បំណែកយន្តហោះប្រទះឃើញនៅឆ្នេរម៉ូសំប៊ិក"ស្ទើរតែជា" របស់ MH370
- 2016-03-24 23:59:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំណែកយន្តហោះប្រទះឃើញនៅឆ្នេរម៉ូសំប៊ិក"ស្ទើរតែជា" របស់ MH370
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសអូស្ត្រាលីថ្មីៗនេះបានបញ្ជាក់ថាបំណែកយន្តហោះដែលបានរកឃើញនៅឆ្នេរសមុទ្រប្រទេសម៉ូសំប៊ិក គឺ"ស្ទើរតែជា" របស់ជើងហោះហើរម៉ាឡេស៊ី MH370 ។ នេះបើយោងតាម សារព័ត៌មាន Daily Mail។
តាមលោករដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសអូស្ត្រាលី Darren Chester នាថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ក្រុមស៊ើបអង្កេតម៉ាឡេស៊ីបានប្រទះឃើញបំណែកចំនួនពីរដែលដូចរបស់ប្រភេទក្រុមយន្តហោះ Boeing 777 នៃជើងហោះហើរម៉ាឡេស៊ី។ “ការវិភាគបានសន្និដ្ឋានថាបំណែកនេះគឺស្ទើរតែជារបស់ជើងហោះហើរ MH370" ។ នេះជាសម្ដីរបស់លោក Chester ប្រាប់សារព័ត៌មាន។
លោក Chester បានបន្តទៀតថា បំណែកពីរខាងលើ បំណែកទីមួយរកឃើញដោយយុវជនមកពីប្រទេសអាហ្វ្រិកខាងត្បូងម្នាក់ Liam Lotter លើឆ្នេរសមុទ្រប្រទេសម៉ូសំប៊ិកពេលរូបគេទៅកម្សាន្តនៅទីនោះកាលពីខែធ្នូកន្លងទៅ។ រំលងបានបីខែ បុរសជនជាតិអាម៉េរិកាំងម្នាក់ គឺលោក Blaine Gibson បានរកឃើញបំណែកមួយទៀតលើពំនូកខ្សាច់នៃឆ្នេរប្រទេសម៉ូសំប៊ិកផងដែរ។
ចំណែកថ្ងៃច័ន្ទកន្លងទៅនេះបុរាណវិទូម្នាក់ គឺលោក Neels Kruger ក៏បានរកឃើញបំណែកមួយទៀតដែលមានជាស្លាកឡូហ្គូ Rolls Royce លើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ យ៉ាងណាក្ដី លោករដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីបានឲ្យដឹងថា ខាងអាជ្ញាធរនឹងទៅត្រួតពិនិត្យលើវត្ថុនោះថាតើវាជារបស់យន្តហោះជើងហោះហើរMH370ឬយ៉ាងណា។
រំលឹកផងដែរថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ហើយឆក់យកជីវិតមនុស្ស ២៣៩នាក់ ពេលធ្វើដំណើរពីទីក្រុងកូឡាឡុំាពួរ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ ការរុករកជើងហោះហើរ MH370 គឺជាប្រតិបត្តិការធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលចំណាយប្រាក់អស់រាប់រយលានដុល្លារ និងមានការចូលរួមពីក្រុមការងារចម្រុះជាតិសាសន៍ជាច្រើនប្រទេស។ ក្រុមការងាររុករករបស់ប្រទេសអូស្ត្រាលី សង្ឃឹមថានឹងអាចរកឃើញយន្តហោះដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំងនេះ នៅពេលឈានដល់តំបន់រុករកចុងក្រោយនាខែឧសភាឆ្នាំ២០១៥ កន្លងទៅ ប៉ុន្តែនៅតែគ្មានលទ្ធផលជាដុំកំភួនអ្វីឡើយ៕
ចុចអាន៖ ថ្ងៃនេះ ២ឆ្នាំមុន បាត់ខ្លួន MH370 រញ្ជួយពេញពិភពលោក
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail