E-Sports កម្ពុជា​ធ្វើ​សន្និសីទ​​បញ្ជូន​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទៅ​ MATIC 2016

  • 2016-01-12 20:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​​បាន​រៀប​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​​បញ្ជូន​ក្រុម​កីឡាករ​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ចូល​រូម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 (Mission Against Terror International Championship) ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់​ពី​ថ្ងៃ​ទី​ចាប់​ពី​ថ្ងៃ​ទី​១៣​ ដល់​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៦។

 

 ថត​រូប​ជុំ​គ្នា​

 

នៅ​ក្នុង​សន្និបាត​វិសាមញ្ញ​ដែល​មាន​ទាំង​សន្និសិទ​ផង​​កាល​ពី​ព្រឹក​មិញ​​មាន​ការ​ចូល​រួម​ដោយ​​ឯក​ឧត្តម​ វ៉ាត់​ ចំរើន​ រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មកាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ឯកឧត្តម​ ជា ច័ន្ទបរិបូរណ៍ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជា​ទី​ប្រឹក្សា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​ទី​មួយ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​លោក​ ជី​ សិលា ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ ព្រម​ទាំង​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ទាំង​អស់​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

 

ក្នុង​ពិធី​នេះ​ ឯកឧត្តម​ វ៉ាត់ ចំរើន បាន​ផ្តាំ​ផ្ញើ​ដល់​ក្រុម​កីឡាករ​ដែល​​ទៅ​ចូល​រួម​ប្រកួត​ MATIC 2016 ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​ សីលធម៌ និង​ស្មារតី​ជា​ក្រុម​​ក្នុង​ការ​ចូល​រួម​ប្រកួត​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ និង​នាំ​មក​នូវ​មុខ​មាត់​ជូន​ប្រទេស​ជាតិ។ ឯកឧត្តម​សង្ឃឹម​ថា ក្រុម​កីឡា​នឹង​ធ្វើ​បាន​ល្អ ហើយ​អាច​រក្សា​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​បាន។

 

ឯកឧត្តម​បន្ត​ថា កីឡា​អេឡិចត្រូនិកកម្ពុជា​(E-Sport) គឺ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ ដើម្បីរួមចំណែក​ក្នុង​សកម្មភាព​កីឡា​ទាំង​ថ្នាក់​ជាតិ​ និង​អន្ដរជាតិ​ ដើម្បី​លើក​កិត្តិស​មុខ​មាត់​ប្រទេស​កម្ពុជា។ កីឡា​ប្រភេទ​ថ្មី​នេះ​ បាន​អភិវឌ្ឍ​ខ្លួន​ឲ្យ​រីកចម្រើន​គួរ​ឲ្យកត់​សម្គាល់​ ប៉ុន្ដែ​ទន្ទឹម​ជា​មួយ​គ្នា​នេះ​ ក៏​មាន​មនុស្ស​មួយ​ចំនួន​ នៅ​យល់​ច្រឡំ​​ E-Sport នេះ​ដែរ​ ដោយ​ពួក​គេ​បែរ​ជា​លើក​ឡើង​ថា​ E-Sports ជា​កីឡា​បង្វក់​ក្មេង​ៗ​ ឬ​ជា​ល្បែង​ខុស​ច្បាប់​ទៅ​វិញ។ កីឡា​ E-Sport មាន​ក្បួន​ខ្នាត​ច្បាប់​លេង​ត្រឹម​ត្រូវ​ ដោយ​មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី។ កីឡា​នេះ​ មិន​មែន​ដូច​ការ​លើក​ឡើង​ថា​ ជា​កីឡា​បង្វក់​ក្មេង​ៗ​ ឬ​ជា​ល្បែង​ខុស​ច្បាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ កីឡា​នេះ​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ ដែល​ធ្វើ​យុវជន​ទទួល​បាន​ចំណេះ​ដឹង​បច្ចេកវិទ្យា​ ពិសេស​ជំនាញ​កុំព្យូទ័រ​ និង​ភាសា​បរទេស​តែម្ដង​។

 

ឯកឧត្តម វ៉ាត់ ចំរើន (ឆ្វេង) និង លោក ជី សិលា (ស្តាំ)

 

ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​មាន​​ប្រទេស​ចូល​រួម​ចំនួន​៦​គឺ​​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ ចិន​ កម្ពុជា​ ថៃ​ ម៉ាឡេស៊ី​ និង​សិង្ហបុរី។ បើ​គិត​ជា​ក្រុម​វិញ​មាន​១៦​ក្រុម​គឺ​ប្រទេស​កម្ពុជា​មាន​​២ក្រុម​, ថៃ​​មាន​៣​ក្រុម​, ម៉ាឡេស៊ី​មាន​២​ក្រុម​, សិង្ហបុរី​មាន​​២​ក្រុម, ​ចិន​មាន​​២​ក្រុម​ និង​​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​​៥​​ក្រុម។

 

ការ​​ប្រកួត​​នេះ​មាន​កីឡា​អេឡិចត្រូនិក​២​វិញ្ញាសា​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​គឺ​វិញ្ញាសា​ប្រកួត​ជា​ក្រុម​ (៥​នាក់) និង​វិញ្ញាសា​ឯកត្តជន។

សម្រាប់​​ប្រាក់​រង្វាន់​វិញ​​គឺ​ក្រុម​ជើងឯក​ទទួល​​មេដាយ​មាស​ ពាន​មួយ​ និង​​ប្រាក់​រង្វាន់​១៥​០០០​ដុល្លារ​អាមេរិក​ ក្រុម​លេខ​២​ទទួល​​មេដាយ​ប្រាក់​ ពាន​មួយ​ និង​​ប្រាក់​រង្វាន់​៧០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​ និង​​ប្រាក់​រង្វាន់៤០០០​ដុល្លារ​អាមេរិក និង​ក្រុម​លេខ​៤​ទទួល​បាន​២៥០០​​ដុល្លារ​អាមេរិក។ ចំពោះ​វិញ្ញាសា​ឯកត្តជន​វិញ​លេខ​១​ទទួល​៥០០​ ដុល្លារ​អាមេរិក លេខ​២​ទទួល​ ៤០០​ ដុល្លារ​អាមេរិក​ លេខ​៣​ទទួល​បាន​ ៣០០​ ដុល្លារ​អាមេរិក​ លេខ​៤​ទទួល​បាន២០០​ ដុល្លារ​អាមេរិក​ និង​លេខ​៥​ទទួល​១០០​ ដុល្លារ​អាមេរិក​។

 

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC បាន​ប្រព្រឹត្ត​ទៅ​​ចំនួន​​៥​លើក​ហើយ​គិត​ទាំង​ឆ្នាំ​២០១៦​នេះ។ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ក្រុម​កម្ពុជា​ Secret ជា​ម្ចាស់​ជើង​ឯក​ដែល​ទទួល​បាន​មេដាយ​មាស​ ពាន​ និង​ប្រាក់​រង្វាន់​១៥០០០​ដុល្លារ​អាមេរិក។ ដូច្នេះ​សម្រាប់​ឆ្នាំ​នេះ​ ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ត្រូវ​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន។ ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​នឹង​ចេញ​ដំណើរ​ទៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ស្អែក​នេះ៕

 

ក្រុម​កីឡាករ​

 

 ​កីឡាករ​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន

 

អត្ថបទ៖ ជាន ចាន់រ៉ា​