ម៉ម លីសា នាំស្នាដៃកូនខ្មែរទៅបង្ហាញនៅកោះម៉ាល់ឌីវ
- 2016-03-15 15:01:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ម លីសា នាំស្នាដៃកូនខ្មែរទៅបង្ហាញនៅកោះម៉ាល់ឌីវ
ចន្លោះមិនឃើញ
កញ្ញា ម៉ម លីសា (Lisa Mam) ដែលជាអ្នករចនាគំនូរលើជញ្ជាំងដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា ពេលនេះកំពុងតែមានវត្តមាននៅកោះឋានសួគ៌ម៉ាល់ឌីវ ដោយបានគូគំនូរនៅក្នុងរមណីយដ្ឋាន Kuramathi Resorts ។
ថ្លែងតាមសារអេឡិចត្រនិច ទន្តបណ្ឌិតស្រីបន្តទៀតថា មូលហេតុដែលខាង Kuramathi ជ្រើសយកនាង ព្រោះពួកគេពេញចិត្តនឹងស្នាដៃដែលមានក្បាច់ច្រើនរបស់នាង ជាពិសេសគេពេញចិត្តទៅលើអ្នកសិល្បៈខ្មែរតែម្ដង។ កញ្ញាបន្តថា ស្នាដៃនោះភាគច្រើនចង់បង្ហាញពីឥទ្ធិពលនៃ មហាសមុទ្រដោយមានសត្វសមុទ្រ នាងទេពមច្ឆា ជាដើម។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺខាងម្ចាស់រីសតបានឲ្យបញ្ចូលក្បាច់ខ្មែរទៅក្នុងរូបគំនូរមួយនោះថែមទៀតផង។
"គេបានស្វែងរកវិចិត្រករដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងទ្វីបអាស៊ីតាមអ៊ីនធឺណិត។ បន្ទាប់ពីឃើញស្នាដៃ គេក៏បានអញ្ជើញបង និងបងប្រុស Peap Tarr វិចិត្រករ Graffiti កូនខ្មែរកាត់ញ៉ូហ្សាលែនមកធ្វើ Project នេះ។ ចំពោះពេលវេលា គំនូរមួយផ្ទាំងនោះ បងត្រូវចំណាយ៣សប្ដាហ៍ទៅ ១ខែ។ មូលហេតុដែលត្រូវប្រើពេលយូរបែបនេះ ព្រោះនៅលើកោះអាកាសធាតុមិនទៀងទាត់ឡើយជួនមានភ្លៀង ជួនមានពន្លឺព្រះអាទិត្យខ្លាំងពេកធ្វើឲ្យរលាកស្បែក ទើបគូរបានតែពេលល្ងាច។”
នារីវ័យ ២៥ ឆ្នាំបន្ថែមទាំងចិត្តរីករាយថា ព្រោះតែការឲ្យតម្លៃ និងស្រលាញ់វប្បធម៌ខ្មែរខាងម្ចាស់រីសតមួយនោះ បានចេញថ្លៃសព្វបែបគ្រប់យ៉ាង ហើយផ្ដល់ភាពកក់ក្ដៅចំពោះពួកនាងខ្លាំងណាស់។នេះជាស្នាដៃទី ១២ នៅក្រៅប្រទេសរបស់នាង ហើយភាគច្រើនប្រទេសដែលគេស្គាល់នាងមានថៃ បារាំង និងម៉ាល់ឌីវជាលើកទី១។
កញ្ញា លីហ្សា បានឲ្យដឹងថា នាងប្រើពេល ៥ ម៉ោងបានអាចទៅដល់ទីកន្លែងដែលគេប្រសិទ្ធិនាមថាឋានសួគ៌លើដីមួយនោះកាលពីថ្ងៃ ២៧ ខែកុម្ភៈ។ តាមការឲ្យដឹង Kuramathi សាងសង់ឡើងតាំងពី ៣-៤ ឆ្នាំមុនមកម្ល៉េះ និងជ្រើសរើសវិចិត្រករតាំងពីពីរឆ្នាំមុន។
ម៉ម លីសា (Lisa Mam) បានបញ្ចេញអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពក្នុងនាមជាកូនខ្មែរមួយរូបដែលអាចបញ្ចេញស្នាដៃនៅកន្លែងលំដាប់អន្តរជាតិនេះឲ្យបរទេសស្ញប់ស្ញែងចំពោះកូនខ្មែរ៕
អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យដោយ ម៉ម លីសា (Lisa Mam)