ប្រហិតឆ្ងាញ់រកឯណាមាន...នេះនែ៎! Mr. F3 ប្រហិតក៏ឆ្ងាញ់ ទឹកជ្រលក់ក៏ប្លែក យកពីបាត់ដំបង
- 2016-01-27 19:04:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រហិតឆ្ងាញ់រកឯណាមាន...នេះនែ៎! Mr. F3 ប្រហិតក៏ឆ្ងាញ់ ទឹកជ្រលក់ក៏ប្លែក យកពីបាត់ដំបង
ចន្លោះមិនឃើញ
ល្បីថាប្រហិតតាមរទេះ Mr. F3 មានមនុស្សទិញញ៉ាំច្រើន ខណៈទើបតែបើកបានមួយខែប៉ុណ្ណោះ។ ចំពោះហេតុផលក៏ឮមកដែរថា សាច់ប្រហិតក៏ឆ្ងាញ់ ជាពិសេសទឹកជ្រលក់ពីរប្រភេទ ដែលជាស្នាដៃប្រចាំត្រកូលរបស់ ចែ ម៉ី សាលាចិនខេត្តបាត់ដំបងទៀតផង។
បើតាមលោក ទី ម្ចាស់ប្រហិតរទេះ Mr. F3 បានឱ្យដឹងថា បើទោះទើបបើក និងមិនសូវជាមានអ្នកស្គាល់ច្រើនក្ដី ប៉ុន្តែក្នុងមួយថ្ងៃ មានភ្ញៀវចូលញ៉ាំគួរសមដែរ ជាពិសេសមិត្តយុវវ័យ។ ចំពោះប្រហិតសាច់គោ លោកបានប្រើប្រភេទលេខ ១ តែមួយនឹងប្រហិតលក់នៅតាមផ្សារទំនើបឡាក់គីដែរ ហើយអ្វីកាន់តែពិសេសនោះ គឺមានរូបមន្តទឹកជ្រលក់ពិសេសរសជាតិឆ្ងាញ់ល្បីពីរប្រភេទរបស់ ចែ ម៉ី នៅបាត់ដំបង។
“ខ្ញុំយកប្រហិតលេខ១ ហើយខ្ញុំមានទឹកជ្រលក់រសជាតិហឹរ និងរសជាតិសណ្ដែកដី។ អត់មានលក់ទេនៅភ្នំពេញ ខ្ញុំយកពីចែ ម៉ី សាលាចិនបាត់ដំបង។ ទឹកជ្រលក់គាត់ល្បីណាស់ អ្នកនៅសាលាចិនភាគច្រើនស្គាល់"។
ក្រៅពីប្រហិត និងទឹកជ្រលក់ពីរប្រភេទនេះ លោកក៏មានទឹកសៀងមួយមុខទៀតដែរ សម្រាប់បំពេញតាមតម្រូវការរបស់មិត្តយុវវ័យ។
“ខ្ញុំចង់ឱ្យភ្ញៀវស្គាល់ទឹកជ្រលក់ពីរប្រភេទនេះ តែខ្ញុំក៏មានទឹកសៀងមួយទៀត សម្រាប់អ្នកដែលមិនចេះហឹរ និងសណ្ដែកដី"
កំពុងអង្គុយញ៉ាំ លោក ម៉ន យាន បុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ មិនបាននិយាយអ្វីច្រើនទេក្រៅពីលើកសរសើរយ៉ាងដូច្នេះថា៖ "ប្រហិតគាត់ឆ្ងាញ់ ចំណែកទឹកជ្រលក់របស់គាត់ក៏ឆ្ងាញ់ដែរ តែពីរមុខហ្នឹងខ្ញុំចូលចិត្តអាហឹរជាង។ និយាយទៅអាហឹរហ្នឹង ខ្ញុំអត់ធ្លាប់ជួបទេ ខ្ញុំចង់ប្រាប់ថា វាមានរសជាតិប្លែកមាត់"។
មិនខុសពីយុវជន ម៉ន យាន ឡើយ យុវតី ធារី បានសរសើរពីរសជាតិ ប្រហិតនិងទឹកជ្រលក់ដែរថា ៖ "ប្លែកពីគេបង! ប្រហិតក៏ឆ្ងាញ់! ទឹកជ្រលក់ក៏ឆ្ងាញ់! ទឹកជ្រលក់ដូចជាមានម្ទេសក្រហម ហើយមួយទៀតទឹកសៀងលាយសណ្ដែកដី...ម្យ៉ាងដែរ"។
ទីតាំងប្រហិតរទេះ Mr. F3 បច្ចុប្បន្ន ស្ថិតនៅផ្ទះលេខ ២៧១ ផ្លូវ ១៥៦ សង្កាត់ ទឹកល្អក់២ ខណ្ឌ ទួលគោក [ចំហៀង ពេទ្យលោកសង្ឃ] និងមួយកន្លែងទៀតសាលាបាក់ទូក។ មួយចង្កាក់មានតម្លៃ ២ ពាន់រៀល។
លក់ចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៨ យប់។
ចង់សាកអត់? បើមិត្តយុវវ័យចង់សាក អាចទៅកាន់ទីតាំងខាងលើ ឬទាក់ទងបានតាមលេខទូរសព្ទ ០៨៩ ៩៩៩ ៧៧៨ / ០៧០ ៧៣៧ ៦៩៦៕
អត្ថបទ៖ អ៊ុំ សុភក្តិ