គាត់​មិន​គួរ​ប្រើ​ឈ្មោះ​ជា​ក្មួយ​អ្នក​មាន ​មក​បោក​ខ្ញុំ

  • 2014-10-21 22:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្ដី​បង ​Sabay! សូម​មេត្តា​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្ញុំ​ផង​ ព្រោះ​ខ្ញុំ​មាន​បញ្ហា​មួយ​ចង់ ​ឲ្យ​មិត្ត​អ្នក​អាន​របស់ ​Sabay ​ជួយ​ដោះ​ស្រាយ​ខ្ញុំ​ផង។ ខ្ញុំ​ជា​កូន​ស្រី​អ្នក​ខេត្ត​កណ្ដាល​ ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១២​ តែ​ប៉ុណ្ណោះ ដោយសារ​ជីវភាព​ក្រី​ក្រ​ពេក​ ទើប​ខ្ញុំ​បញ្ចប់​ការ​សិក្សា​បាន​ត្រឹម​ថ្នាក់​​១២​នេះ។ ក្រោយ​ពី​រៀន​ចប់​ថ្នាក់​ទី​១២​ហើយ​ នៅ​ឆ្នាំ​២០០៨​មក​ ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​របស់​បារាំង​មួយ​ ជា​តួនាទី​ជា​អ្នក​បម្រើ។ ការងារ​របស់​ខ្ញុំ​គឺ​គ្រាន់​បើ​ដែរ ពី​ព្រោះ​ជា​ហាង​លំដាប់​មធ្យម។ អ្នក​មាន​ជីវភាព​គ្រាន់​បើ​ ទើប​ហ៊ាន​ចូល​ទៅ​ពិសា​អាហារ​នៅ​ទី​នោះ។

 

រូប​តំណាង​

 

មួយ ​ឆ្នាំ​ក្រោយ​ពី​ធ្វើ​ការ​នៅ​ទី​នោះ​ ខ្ញុំ​បាន​ស្គាល់​គ្នា​​ជាមួយ​នឹង​បុរស​ម្នាក់​ ដែល​ជា​អង្គរក្ស​អ្នក​ធំ។ ថ្ងៃ​ដែល​គាត់​ជូន​មេ​របស់​គាត់​មក​ពី​សារ​អាហារ​នៅ​ហាង​របស់​​ខ្ញុំ​លើក​ ដំបូង​ គាត់​បាន​ឆ្លៀត​សួរ​នាំ​ខ្ញុំ​ជា​ច្រើន​ និង​ហ៊ាន​សុំ​លេខ​ទូរសព្ទ​របស់​ខ្ញុំ​ទៀត​ ដោយ​ប្រាប់​ខ្ញុំ​ថា​ ទុក​សម្រាប់​ទាក់​ទង​មក​ខ្ញុំ​មុន​ ពេល​ណា​គាត់​ត្រូវ​ជូន​ពូ​របស់​គាត់​មក​ពិសា​អាហារ​អី​ទៀត​ ដើម្បី​ខ្ញុំ​រៀប​ចំ​កន្លែង​​ទុក​ជា​មុន។ ដំបូង​ខ្ញុំ​បាន​ប្រកែក​ថា​ គេ​មាន​លេខ​ទូរសព្ទ​សម្រាប់ ​​Order ដែរ​ អាច​ខល​មក​លេង​នោះ​បាន​គ្រប់​ពេល។ ប៉ុន្តែ​គាត់​នៅ​តែ​សុំ​លេខ​ខ្ញុំ​មួយ​ទៀត​ឲ្យ​ទាល់​តែ​បាន។ ក្រោយ​ពី​បាន​លេខ​ទូរសព្ទ​នោះ​ហើយ​ ទូរសព្ទ​របស់​ខ្ញុំ​មិន​សូវ​ទំនេរ​ឡើយ គឺ​គាត់​ខល​ចូល​រហូត​ សួរ​នាំ​ខ្ញុំ​រឿង​មិន​សូវ​បាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា​ ញ៉ាំ​អាហារ​ហើយ​ឬ​នៅ? រាល់​ថ្ងៃ​នៅ​ជា​មួយ​អ្នក​ណា​គេ? និង​មាន​គូ​ហើយ​ឬ​នៅ?

 

តែ​ទោះ​បី​យ៉ាង​ណា​ខ្ញុំ​ដូច​ជា​មិន​ទាន់​ធុញ​ ទ្រាន់​នឹង​​គាត់​ដូច​ពេល​នេះ​ទេ។ ក្រោយ​ចេញ​ពី​​ធ្វើ​ការ​ គាត់​សុំ​និយាយ​ជាមួយ​ខ្ញុំ​ពីរ​ទៅ​បី​ម៉ោង​ឯណោះ។ ខ្ញុំ​ក៏​បាន​សួរ​នាំ​គាត់​ថា ​ធ្វើ​ការ​នៅ​ឯណា​ដែរ​ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ គាត់​ធ្វើ​ការ​ឲ្យ​ពូ​របស់​គាត់​ ក្នុង​តួនាទី​ជា​អ្នក​បើក​ឡាន។ ខ្ញុំ​ជឿ​គាត់​ទាំង​ស្រុង​ ពី​ព្រោះ​ឃើញ​គាត់​តែង​បើក​ឡើង​ដឹង​បុរស​អ្នក​មាន​នោះ​មក​ពិសា​អាហារ​អីចឹង​ មែន។

 

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ទំនាក់​ទំនង​របស់​យើង​កាន់​តែ​ស្អិត​រ​មួត​ទៅ​ៗ​។ ពេល​ណា​ខ្ញុំ​ទំនេរ​ គាត់​បាន​មក​យក​ខ្ញុំ​ទៅ​ញ៉ាំ​អី​នៅ​ខាង​ក្រៅ។ គាត់​បាន​នាំ​ខ្ញុំ​ ដែល​មក​រស់​នៅ​ភ្នំពេញ​ប្រហែល​៥​ឆ្នាំ​ទៅ​ហើយ​ បាន​ស្គាល់​ភោជនីយដ្ឋាន​ធំ​ៗ​ ហាង​កាហ្វេ​ទំនើប​ៗ​ និង​ទៅ​មើល​កុន​ទៀត​ផង។ គាត់​បាន​ទិញ​ខោ​អាវ​ថ្មី​ៗ​ឲ្យ​ខ្ញុំ​ ដែល​មាន​តម្លៃ​ថ្លៃ​ ពី​ក្នុង​ហាង​ដែល​មាន​អតិថិជន​សុទ្ធ​តែ​អ្នក​មាន។ ដំបូល​ឡើយ​ ខ្ញុំ​ប្រកែក​មិន​យក​ទេ​ ប៉ុន្តែ​គាត់​អង្វរ​ពេក​ និង​ម្យ៉ាង​ខ្លាច​ខ្មាស​គេ​ផង​នៅ​ក្នុង​ហាង​ទំនើប​ដែល​មាន​មនុស្ស​ជា​ច្រើន​ កំពុង​តែ​ទិញ​ឥវ៉ាន់​ដែរ​ ដូច្នេះ​ខ្ញុំ​ក៏​បង្ខំ​ចិត្ត​យក​ទៅ។ ពេល​ទិញ​ឥវ៉ាន់​ម្ដង​ៗ​ ក៏​ខ្ទង់​មួយ​រយ​ដុល្លារ​ដែរ​ ហើយ​គាត់​ចេញ​លុយ​ឲ្យ​ខ្ញុំ​ទាំង​អស់​ មិន​ដែល​ឲ្យ​ខ្ញុំ​ចេញ​ម្ដង​ណា​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជំពាក់​គុណ​គាត់​យ៉ាង​ខ្លាំង​ មួយ​រឿង​ញ៉ាំ​អាហារ​ដែល​ត្រូវ​គាត់​ប៉ាវ​ និង​មួយ​គឺ​សំលៀក​បំពាក់​ដែល​ត្រូវ​គាត់​ចេញ​លុយ​ទិញ​ឲ្យ​ខ្ញុំ​គ្រប់​ពេល។ ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​ដែរ​ ថា​គាត់​បាន​លុយ​មក​ពី​ណា​អី​ក៏​ច្រើន​ម្ល៉េះ​ មក​នាំ​ខ្ញុំ​ញ៉ាំ​អាហារ​ និង​ទិញ​របស់​របរ​ឲ្យ​ខ្ញុំ។ ខ្ញុំ​ក៏​ចាប់​ជឿ​ថា​ គាត់​ពិត​ជា​ក្មួយ​លោក​អ្នក​មាន​ម្នាក់​នោះ​មែន​ហើយ​ ទើប​គាត់​មាន​លុយ​សម្បើម​យ៉ាង​ហ្នឹង។

 

គាត់​នាំ​ខ្ញុំ​ចេញ​ក្រៅ​ជា​ញឹក ​ញយ​ និង​ពេល​ខ្លះ​ថែម​ទាំង​បើក​ឡាន​ថ្លៃ​​មក​យក​ខ្ញុំ​ទៅ​ផង។ ខ្ញុំ​ហៅ​គាត់​ថា​ បង​!​ បង!​ ចំណែក​គាត់​ហៅ​ខ្ញុំ​វិញ​ថា​ អូន​! អូន! យើង​ដូច​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ទៅ​ហើយ។ គាត់​ឱប​​ខ្ញុំ​ ប្រឡែង​លេង​ជា​មួយ​ខ្ញុំ​ ។ តែ​ពេល​ខ្លះ​ខ្ញុំ​ក៏​សួរ​នាំ​​អំពី​រឿង​រៀប​ការ​ ហើយ​គាត់​ថា​មិន​ជា​បញ្ហា​អ្វី​ទេ។ ខ្ញុំ​ក៏​ជឿ​តាម​គាត់​ថា​មិន​ជា​បញ្ហា​ដែរ​ ពី​ព្រោះ​គាត​នឹង​មិន​ខ្វះ​ទេ​លុយ។

 

តែ​ថ្ងៃ​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ អារម្មណ៍​ថា​ ស្អប់​លែង​ចង់​ឃើញ​មុខ​គាត់​ជា​រៀង​រហូត​ នោះ​គឺ​នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា​ អ្វី​ៗ​ត្រូវ​​បាន​គាត់​កុហក។ ពេល​មួយ​នោះ​រថយន្ត​ដដែល​បាន​ជូន​របស់​អ្នក​មាន​នោះ​មក​ញ៉ាំ​អាហារ​ជា​មួយ​ មិត្តភ័ក្តិ​របស់​គាត់​ដូច​មុន​ ប៉ុន្តែ​អ្នក​ជូន​មក​នោះ​មិន​មែន​សង្សារ​របស់​ខ្ញុំ​ទេ គឺ​អ្នក​ផ្សេង។ ពេល​ទំនេរ​ដៃ​ពី​ការងារ​បន្តិច​ ខ្ញុំ​បាន​ទៅ​សួរ​នាំ​បុរស​នោះ​អំពី​សង្សារ​របស់​ខ្ញុំ​ របស់​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន​ នោះ​គឺ​បាន​ប្រាប់​ខ្ញុំ​ថា​ សង្សារ​របស់​ខ្ញុំ​គឺ​ជា​អង្គរក្ស​ថៅកែ​នោះ​ ដូច​គាត់​ដែរ។ ពេល​នេះ​ គាត់​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ​បាត់​ទៅ​ហើយ​ ដោយសារ​យក​ឡាន​របស់​ថៅកែ​បើក​ដើរ​លេង​ច្រើន​ពេក។ ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក​តែ​ម្ដង​ ពេល​ឮ​គាត់​និយាយ​បែប​នេះ ពី​ព្រោះ​ខ្ញុំ​ស្មាន​ថា​ គាត់​ជា​ក្មួយ​អ្នក​មាន។ ខ្ញុំ​បាន​ដឹង​បន្ថែម​​ទៀត​ថា​ សង្សារ​របស់​ខ្ញុំ​​បាន​ទៅ​ធ្វើ​ជា​សន្តិសុខ​យាម​តាម​រោង​ចក្រ​នៅ​ម្ដុំ​ ផ្លូវ​វេងស្រេង។

 

ខ្ញុំ​ខូច​ចិត្ត​ និង​ដេក​យំ​អស់​ជា​ច្រើន​ថ្ងៃ​។ ឯ​សង្សារ​ខ្ញុំ​នៅ​តែ​បន្ត​ទូរសព្ទ​មក​រក​ខ្ញុំ​ និង​ខំ​លាក់​បាំង​ដូច​គ្មាន​រឿង​អី​កើត​ឡើង​ទាំង​អស់​ តែ​ខ្ញុំ​មិន​បាន​លាក់​បាំង​រឿង​នេះ​ទេ​ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ ខ្ញុំ​បាន​ដឹង​រឿង​អ្វី​ៗ​គ្រប់​យ៉ាង​អស់​ហើយ។ គាត់​បាន​អង្វរ​ខ្ញុំ​ថា​កុំ​បែក​ចិត្ត​​ពី​គាត់​ដោយ​ក្ដី​អាណិត​បំផុត។ ខ្ញុំ​មិន​បាន​អឺ​អើ​ជា​មួយ​គាត់​ទេ​ គ្រាន់​តែ​ចុច​ទូរសព្ទ​បិទ​ក្រោយ​ពី​និយាយ​បាន​មួយ​ភ្លែត។ ម្ដង​នេះ​ ខ្ញុំ​អត់​និយាយ​លេង​យូរ​ជា​មួយ​គាត់​ដូច​មុន​នោះ​ទេ។ បើ​ទោះ​បី​បាន​និយាយ​គ្នា​ឲ្យ​ជ្រះ​ស្រលះ​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ នៅ​តែ​មិន​សប្បាយ​ចិត្ត​ដដែល​ ហើយ​អារម្មណ៍​ដែល​ស្រលាញ់​គាត់​ គឺ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច​ តែ​អារម្មណ៍​ខក​ចិត្ត​មាន​ឥទ្ធិពល​លើស​លុប​​ជាង​គេ។

 

តាម​ពិត​ទៅ​ខ្ញុំ ​មិន​ស្អប់​គាត់​ដែល​ជា​អង្គរក្ស​ ឬ​អ្នកយាម​អ្វី​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​គឺ​ ការ​បោក​ប្រាស់​ខ្ញុំ​ជា​កើល​ដំបូង។ នរណា​ក៏​ដឹង​ដែរ​ថា​ អាថ៌កំបាំង​គ្មាន​ទេ​ ក្នុង​លោក​​នេះ​ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គាត់​កុហក​ខ្ញុំ។ គាត់​ចាត់​ទុក្ខ​ខ្ញុំ​​ជា​ទីងមោង​ឬ? បើ​ទោះ​បី​មិត្តភ័ក្ដិ​របស់​គាត់​មិន​ប្រាប់​រឿង​នេះ​ដល់​ខ្ញុំ​ ក៏​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ខ្ញុំ​ប្រាកដ​ជា​ដឹង​ គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ទេ​ក្នុង​លោក​នេះ។

 

ពេល ​ឥលូវ​នេះ​ បញ្ហា​តែ​មួយ​ដែល​ខ្ញុំ​ពិបាក​ដោះ​ស្រាយ​គឺ​បន្ត​ ឬ​បែក​ពី​មនុស្ស​ដែល​កុហក​ខ្ញុំ។ សូម​មិត្ត​អ្នក​អាន​​ជួយ​ឆ្លើយ​សំនួរ​ខ្ញុំ​ផង​ថា​តើ៖ ​ ១) ខ្ញុំ​គួរ​តែ​លើក​លែង​ទោស​ឲ្យ​គាត់​ដែល​ជា​មនុស្ស​កុហក​ខ្ញុំ​ទេ​ និង​បំភ្លេច​រឿង​គ្រប់​បែប​យ៉ាង​ តែ​បង្កើត​ស្នេហា​ជាមួយ​គាត់?

២) បើ​ខ្ញុំ​មិន​ព្រម​ទទួល​យក​គាត់​ តើ​ខ្ញុំ​គួរ​ឈប់​ពី​ការងារ​នៅ​ក្នុង​ហាង​របស់​ខ្ញុំ​ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ​ ដើម្បី​គេច​មុខ​គាត់​ ជា​ការ​ល្អ​អត់?

៣) ឥលូវ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ខូច​ចិត្ត​ជា​ខ្លាំង​ គឺ​ខូច​ចិត្ត​ចំពោះ​ការ​ដែល​គាត់​កុហក​ខ្ញុំ​ តើ​មាន​វិធី​សាស្ត្រ​អ្វី​ដើម្បី​បំបាត់​ភាព​ឈឺចាប់​នេះ​បាន​ទេ?

 

ជា​ ចុង​ក្រោយ​ អរគុណ​បង​Sabay​ និង​មិត្ត​អ្នក​អាន​ទាំង​អស់​ដែល​ជួយ​ផ្ដល់​គំនិត​ដល់​រូប​ខ្ញុំ។ ជូនពរ​ឲ្យ​បង​ៗ​ទាំង​​អស់​គ្នា​មាន​សេចក្ដី​សុខ​ និង​កុំ​ជួប​មនុស្ស​បោក​កុហក​ដូច​រូប​ខ្ញុំ៕

 

ពី​ ផ.ន

 

-មើល​​អត្ថបទ​​ស្នេហា​ផ្ញើ​ដោយ​ប្រិយមិត្ត​អ្នក​អាន​ ចុច​ត្រង់​នេះ

 

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជា​យោបល់​ក្នុង​ការ​ដោះ​ស្រាយ​ សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​អ្នក​មក​កាន់​ may.soklim@cidc.com.kh។ ឬ​អ្នក​​អាច​ទូរសព្ទ​មក​យើង ០១៦​ ៧៩២​ ១៥១។  Sabay នឹង​ចុះ​​ផ្សាយ​​ជូន។

អត្ថបទថ្មី