សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​ត្រៀម​បញ្ជូន​អត្តពលិក​វ័យ​ក្មេង​ទៅ​ហាត់​នៅ​ថៃ

  • 2016-01-05 17:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា គ្រោង​បញ្ជូន​អត្តពលិក​វ័យ​ក្មេង ៤នាក់​ទៅ​ហាត់​នៅ​ប្រទេស​​ថៃ​រយៈ​ពេល​មួយ​សប្ដាហ៍ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​អាស៊ី ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​កីឡា​នានា។

 

លោក ងិន សុបញ្ញា និង​កីឡាករ-កីឡា​ការិនី​ទ្រីយ៉ាត្លុងកម្ពុជា

 

លោក ងិន សុបញ្ញា អគ្គលេខាធិការ​សហព័ន្ធ​​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អត្តពលិក​វ័យ​ក្មេង​ទាំង ៤​នាក់​នោះ​មាន កីឡាករ ឆោម ច័ន្ទថុន កីឡាករ ឆោម ច័ន្ទថា កីឡាករ ចេង ពិរោត និង​កីឡា​ការិនី ប៊ុត រក្សា។ ពួក​គេ​នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី២៣ ខៃ​មករា​នេះ អម​ដោយ​គ្រូ​បង្វឹក ២រូប គឺ​លោក ចេង ចាន់តារា‌ និង អ្នក​ស្រី កាង ណុចបវរ។

 

ដំណើរ​ចេញ​ទៅ​ហ្វឹក​ហាត់​លើក​នេះ ក្រោម​កម្មវិធី​វគ្គ​បណ្ដុះ​បណ្ដាល​អត្តពលិក​វ័យក្មេង​របស់​សហព័ន្ធ​ទ្រីយ៉ាត្លុង​អាស៊ី ដែល​មាន​គោល​ដៅ​បណ្ដុះ​ថ្នាល​យុវជន​ឲ្យ​បាន​ច្រើន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​នានា។ ការ​ចំណាយ​ថ្លៃ​ស្នាក់​នៅ និង​ហូបចុក សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​អាស៊ី​ជា​អ្នក​ចេញ ចំណែក​ថ្លៃ​ធ្វើ​ដំណើរ​ជា​បន្ទុក​របស់​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា។

 

លោក ងិន សុបញ្ញា បាន​បញ្ជាក់​បន្ថែម​ថា សហព័ន្ធ​ធ្លាប់​បញ្ជូន​កីឡាករ​ជម្រើស​ជាតិ​ទៅ​ហាត់​នៅ​ប្រទេស​ថៃ​មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី២៨ រយៈ​ពេល ៣​ខែ និង​បញ្ជូន​គ្រូ​បង្វឹក​ទៅ​ចូល​រួម​វគ្គ​បច្ចេកទេស​កាល​ឆ្នាំ​២០១៤។ នេះ​គឺ​ជា​លើក​ទី១ សម្រាប់​អត្តពលិក​វ័យ​ក្មេង ដែល​បាន​ទៅ​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស៕

 

អត្ថបទ៖ គង់ វិសាល

រូបថត៖ ផ្ដល់ឲ្យ

អត្ថបទថ្មី