សញ្ញា ៤ យ៉ាង ដែលអ្នកគួរសម្អាតម៉ាស៊ីនត្រជាក់ ក្នុងរថយន្តរបស់អ្នក
- 2016-03-16 12:39:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៤ យ៉ាង ដែលអ្នកគួរសម្អាតម៉ាស៊ីនត្រជាក់ ក្នុងរថយន្តរបស់អ្នក
ចន្លោះមិនឃើញ
ម៉ាស៊ីនត្រជាក់ក្នុងរថយន្តដើរតួនាទីយ៉ាងសំខាន់ក្នុងពេលដែលលោកអ្នកកំពុងបើកបរ ហើយវាធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធដង្ហើមរបស់អ្នកក្នុងស្ថានភាពដែលរថយន្តបិទកញ្ចក់។ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់រយៈពេលយូរខែឆ្នាំ ដោយមិនបានសម្អាត នឹងបណ្ដាលឲ្យវាកខ្វក់ ហើយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងអ្នករួមដំណើរជាមួយផងដែរ ជាពិសេសគឺក្មេង។ អ្នកគួរយកចិត្តទុកដាក់ និង តាមដានសញ្ញាមួយចំនួន ដែលបញ្ជាក់ថា ដល់ពេលដែលអ្នកត្រូវសម្អាតវាចេញហើយ។ ទាក់ទងនឹងបញ្ហានេះជាង បារាំង ដែលមានអាសយដ្ឋានទល់មុខសាលាបឋមសិក្សាត្រាំកក់ ខេត្តតាកែវ បានប្រាប់ពីសញ្ញា ដែលអ្នកគួរសម្អាតម៉ាស៊ីនត្រជាក់ក្នុងរថយន្តមានដូចជា៖
១. ក្លិនធូលី៖ នៅពេលអ្នកបើកម៉ាស៊ីនត្រជាក់ មានក្លិនដីចេញមក នោះអាចបញ្ជាក់ថា ម៉ាស៊ីនត្រជាក់របស់អ្នកផ្ទុកទៅដោយធូលី។
២. មិនសូវត្រជាក់៖ បើសិនជាម៉ាស៊ីនត្រជាក់របស់អ្នកមិនសូវត្រជាក់ ឬភាសាសាមញ្ញហៅថា ត្រជាក់ចាញ់ថ្ងៃ នោះវាអាចជាសញ្ញាប្រាប់ថា ម៉ាស៊ីនត្រជាក់អាចមានបញ្ហា ដោយសារការស្ទះ ឬខូចឧបករណ៍ណាមួយជាមិនខាន។
៣. ឮសំឡេង៖ ពេលអ្នកបើកម៉ាស៊ីនត្រជាក់ហើយលាន់សំឡេងចម្លែក ពេលបិទក៏បាត់ នោះអាចបញ្ញាក់ថា ម៉ាស៊ីនត្រជាក់អ្នកមានបញ្ហា ជួនខូចកង្ហារបញ្ចេញខ្យល់ឬ មានបញ្ហាផ្សេងទៀត។
៤. ឧស្សាហ៍ផ្ដាសាយ៖ បើជាធម្មតាពេលអ្នកមិនមានប្រតិកម្មជាមួយម៉ាស៊ីនត្រជាក់ ឬក្នុងរថយន្តរបស់អ្នកស្អាតហើយ តែក្រោយពេលជិះរថយន្ត ដែលបើកម៉ាស៊ីនត្រជាក់ហើយ ក៏មានបញ្ហាផ្ដាសាយកើតឡើង នោះអាចបញ្ជក់ថា ម៉ាស៊ីនត្រជាក់ក្នុងឡានកខ្វក់ហើយ។
ក្រៅពីនេះជាង បារាំង ក៏បានបន្ថែមថា បច្ចុប្បន្នការប្រើហ្គាសក្នុងម៉ាស៊ីនត្រជាក់ក៏ត្រូវបានផ្លាស់ប្ដូររដែរ គឺប្តូរពីប្រភេទ ១២ មក ១៣៤ ព្រោះថា ប្រភេទ ១២ ធ្វើឲ្យប៉ះពាល់ស្រទាប់អូហ្សូន និងសុខភាព ព្រមទាំងមានក្លិនមិនល្អ ចំណែកឯ ១៣៤ មិនប៉ះពាល់អូហ្សូនទេ ឯខ្យល់ក៏មានលក្ខណៈត្រជាក់បែបធម្មជាតិ៕
អត្ថបទ៖ គីម សាយ