រើនចូលចិត្តមកជួបជុំគ្នាលេងល្បែងប្រជាប្រិយនៅទីនេះ។ ឯជនបរទេសក៏បានមកទស្សនា និង ផ្ដិតរូបភាពពីរមណីយដ្ឋានវត្តភ្នំ ទុកជាអនុស្សាវរីយ៍៕
រូបភាព៖ ទូរសព្ទដៃ