មនុស្ស​ ដែល​ខ្ញុំ​លួច​ស្រឡាញ់

  • 2016-04-22 17:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​ចាំ​បាន​ថា​កាលនោះ​ខ្ញុំ​រៀន​ថ្នាក់​ទី ៣ នៅ​សាលាបឋមសិក្សា​មួយ​នៅ​ខេត្ត​កំពង់ចាម ។ នៅ​ថ្ងៃ​ចូលរៀន​ដំបូង ខ្ញុំ​ពិតជា​ឯកោ​ណាស់ ដោយ​ខ្ញុំ​មិន​ស្គាល់​សូម្បី​នរណា​ម្នាក់​ក្នុង​ថ្នាក់ ព្រោះ​មិត្ត​ជិត​ស្និត​ឆ្នាំ​ចាស់ រៀន​ថ្នាក់​ផ្សេង។  

ពេល​ដើរចូល​ក្នុង​ថ្នាក់​ដំបូង សូម្បី​កន្លែង​អង្គុយ ក៏​មិន​ដឹង​អង្គុយ​កន្លែង​ណា​ដែរ ព្រោះ​គេ​ចាប់​អស់​ហើយ​ម្យ៉ាង​មិន​ស្គាល់​គេ ដូច្នេះ​ហើយ​មានតែ​អង្គុយ​តុ​ក្រោយ។  

លុះ​ពេល​អ្នកគ្រូ​ចូល​មក​ដល់ គាត់​បាន​រៀប​កន្លែង​អង្គុយ​សាជាថ្មី ដោយ​ក្មេង​ណា​តូច​អង្គុយ​មុខ ដូច្នេះ​ខ្ញុំ​ក៏​បាន​មក​អង្គុយ​មុខ​វិញ។ ពិតជា​ចៃដន្យ​មែន ក្មេង​ប្រុស​ម្នាក់​នោះ​បាន​អង្គុយ​ក្រោយ​ខ្ញុំ គេ​នោះ​ចរិត​ស្ងៀមស្ងាត់​មិនសូវ​ចេះ​និយាយ​ស្ដី​ទេ តែ​មិត្តភ័ក្ដិ​ដែល​អង្គុយ​ជិត​គេ​វិញ​និយាយ​គ្មាន​ឈប់​ទេ ឯខ្ញុំ​និង​មិត្ត​ថ្មី​ដែល​អង្គុយ​ជិត​ខ្ញុំ​ក៏​មិនសូវ​និយាយ​ស្ដី​ដែរ។

 

ថ្ងៃ​ទី​មួយ កន្លង​ផុត​ទៅ​ខ្ញុំ​និង​គេ​មិនបាន​និយាយ រក​គ្នា​ទេ​សូម្បី​មុខ​គេ​ក៏​ខ្ញុំ​មិន​បាន​ងាកមើល​ដែរ​ព្រោះ​ខ្ញុំ​ជា​ក្មេង​មិនសូវ​ចូលចិត្ត​ចាប់អារម្មណ៍​អ្នកដទៃ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួក​យើង​មិនបាន​និយាយ​គ្នា​សោះ តែ​បើ​មិត្តភ័ក្ដិ​គេ​មាន​ខ្លះ។  

បែបនេះ​រយៈពេល​មួយ​ខែ​ទើប​យើង​ស្គាល់​គ្នា​រាង​ច្បាស់ និង​និយាយ​រកគ្នា​ទៅវិញទៅមក ដោយសារ​លទ្ធផល​ប្រលង​ប្រចាំខែ​ចេញ​មក គឺ​គេ​ជាប់​លេខ​មួយ ខ្ញុំ​ជាប់​លេខ​ពីរ។ ប្រហែល​មកពី​លទ្ធផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​យើង​បាន​ស្គាល់​គ្នា។  

តែ​ពេលនោះ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់​ព្រោះ​តាំង​ពី​ដើម​មក ខ្ញុំ​មិនដែល​រៀន​ចាញ់​នរណា​ទេ។ ខ្ញុំ​រំពឹង​ថា​ខែក្រោយ​ខ្ញុំ​នឹង​យក​លេខ​មួយ​ឲ្យ​បាន ទីបំផុត​ក៏​សម្រេច ហើយ​ខ្ញុំ​ដឹង​ថា​គេ​ក៏​ខឹង​ដូចគ្នា តែ​ពួក​យើង​ខឹង​តែ​ក្នុង​ន័យ​ខំប្រឹង​ទេ។

 

 

 

ហើយ​ពួក​យើង​ប្រកួតប្រជែង​គ្នា​គ្រប់មុខ​វិជ្ជា​នៅ​ក្នុង​ថ្នាក់ រហូត​ថ្ងៃមួយ​អ្នកគ្រូ​បាន​ឲ្យ​ពួក​យើង​ឡើង​ប្រកួត ដោះស្រាយ​លំ​ហាត់​និង អាន​អំណាន ប្រណាំង​គ្នា​លើ​ក្ដារ​ខៀន។ ទីបំផុត​លទ្ធផល គឺ​ខ្ញុំ​ឈ្នះ​គេ​ផ្នែក​ដោះស្រាយ​លំ​ហាត់​តែ​ចាញ់​គេ​ផ្នែក​អំនាន សរុបទៅ​គឺ​ស្មើគ្នា។

 

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យើង ស្គាល់​គ្នា​កាន់តែ​ជិត​ស្និត​ទៅ​ៗ ហើយ​គេ​ក៏​ចាប់ផ្ដើម​លេង​សើច​នឹង​ខ្ញុំ។ ស្នាម​ញញឹម​គេ​ចំពោះ​ខ្ញុំ​ពិត​ជា​ស្រស់​ស្អាត​ណាស់ តែ​ពេលនោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ទាន់​មាន​ទេ​ស្នេហា វា​គ្រាន់តែ​ជា​អារម្មណ៍​ក្មេង ពេល​បាន​ជួប​ក្មេង​ដែល​មាន​ចរិត​ស្រដៀង​គ្នា​ប៉ុណ្ណោះ។

 

មួយ​ឆ្នាំ​កន្លង​ផុត​ទៅ អ្វី​ដែល​ប្រែប្រួល​នោះ​គឺ​យើង​លែង​ជា​ក្មេង​ស្ងាត់ស្ងៀម​ទៀតហើយ ចេះ​និយាយ​ច្រើនជាង​មុន ចេះ​លេងសើច។ លុះ​ពេល​បញ្ចប់​ឆ្នាំ​សិក្សា អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក គឺ​សង្ឃឹមថា​បាន​រៀន​ជាមួយ​គេ​ទៀត​នៅ​ឆ្នាំក្រោយ។  

ពិតជា​ព្រហ្ម​លិខិត​មែន​យើង​រៀន​ជា​បួ​យ​គ្នា​រហូតដល់​បញ្ចប់​ថ្នាក់​បឋមសិក្សា ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​យើង​អង្គុយ​ជាប់​គ្នា​រហូត នេះ​ប្រហែលជា​និស្ស័យ​ហើយ ព្រោះ​ឲ្យ​តែ​ពេល​គ្រូ​រៀប​តុ​គឺ​ដឹង​តែ​ជាប់​គ្នា។  

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ខ្ញុំ​សង្កេត​ឃើញ​ថា គេ​កាន់តែ​លេងសើច​នឹង​ខ្ញុំ​ច្រើន​ឡើងៗ។ ហើយ​ពេលខ្លះ គេ​ទិញ​នំ​ឲ្យ​ខ្ញុំ​ញាំ គេ​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​រៀន​តែ​ពេលនោះ​គ្រួសារ​ខ្ញុំ​ជួប​វិបត្តិ​សេដ្ឋកិច្ច ដូចនេះ​ប៉ា​ម៉ាក់​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សាលា​អង់គ្លេស​ទេ។

 

ក្រោយមក​ពួក​យើង ក៏​រៀន​បែក​គ្នា ពេល​ចូល​អនុវិទ្យាល័យ ដោយ​គេ​រៀន​ថ្នាក់ A ឯខ្ញុំ​រៀន​ថ្នាក់ B តែ​យើង​នៅ​តែ​និយាយ​គ្នា​ដូច​មុន។ហើយ​នៅ​ពេល​បែក​គ្នា​នេះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​ដូចជា​មាន​អារម្មណ៍​ថា​បាត់​អ្វី​ម្យ៉ាង​ពី​ជីវិត​ខ្ញុំ ហើយ​ចេះតែ​នឹក​ដល់​គេ នឹក​ពេល​យើង​លេង​ជាមួយគ្នា រៀន​ជាមួយគ្នា។ តើ​នេះ​ជា​ស្នេហា​ឬ? តែ​អារម្មណ៍​គេ​យ៉ាងម៉េច​នោះ​ខ្ញុំ​មិនបាន​ដឹង​ទេ។  

ប៉ុន្តែ មួយ​ឆ្នាំ​កន្លង​ផុត​ទៅ ខ្ញុំ​យល់​ថា​គេ​ដូចជា​ប្រែប្រួល ទាំង​អត្តចរិត និង​ការ​និយាយ​ស្ដី។  

គេ​មិនសូវ​និយាយ​លេងសើច និង​ខ្ញុំ​ដូច​មុន​ទេ ពេល​ជួប​គ្នា​គេ​ធ្វើ​ធម្មតា ពេល​នោះ​ខ្ញុំ​ពិតជា​ឆ្ងល់​ណាស់​ថា​ហេតុអ្វី ហើយ​ខ្ញុំ​ក៏​គិត​ថា​ប្រហែល​មកពី​យើង​រៀន​បែក​គ្នា​ហើយ​មើល​ទៅ។  

កន្លងទៅ​រយៈពេល ជិត២ឆ្នាំ​ដែល​ពួក​យើង​មិនបាន​និយាយ​គ្នា​ដូច​មុន ព្រោះ​មិនសូវ​ជួប​គ្នា រហូត​ថ្ងៃមួយ គឺជា​ថ្ងៃ​ប្រលង​ឆមាស​ទី២ ថ្នាក់​ទី៩ ដែល​ជា​ថ្ងៃ​ត្រូវ​វេន​ថ្នាក់ A និង B ឡើង​បង្ហូត​ទង់ជាតិ។ ពេលនោះ​ថ្នាក់​ខ្ញុំ​គ្មាន​នរណា​ឡើង​ទេ ខ្ញុំ​ក៏​ដាច់ចិត្ត​ឡើង​ទៅ​ព្រោះ​ខ្លាច​ឈរ​ទាំង​អស់​គ្នា ម្យ៉ាង​ប្រញាប់​ចូល​ថ្នាក់​ត្រៀម​ប្រលង​ផង ស្រាប់តែ​ពេលនោះ លេច​រូបគេ​ដើរ​ឡើង​មក​ពីក្រោយ​ខ្ញុំ ខ្ញុំ​ចាប់ផ្ដើម​ឆ្ងល់​ថា​ហេតុអ្វី​គេ​សុខចិត្ត​ឡើង​មក ព្រោះ​រាល់ដង​ទោះ​មិត្ត​រួម​ថ្នាក់​គេ​ឲ្យ​ឡើង​យ៉ាងណា​ក៏​គេ​មិន​ឡើង​ដែរ។  

លុះ​ពេល​គេ​ឡើង​មកដល់ សំនួរ​ដ៏​ស្រទន់​មួយ រួម​នឹង​ស្នាមញញឹម​បាន​លេច​ឡើង «តើ​ត្រៀម​ហើយ​ឬ​នៅ​សម្រាប់​ថ្ងៃនេះ?»។ ខ្ញុំ​ក៏​គិត​ថា គេ​ប្រហែល​ចង់​សួរ​សំណួរ​នេះ​ហើយ​ទើប​ឡើង​មក​នោះ មិន​បង្អង់​យូរ​ខ្ញុំ​ក៏​តប​​ទៅ​គេ​វិញ​ថា ត្រៀម​រួចហើយ។  

តាំងពី​ពេលនោះ​មក ពួក​យើង​ក៏​មិនបាន​និយាយ​គ្នា​ទៀត​ដែរ​សូម្បី​ពេល​ជួប​មុខ​គ្នា ក៏​មិន​ហ៊ាន​និយាយ​រកគ្នា​ដែរ បានតែ​សម្លឹង​កែវភ្នែក​គ្នា​ប៉ុណ្ណោះ។  

រហូតដល់​ថ្នាក់​ទី១១ ខ្ញុំ​បាន​ឮ​ថា មាន​នារី​ម្នាក់​តាម​ស្រលាញ់​គេ​គឺ​អ្នក​រៀន​ថ្នាក់​ជាមួយ​គេ អារម្មណ៍​ពេលនោះ​ពិតជា​ច្របូកច្របល់​ណាស់ ព្រោះ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ថ្ងៃ​ដែល​យើង​រៀន​ចប់​វិទ្យាល័យ ខ្ញុំ​និង​ប្រាប់​គេ​ពី​អារម្មណ៍​ខ្ញុំ​ដែល លួច​ស្រលាញ់​គេ​យូរ​មក​ហើយ​នោះ។  

ស្រាប់តែ​ពេលនេះ​មាន​នារី​ផ្សេង​បាន​សារភាព​មុន​ទៅ​ហើយ។ ខ្ញុំ​ពិតជា​ចង់​ដឹង​ណាស់​ថា​គេ​យល់ព្រម​ទេ ក្រោយមក​ខ្ញុំ​ឮ​តាម​មិត្ត​ខ្ញុំ​ថា គេ​តែង​គេច​ពី​នារី​ម្នាក់​នោះ​រហូត អារម្មណ៍​គិត​ថា​ប្រហែល​គេ​មិន​ស្រលាញ់​ហើយ។  

ថ្នាក់​ទី១២ យើង​ក៏បាន​រៀន​ជាមួយគ្នា​វិញ ដោយ​នាយក​សាលា​ប្ដូរ​កម្មវិធី​ថ្មី។ ចូលរៀន​ដំបូង យើង​មិន​បាន​និយាយ​គ្នា​ដូច​មុន​អញ្ចឹង រហូត​ដល់​ពាក់​កណ្ដាល​ឆមាស ទើប​យើង​និយាយ​គ្នា​ដូច​មុន ហើយ​រាល់ថ្ងៃ​គេ​ចេះតែ​យក​លំ​ហាត់​គណិត​មក​សាក​ឲ្យ​ខ្ញុំ​ដោះស្រាយ ខ្ញុំ​មិន​ដឹង​ពី​គោលបំណង​គេ​នោះ​ទេ។  

តែ​ខ្ញុំ​ឆ្នាំនេះ​ពិតជា​រៀន​ខ្សោយ​ណាស់ ធ្លាក់​កូដ​ដល់​លេខ ៨ រាល់​ខែ ហើយ​ចំពោះ​រូបវិទ្យា​រៀន​មិន​យល់​សោះ​មិន​ដឹង​ហេតុ​អី? ចំណែក​គេ​រៀន​ពូកែ​គ្រប់មុខ។  

ពិតជា​គួរ​ឲ្យ​បារម្ភ​ណាស់​! នេះ​ជា​ឆ្នាំ​ប្រលង​ផង ដូចនេះ​ខ្ញុំ​មានតែ​ខំប្រឹង​ស្រាវជ្រាវ​ដោះស្រាយ​លំហាត់​ដោយ​ខ្លួនឯង​ទេ។ តែ​ពិតជា​ពិបាក​ណាស់​ព្រោះ​ប៉ះ​លំ​ហាត់​ខ្លះ​មិន​យល់ មិន​ដឹង​សួរ​នរណា​ព្រោះ​ខ្ញុំ​មិន​ហ៊ាន​សួរ​គេ​ទេ​ខ្លាច​អាប់​មុខ ព្រោះ​កាលពី​ក្មេង​ធ្លាប់តែ​ខ្លាំង ឯ​មិត្ត​ស្រី​ៗ​ក៏​មិន​ជា​គ្រាន់​ជាង​ខ្ញុំ​ប៉ុន្មាន​ដែរ។  

មួយ​រយៈ​ក្រោយមក ​ខ្ញុំ​បាន​ស្គាល់​មិត្តភ័ក្ដិ​ប្រុស​ម្នាក់ទៀត ឈ្មោះ​ក្រៅ Pu ដែល​ខ្លាំង​រូបវិទ្យា​ដែរ ហើយ Pu ជា​មិត្ត​នឹង​គេ​ម្នាក់​នោះ។ ខ្ញុំ​ឧស្សាហ៍​យក​លំ​ហាត់​សួរ Pu ណាស់​នៅ​ក្នុង​ថ្នាក់ ។  

ក្រោយមក​ខ្ញុំ​និង Pu បាន​ក្លាយ​ជា​មិត្ត​ល្អ ព្រោះ​ខ្ញុំ​ឧស្សាហ៍​call សួ​រលំ​ហាត់​គេ​ណាស់ ហើយ​ជួនកាល Pu call មកលេង​ខ្ញុំ​ប្រហែល២០ទៅ៣០នាទី។ អារម្មណ៍​ខ្ញុំ​ពេលនោះ​មិនបាន​គិត​ពី​រឿង​គេ​ម្នាក់​នោះ ទៀត​ទេ​ព្រោះ​យក​ពេល​គិតតែ​ប្រឹង​រៀន។  

ចំពោះ​រឿង​ដែល​គេ​មាន​នារី​តាម​ស្រលាញ់​នោះ ក៏​ឮ​ម្ដងទៀត​ថា​ នារី​នោះ​មិនបាន​រៀន​ថ្នាក់​ជាមួយ​យើង​ទេ។ តែ​លើក​នេះ​ខ្ញុំ​មិនបាន​ឮ​ពី​នរណា​ទេ គឺ​ខ្ញុំ​បាន​ឃើញ​ដោយ​ខ្លួនឯង គេ​ឌុប​នារី​ម្នាក់​នោះ​ទៅ​រៀន​រាល់ថ្ងៃ អារម្មណ៍​ខ្ញុំ​ប្រាប់​ថាបើ​គេ​មិន​ស្រលាញ់ គេ​មិន​ខំ​ទៅ​ចាំ​ឌុប​ទៅ​មក​ៗ​រាល់​ថ្ងៃ​បែបនេះ​ទេ ហើយ​អ្វី​ដែល​កាន់​តែ​ច្បាស់​នោះ​គឺ​គេ​ចាប់ផ្ដើម​អង្គុយ​ជាមួយគ្នា នៅ​ម៉ោង​រៀន​គួរ​អង់គ្លេស អាវ​ក៏​ពាក់​ជា couple ដែរ ហើយ​មាន​ពេល​មួយ​នោះ​គេ​និយាយ​ជាមួយ​ខ្ញុំ​សុខ​ៗ គ្រាន់តែ​ឃើញ​នារី​ម្នាក់​ដើរចូល​មកដល់ ក៏​ឈប់​និយាយ​ជាមួយ​ខ្ញុំ​ទាំង​ពាក់កណ្ដាល​ទី។  

កំឡុង​ពេលនោះ​ខ្ញុំ​ពិតជា​ឈឺចាប់​ណាស់ ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ទឹកមុខ​ធម្មតា ព្រោះ​ខ្លាច​មិត្ត​ដទៃ​ដឹង​ថា​ខ្ញុំ​លួច​ស្រលាញ់​គេ ពិសេស​គឺ​គេ​តែម្ដង។  

តែ​ខ្ញុំ​ស្ទើរតែ​ទប់​មិនបាន​ទៅ​ហើយ ព្រោះ​ម៉ោង​រៀន​អង់គ្លេស គេ​តែង​អង្គុយ​ក្រោយ​ខ្ញុំ​រួម​នឹង​នារី​ម្នាក់​នោះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​លឺ​សំដី​គេ​និយាយ​គ្នា​គ្រប់​ម៉ាត់។ ក្រោយមក​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឈប់​រៀន​អង់គ្លេស ដោយ​ប្រាប់​មិត្តភ័ក្ដិ​ថា​យប់​ពេក តែ​ការ​ពិត​គឺ​ចង់​គេច​ពី​គេ ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់​ពេក។  

កំឡុង​ពេល​នោះ Pu ជា​មិត្ត​ល្អ​ម្នាក់​មិន​ត្រឹមតែ​ជួយ​បង្រៀន​រូបវិទ្យា​ដល់​ខ្ញុំ​ទេ​ថែមទាំង​ឧស្សាហ៍​ធ្វើ​ឲ្យ​ខ្ញុំ​សើច​ទៀត​ផង​ព្រោះ​យើង​បាន​រៀន​បារាំង​ជាមួយ​គ្នា ដែល​ពេលខ្លះ​វា​ក៏​ជួយ​ឲ្យ​ខ្ញុំ​ភ្លេច​ការ​ឈឺចាប់​មួយ​គ្រា ព្រោះ​រាល់ដង​ខ្ញុំ​សើច​គឺ​សុទ្ធតែ​សំដែង​ទេ ខ្ញុំ​បាន​ទុក​គេ​ជា​មិត្ត​ល្អ​បំផុត តែ​មិត្តភាព​នេះ​មិន​អាច​លើស​ពី​មិត្ត​ទេ។  

តាំងពី​ថ្ងៃ​នោះ​មក​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​និង​បំភ្លេច​គេ​នោះ​ឲ្យ​បាន ហើយ​ខ្ញុំ​នឹង​មិន​ឲ្យ​ជួប​គេ​រហូត​ទៅ ព្រោះ​បែបនេះ​ទើប​អាច​ភ្លេច​គេ​បាន ។ ក្រោយមក​ខ្ញុំ​ក៏​គេច​ពី​គេ​រហូតដល់​មក​រៀន​ត​នៅ​ភ្នំពេញ ហើយ​យើង​ក៏​មិនដែល​ជួប​គ្នា​ទៀត​ដែរ ទោះជា​មាន reunion មិត្ត​ចាស់​ក៏ដោយ ដោយ​ខ្ញុំ​យក​លេស​ថា​រវល់​រៀន។  

មក​ទល់​ពេល​នេះ​គឺ​រយៈពេល ៤ ឆ្នាំ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​ពេលនេះ​គឺ ខ្ញុំ​បាន​កាត់ចិត្ត​ពី​គេ​ហើយ ទោះ​ជា​ខ្ញុំ​ធ្លាប់​ជួប​គេ​ចៃដន្យ​ក៏​ខ្ញុំ​គ្មាន​អារម្មណ៍​ថា​ឈឺ​ចាប់​ដែរ នេះ​ប្រហែល​មក​ពី​ខ្ញុំ​រវល់​គិតតែ​ពី​រឿង​រៀន​ និង​ដោយសារ​ពេលវេលា​កន្លងទៅ។  

ពាក្យ​ចុងក្រោយ​សម្រាប់​មិត្ត​ខ្ញុំ​តាំងពី​តូច «​អគុណ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ស្នាមញញឹម​លើកដំបូង» តែ​ប្រហែល​យើង​មិន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​ដូច​កាលពី​តូច​ទេ។ ចំពោះ Pu អគុណ​ដែល​តែង​ជួយ​ខ្ញុំ​រហូត​មក ពិតជា​អរគុណ​ណាស់​មិត្ត​ល្អ ទោះ​ពេល​នេះ​យើង​ទើប​ស្គាល់​គ្នា​តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ស្គាល់​អ្នក​រាប់​ឆ្នាំ​​មក​ហើយ៕

 

ចុចអាន៖ មនុស្ស​ស្រី​ល្អ​ ពិត​ជា​ពិបាក​តាម អត្ថបទ៖ Ly Jing

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា

 

អត្ថបទពេញនិយម