តួឆាវឆាវក្នុងរឿង"សាមកុក"ប្រកាសចូលនិវត្តព្រោះអាយុច្រើន សុខភាពខ្សោយ
- 2016-03-09 17:35:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឆាវឆាវក្នុងរឿង"សាមកុក"ប្រកាសចូលនិវត្តព្រោះអាយុច្រើន សុខភាពខ្សោយ
ចន្លោះមិនឃើញ
សិល្បកររៀមច្បង Bao Gou An ដែលធ្លាប់ទទួលបានជោគជ័យតាមរយៈតួសម្ដែង ឆាវឆាវក្នុងរឿងភាគចិន "សាមកុក" បានសម្រេចចិត្តចូលនិវត្តនៅអាយុ៧០ ឆ្នាំ។
តារាសម្ដែងជើងចាស់ Bao Gou An សព្វថ្ងៃកំពុងថតរឿង "A Legend of Shaolin” នៅទីក្រុងប៉េកាំង ប្រទេសចិន។ ឆ្លើយតបនឹងបទសម្ភាសន៍របស់បណ្ដាញព័ត៌មាន Ifeng នាពេលថ្មីៗនេះ តារាសម្ដែងប្រុសនេះបានថ្លែងថាដោយសារតែអាយុកាន់តែច្រើនដូចនេះហើយលោកជួបការលំបាកច្រើននៅពេលថតរឿងម្ដងៗ។
"កាលពីនៅក្មេង ខ្ញុំទន្ទេញប៉ារ៉ូលចាំលឿនណាស់ តែឥលូវចាស់ហើយ តែងតែភ្លេចរហូត។ នៅពេលប្រឹងទន្ទេញម្ដងៗ សម្ពាធឈាមកើនរហូត។ មនុស្សខ្ញុំមិនចូលចិត្តថតរឿងបណ្ដើរមានអ្នកនៅរំលឹកបណ្ដើរនោះទេ។ បើទន្ទេញមិនចាំហើយនៅតែប្រឹងលេងទៀតគឺខ្មាសគេខ្លាំងណាស់"។ Bao Gou An និយាយ។
តារាសម្ដែងជើងចាស់អាយុ ៧០ឆ្នាំ ក៏បានបន្ថែមទៀតថា ថតរឿងក្នុងរដូវរងាកាន់តែធ្វើឲ្យលោកងាយកើតជំងឺជាងធម្មតាទៅទៀត។ អាស្រ័យហេតុនេះ "A Legend of Shaolin” នឹងជាស្នាដៃចុងក្រោយរបស់ Bao Gou An នៅក្នុងវិស័យភាពយន្តចិន។ តាមរយៈនេះដែរ លោកចង់ផ្ញើពាក្យលាទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ Bao Gou An កើតឆ្នាំ ១៩៤៦ ត្រូវបានទស្សនិកជនចិនក៏ដូចជានៅបណ្ដាប្រទេសអាស៊ីស្គាល់មុខច្រើនតាមរយៈតួ ឆាវឆាវក្នុងកំពូលរឿងភាគបុរាណចិន "សាមកុក" ក្នុងឆ្នាំ ១៩៩៤។ តួសម្ដែងនេះដែរក៏បាននាំមកឲ្យលោកនូវពានរង្វាន់ "តារាសម្ដែងប្រុសឆ្នើមបំផុត" ក្នុងកម្មវិធីប្រគល់រង្វាន់ Golden Eagle Awards និង Flying Apsaras Awards ក្នុងឆ្នាំ ១៩៩៥៕
ចុចអាន៖តើបងស្រីចិត្តពិសពុលរបស់ អ៊ូ ម៉ីនាងក្នុង “The Empress of China” ជាអ្នកណា?
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖vnexpress