អនុស្សាវរីយ៍មិនអាចបំភ្លេចបានរវាងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និង ឌី សាវ៉េត
- 2016-03-30 14:01:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុស្សាវរីយ៍មិនអាចបំភ្លេចបានរវាងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និង ឌី សាវ៉េត
ចន្លោះមិនឃើញ
តារាជើងចាស់ ឌី សាវ៉េត បានលាតត្រដាងអនុស្សាវរីយ៍ខ្លះៗ មិនអាចបំភ្លេចបានរវាង អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ជាមួយអ្នកស្រីតាមរយៈ Sabay ត្បិតថាអធិរាជរូបនេះ បានលាចាកលោកទៅហើយក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះនៅតែល្បីរន្ទឺ និងដក់ជាប់ក្នុងបេះដូងកូនខ្មែរជានិច្ចរហូត។
អ្នកស្រី ឌី សាវ៉េតថ្លែង៖ "ខ្ញុំចាំបានថា កាលខ្ញុំនៅពីក្មេង ពេលឡើងកម្មវិធីតាមទូរទស្សន៍ម្ដងៗ ខ្ញុំច្រៀងតែបទ លោក ស៊ិន ស៊ីសាមុត ទោះជាបទមនុស្សប្រុសក៏ដោយ ចង់អ្នករៀបចំកម្មវិធីថាបទហ្នឹងជាបទប្រុស ក៏ខ្ញុំនៅតែច្រៀង"។
(រូបអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត៖ យកពីយូធូប)
តារាជើងចាស់បន្ត៖ "ឧទាហរណ៍ថាបទ ហ្នឹង ចំណងជើង "បំភ្លេចបងទៅ" ខ្ញុំក្រឡៃចេញជា "បំភ្លេចអូនទៅ" វិញម្តង បទលោកស៊ិន ស៊ីសាមុត ដដែលគ្រាន់តែពាក្យ "បង" ជំនួសទៅ "អូន" វិញតែប៉ុណ្ណឹង"។
តួឯកស្រីក្នុងរឿង "ជីវិតផ្សងព្រេង" បន្តរំលឹករឿងរ៉ាវអ្នកស្រីពាក់ព័ន្ធនឹង អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ថា ជាមនុស្សម្នាក់ថ្លៃថ្នូរមិនចេះលើកខ្លួនឯងថាជាមនុស្សពូកែអស្ចារ្យ មិនចេះមើលងាយគេ ជាមនុស្សស្ងាត់ស្ងៀម និងគួរឲ្យគោរព។ នេះបើតាមការលើកឡើងពី ឌី សាវ៉េត។
លើសពីនេះទៀត អ្វីដែលអ្នកស្រី ឌី សាវ៉េត ចងចាំបំផុត និងរំភើបក្នុងចិត្តនោះ គឺពេលមួយលោកតា ស៊ិន ស៊ីសាមុត តែងបទចម្រៀងមួយបទហើយបានមកសួរយោបល់ពីអ្នកស្រី។
“មានពេលមួយគាត់តែងបទមួយ គាត់មកសួរហើយពិគ្រោះយោបល់ជាមួយខ្ញុំថា បទនេះពីរោះទេ អាចយកបានទេ។ និយាយទៅឲ្យតែរំលឹកពីលោក ស៊ិន ស៊ីសាមុត ខ្ញុំចង់តែយំ រកមនុស្សដូចគាត់មិនបានទេ ស្ដាយគាត់ព្រោះគាត់មិនមែនស្លាប់ដោយសារជំងឺឈឺស្កាត់ អីទេ ខ្ញុំពិតមិនអស់ចិត្ត"៕
អត្ថបទ៖ ថា ម៉ាលីដា