កំពុងទក់សាច់ប្រឈមនឹងជាប់ពន្ធនាគារ ៤ ឆ្នាំ ឥឡូវ Yoo Ah In ត្រូវបុរសម្នាក់ចោទថារំលោភទៀត

  • 2024-07-26 03:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង Yoo Ah In ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការកាត់ទោសពីបទប្រើប្រាស់គ្រឿងញៀន ត្រូវបានគេរាយការណ៍មកថា ជាប់ចោទប្រកាន់ពីបទរំលោភផ្លូវភេទលើភេទដូចគ្នាមួយករណីទៀតហើយ។

នៅថ្ងៃទី ២៦ ខែកក្កដា ប៉ុស្តិ៍ប៉ូលីស Yongsan បានរក្សាទុក Yoo Ah In ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទលើបុរសម្នាក់ដែលមានអាយុ ៣០ ឆ្នាំ។ នៅក្រោមច្បាប់របស់ប្រទេសកូរ៉េ ការរំលោភផ្លូវភេទលើភេទដូចគ្នាត្រូវបានចាត់ទុកថាជាការរំលោភបំពាន។

Yoo Ah In កំពុងត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើបុរសម្នាក់ ដែលកំពុងដេកនៅក្នុងផ្ទះ នៅ Yongsan កាលពីថ្ងៃទី ១៤ ខែកក្កដា។ ទោះបីជាប៉ូលីសបានទទួលរបាយការណ៍ពីលោក A ប៉ុន្តែពួកគេមិនទាន់បានជូនដំណឹងដល់ Yoo Ah In នៅឡើយទេ។ ពួកគេគ្រោងនឹងកោះហៅ លោក Yoo មកសាកសួរក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃកើតហេតុ លោក A បានអះអាងថា ខ្លួនកំពុងដេកនៅផ្ទះតាំងពីម៉ោង ៦ព្រឹក ដល់ម៉ោង ៤ល្ងាច ទើបដឹងថា ខ្លួនត្រូវបានរំលោភសេពសន្ថវៈ ពេលភ្ញាក់ពីដំណេក។

បុគ្គលដដែលបន្ថែមទៀតថា ផ្ទះ​នោះ​មិន​មែន​ជា​ផ្ទះ​របស់​ ខ្លួន ក៏ដូចជា Yoo Ah In ឬ​លោក A ទេ ប៉ុន្តែ​ជា​ផ្ទះគេផ្សេងទៀត។

ទោះជាយ៉ាងណា អ្នកតំណាងផ្នែកច្បាប់របស់លោក Yoo ក៏បាន​ចេញបញ្ជាក់ និងច្រានចោលអំពីករណីនេះថាពុំមែនជាការពិតឡើយ និងសំណូមពរសុំឲ្យមានការយោគយល់ កុំយាយីជីវិតឯកជនចំពោះលោកខ្លាំងពេក។

ជាក់ស្ដែង ថ្មីៗនេះ ព្រះរាជអាជ្ញាបានស្នើឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានវ៉ុនចំពោះតារាសម្តែង Yoo Ah In ដែលស្ថិតនៅក្រោមការកាត់ទោសពីបទប្រើប្រាស់គ្រឿងញៀនជាប្រចាំ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី