ខាត់ សុឃីម និយាយពីឧបសគ្គជីវិតគ្រានាងជាម្ដាយមិនបានរៀបការ
- 2016-02-10 17:00:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ សុឃីម និយាយពីឧបសគ្គជីវិតគ្រានាងជាម្ដាយមិនបានរៀបការ
ចន្លោះមិនឃើញ
តារាចម្រៀង និងជាពិធីការិនីល្បីឈ្មោះអ្នកនាង ខាត់ សុឃីម ទម្លាយពីឧបសគ្គខ្លះៗក្នុងដំណើរជីវិតលើវិថីសិល្បៈ និងជីវិតឯកជនរបស់នាង។ អ្នកនាង ខាត់ សុឃីម បានរំឭកពីឧបសគ្គក្នុងជីវិត និងកត្តាប្រឈមការដែលនាងមានបុត្រដោយមិនបានរៀបការ។
តារាដែលមិនធ្លាប់បាត់មុខពីសិល្បៈចាប់តាំងពីចាប់អាជីពសិល្បៈរូបនេះ បានប្រាប់កម្មវិធី “ការណាត់ជួបដ៏អស្ចារ្យ” របស់ស្ថានីយទូរទស្សន៍ PNN ដែលផ្សាយនៅថ្ងៃអង្គារម៉ោង៨:៣០នាទី ថា ការមានបុត្រដោយមិនទាន់រៀបការពិតជារឿងដ៏ប្រឈមមួយនៅក្នុងជីវិត។ នាងថា ជាម្ដាយដែលមិនបានរៀបការ នាងតែងត្រូវបានគេរិះគន់ជារឿយៗនៅក្នុងសង្គម។
លើសពីនោះទៅទៀត ខាត់ សុឃីម បានលើកឡើងថា ការដែលនាងត្រូវមើលថែកូនដោយផ្ទាល់ដៃតែម្នាក់ឯងគឺពិតជារឿងមួយដ៏លំបាក។
“សម្រាប់នាងខ្ញុំជាមនុស្សម្នាក់ដែលមានកូន ហើយកូនទី១នោះគេចាត់ទុកថាជាកូនអត់ឪពុក ចឹងទៅយើងរងនឹងពាក្យនិន្ទាគេច្រើន ដែលគេថាយើងមានកូនអត់ប្ដីអ៊ីចឹង...”
ខាត់ សុឃីម និងស្វាមីរបស់នាង លោក អ៊ិន សុបញ្ញា បាននិយាយថា សុឃីម រងការរិះគន់សូម្បីតែនៅពេលដែលពួកគេប្រកាសថានឹងរៀបការ។ គូស្វាមីភរិយានេះនិយាយថា អ្នកខ្លះរិះគន់ព្រោះតែលោក បញ្ញា នៅក្មេងពេក មិនទាន់ចាស់ទុំអាចធ្វើជាប្ដីល្អបាន។
“ខ្ញុំមិននឹកស្មានដល់ថា ការស្រលាញ់គ្នារបស់ពួកខ្ញុំធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ហើយធ្វើឲ្យអ្នករិះគន់ខ្លាំង ហើយមានអ្នកដាក់ទោសខ្ញុំច្រើន ខ្ញុំមិននឹកស្មានដល់ ព្រោះការស្រលាញ់គ្នាគ្មានកំហុសទេ”។
រហូតមកទល់នឹងពេលនេះមិនមែនតែអ្នកនាង ខាត់ សុឃីម ទេដែលបាននិយាយពីរឿងរ៉ាវជីវិតពិតរបស់ខ្លួននៅក្នុងកម្មវិធី “ការណាត់ជួបដ៏អស្ចារ្យ” ។ កាលពីវគ្គមុនពិធីការិនីល្បីឈ្មោះកញ្ញា ថន លក្ខិណា បានទម្លាយរឿងរ៉ាវគ្រួសារឲ្យមហាជនបានដឹង។ ពិធីការិនីរូបនេះបានសម្រក់ទឹកភ្នែកពេលដែលរំឭកពីអតីតកាលរបស់គ្រួសារនាង។ តារាផ្សេងទៀតក៏ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធីនេះដែរ មានដូចជា ចាន់ គង់កា នេន ទុំ និងអ៊ុន សុធាជាដើម។
កម្មវិធីផ្សាយថ្មីរបស់ PNN បានដាក់បញ្ចូលកម្មវិធីកម្សាន្តជាច្រើនដែលក្នុងនោះរួមមានកម្មវិធី ស៊ីអារម្មណ៍ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង និងដំណើរការកម្មវិធីដោយលោក ប៉ែន ចំរ៉ុង។
ដោយមានការស្នើពីក្រសួងព័ត៌មាន PNN បានផ្លាស់ការដាក់បញ្ចាំងខ្សែភាពយន្តភាគថៃនៅម៉ោង៦ល្ងាច និងម៉ោង៩យប់វិញ។ ចាប់ពីម៉ោង៧ដល់ម៉ោង៩យប់ គឺជាការផ្សាយព័ត៌មាន និងកម្មវិធីកម្សាន្ត៕
អត្ថបទ៖ ពាណិជ្ជកម្ម