លុយមិនគ្រប់ចង់ដូរម៉ូតូថ្មីគួរសន្សំរកខ្លួនឯង បង់រំលោះ ឬ ខ្ចីលុយធនាគារ?
- 2015-12-21 21:14:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយមិនគ្រប់ចង់ដូរម៉ូតូថ្មីគួរសន្សំរកខ្លួនឯង បង់រំលោះ ឬ ខ្ចីលុយធនាគារ?
ចន្លោះមិនឃើញ
ចង់បានម៉ូតូថ្មីជិះឡូយដូចគេ មិនមែនចេះអាចសម្រេចចិត្តបានភ្លាមៗទេ។ ក្រៅពីគិតគូរលើរូបរាងម៉ូតូដែលគិតថាស័ក្ដិសមហើយនោះ បញ្ហាស្មុគមួយទៀតគឺបើគ្មានលុយឬមានលុយមិនដល់ក៏ទៅមិនរួចដែរ។
មានវិធីសាស្ត្រជាច្រើនដែលពលរដ្ឋមួយចំនួនដែលខ្វះលទ្ធភាពបខិតខំរិះរកដើម្បីមានលុយទិញបានម៉ូតូថ្មី។ ដូចអ្នកខ្លះត្រូវសន្សំរាប់ឆ្នាំ អ្នកខ្លះប្រើសេវាបង់រំលស់ និងអ្នកខ្លះទៀតអាចឈានទៅខ្ចីបុលធនាគារជាដើម។
កំពុងអង្គុយក្រោមម្លប់ឈើលោក សុខា ជាអ្នករត់ម៉ូតូឌុបបានឲ្យដឹងថា ម៉ូតូដែលលោកប្រើប្រាស់រាល់ថ្ងៃ បានមកពីការសន្សំសំចៃនិងការចងការប្រាក់អ្នកដទៃ ទើបអាចមានលុយសមល្មមទិញបានម៉ូតូមួយគ្រឿងធ្វើជាមុខរបររត់ឌុបប្រចាំថ្ងៃ។
លោកបន្តថា លុយនេះលោកបានពីការចំណាយពេលវេលាសន្សំជាច្រើនឆ្នាំ ដោយខិតខំចាយវាយត្បិតត្បៀតបំផុតតាមដែលអាចធ្វើទៅបានដើម្បីសម្រេចបំណងទិញម៉ូតូបានមួយគ្រឿងទុកប្រើប្រាស់។
ចំណែកលោក មឿន បាននិយាយថា លោកបានសម្រេចចិត្តប្រើសេវាបង់រំលស់ ដើម្បីទិញម៉ូតូហុងដាឌ្រីមមួយគ្រឿង។ លោកថា លោកទិញដោយប្រើសេវាបង់រំលស់ ដោយសារមិនមានលុយទាំងដុលយកទៅទិញផ្តាច់ដែលត្រូវចំណាយរាប់ពានដុល្លារ។
ការទទួលបានម៉ូតូថ្មីប្រើប្រាស់នេះ លោកក៏ជាប់កាតព្វកិច្ចត្រូវបង់ថ្លៃសេវាបង់រំលស់ប្រចាំខែដល់ក្រុមហ៊ុនរយៈពេលមួយឆ្នាំ។
ចំណែកម្ចាស់ហាងលក់បាយអ្នកស្រី បញ្ញា បានប្រាប់ Sabay ថា អ្នកស្រីបានទិញម៉ូតូថ្មីដោយលុយខ្លួនឯងផ្ទាល់មិនបានចងការប្រាក់ ឬបង់រំលោះអ្វីទេ។
អ្នកស្រីបន្ថែមទៀតថា បានជាគាត់សម្រេចចិត្តទិញដោយចំណាយប្រើថវិកាទាំងដុលព្រោះអ្នកស្រីមានលទ្ធភាពនិងក៏មិនចង់ទិញជំពាក់ឬខ្ចីបុលគេនាំឲ្យកើតរឿងវែងឆ្ងាយ។
ស្រដៀងគ្នានេះដែរលោក ភា ដែលជាជាងជួសជុលម៉ូតូបាននិយាយថា លោកក៏ទើបទិញបានម៉ូតូថ្មីមួយគ្រឿងតម្លៃជាង ២ ពាន់ដុល្លារដោយថវិកាផ្ទាល់ខ្លួន ដែលថវិកាក៏បានមកពីសន្សំយូរឆ្នាំនោះដែរ។
លោកបន្តថា លោកទិញម៉ូតូដោយប្រើថវិកាផ្ទាល់ខ្លួន ដោយសារគិតថាងាយស្រួលនិងណាមួយបើខ្ចីបុលគេឬបង់ធនាគារនាំឲ្យខាតការប្រាក់។
លោកបញ្ជាក់ថា ទោះបីលោកចង់បានម៉ូតូថ្មីប្រើប្រាស់ តែសមត្ថភាពទៅមិនរួចដោយត្រូវខ្ចីបុលគេក៏លោកមិនចង់ដែរ ពីព្រោះលោកចង់បានរបស់អ្វីមួយដោយប្រើសមត្ថភាពខ្លួនឯងនិងដែលលទ្ធភាពអាចទៅរួច។
តើប្រិយមិត្តសម្រេចចិត្តទិញម៉ូតូថ្មីដោយវិធីណា?
ចុចអាន៖ ទូរសព្ទល្អៗមានតម្លៃថោកចំនួនបួន ដែលអ្នកប្រើប្រាស់បានមើលរំលង អត្ថបទ៖ រក្សា