បន្ទាប់ពីមានដៃគូសហការ វេស្ទើន ត្រូវការពេល២ឆ្នាំទៀតទើបអាចប្រជែងពានបាន
- 2016-03-07 16:49:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីមានដៃគូសហការ វេស្ទើន ត្រូវការពេល២ឆ្នាំទៀតទើបអាចប្រជែងពានបាន
ចន្លោះមិនឃើញ
តាមសម្ដីរបស់លោក ប៉ែន ផាត គ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញបានបញ្ជាក់ថា ក្លឹបរបស់លោកត្រូវការពេលយ៉ាងតិច២ឆ្នាំទៀត ទើបអាចមានសមត្ថភាពប្រជែងយកពានពីក្លឹបធំៗបាន ព្រោះបច្ចុប្បន្នសមាជិកក្រុមវេស្ទើនភាគច្រើនសុទ្ធតែយុវជនក្រោមអាយុ២០ឆ្នាំ។
ក្លឹបបាល់ទាត់វេស្ទើនភ្នំពេញដែលសឹងតែដកខ្លួនចេញពីលីគកំពូលរដូវកាលនេះ ដោយសារតែមានបញ្ហាថវិកាបន្តិចបន្តួចនោះ ពេលនេះមានដៃគូ Main Sponsor ធំមួយហើយគឺក្រុមហ៊ុន Online ដែលបានផ្ដល់ជំនួយ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ កុងត្រារយៈពេល៣ឆ្នាំ។ ហេតុដូច្នេះហើយ ថវិកានេះអាចនឹងជួយក្រុមវេស្ទើនបានច្រើនក្នុងការចាយវាយផ្សេងៗជាពិសេសទិញកីឡាករចំណូលថ្មី។
ទន្ទឹមគ្នានេះដែរ លោក ប៉ែន ផាត គ្រូបង្គោលក្រុមវេស្ទើនបានបង្ហាញចំណាប់អារម្មណ៍ថា ៖ “កូនក្រុមរបស់ខ្ញុំភាគច្រើនអាយុ ១៥ឆ្នាំ ១៧ឆ្នាំ ១៨ឆ្នាំ... ពួកគេសុទ្ធតែជាយុវជន តែមានសមត្ថភាពអាចចូលប្រឡូកនៅលីគកំពូលបាន។ អីចឹងតែ២ទៅ៣ឆ្នាំទៀត ពួកគេនឹងពេញកម្លាំងល្អ នោះក្រុមយើងនឹងខ្លាំងដូចក្រុមផ្សេងបានហើយ។ ខ្ញុំចង់ប្រើកូនខ្មែរជាងទិញកីឡាករបរទេសមកប្រើ។ ខ្ញុំដឹងថា កីឡាករបរទេសមានសមត្ថភាព តែខ្ញុំចង់ឱ្យមានទំពាំងល្អដើម្បីស្នងឫស្សីនៅពេលខាងមុខ”។
ក្លឹបវេស្ទើនបង្កើតឡើងនៅឆ្នាំ២០១០ ដោយឯកឧត្តម តែ ឡូរិន ហើយទើបតែមានកីឡដ្ឋានផ្ទាល់ខ្លួននៅឆ្នាំ២០១៥ នេះទេ ដោយអាចផ្ទុកអ្នកទស្សនាបាន១៥០០នាក់។ ចំពោះការចាយវាយវិញ មួយឆ្នាំៗ ក្រុមមួយនេះត្រូវចាយប្រមាណ៦ម៉ឺនដុល្លារ៕
អត្ថបទ៖ មុន្នី រម្យ