កូកា-កូឡា បង្ហាញយុទ្ធនាការផ្សព្វផ្សាយជាសកលថ្មីដ៏ទាក់ទាញ "រសជាតិនៃអារម្មណ៍ស្រស់ស្រាយ”
- 2016-05-06 02:40:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូកា-កូឡា បង្ហាញយុទ្ធនាការផ្សព្វផ្សាយជាសកលថ្មីដ៏ទាក់ទាញ "រសជាតិនៃអារម្មណ៍ស្រស់ស្រាយ”
ចន្លោះមិនឃើញ
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) នឹងបង្ហាញអតិថិជនទាំងអស់ពីយុទ្ធនាការថ្មីជាលើកដំបូង ដែលពាណិជ្ជសញ្ញា កូកា-កូឡា ទាំងអស់ នឹងរួមបញ្ចូលស្ថិតក្នុងយុទ្ធសាស្ត្រទីផ្សារជាសកលថ្មីដ៏ទាក់ទាញតែមួយ គឺ "និមិត្តសញ្ញាតែមួយ - One Brand" ដែលជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រទីផ្សារថ្មីរបស់ខ្លួន។
អ្នកនាង គង់ កុសល នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនចែកចាយផ្លូវការរបស់ក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជា បានថ្លែងថា "យុទ្ធសាស្ត្រសកលថ្មីនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជម្រើសផលិតផល ដោយការរួមបញ្ចូលក្រុមគ្រួសារ កូកា-កូឡា ឲ្យស្ថិតក្រោមពាណិជ្ជសញ្ញាតែមួយ ដើម្បីងាយស្រួលដល់អតិថិជនជ្រើសរើសផលិតផល កូកា-កូឡា ណាមួយដែលស័ក្ដិសមតាមតម្រូវការរសជាតិ និងបែបផែនជីវិតពួកគេ"។
នៅក្នុងយុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតថ្មីសន្លាង "រសជាតិនៃអារម្មណ៍ស្រស់ស្រាយ ឬ Taste the Feeling" បានឆ្លុះបញ្ចាំងសកម្មភាពគ្រប់វិនាទីនៃជីវិតតាមរយៈរូបភាព និងវីដេអូរឿងរ៉ាវជីវិតលើពិភពលោកដ៏អស្ចារ្យជាច្រើន ដែលក្នុងនោះ កូកា-កូឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រាស្រ័យទាក់ទង និងការអបអរសាទររៀងរាល់ថ្ងៃ ដោយប្រែក្លាយបរិយាកាសធម្មតាមួយក្លាយជាពិសេសជាមួយនឹងការញ៉ាំភេសជ្ជៈ កូកា-កូឡា។ យុទ្ធនាការថ្មីនេះ ត្រូវបានចាប់ផ្ដើមផ្សព្វផ្សាយនៅជុំវិញពិភពលោកកាលពីដើមឆ្នាំនេះ។
រូបដប កូកា-កូឡា គឺជាតួអង្គដ៏សំខាន់នៃគ្រប់រូបភាពផ្សាព្វផ្សាយនៃការផ្សារភ្ជាប់រវាង កូកា-កូឡា និងអតិថិជន ដែលក្លាយជាផ្នែកមួយនៃជីវិតរបស់ពួកគេ។
ជាផ្នែកមួយនៃការចាប់ផ្ដើមយុទ្ធនាការនៅកម្ពុជានេះ ស្ពតពាណិជ្ជកម្មដំបូង "Anthem" ក្នុងចំណោមស្ពតពាណិជ្ជកម្មជាច្រើនទៀត នឹងត្រូវផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍នៅកម្ពុជានៅថ្ងៃសុក្រ ទី៦ ខែឧសភា នេះ។ ស្ពតពាណិជ្ជកម្មរយៈពេល ៣០ វិនាទីនេះ នឹងបង្ហាញពីជីវភាពប្រចាំថ្ងៃដ៏សាមញ្ញជាច្រើន ដូចជា ការជិះស្គីទឹកកកយ៉ាងរីករាយជាមួយនឹងមិត្តភ័ក្ដិ ការណាត់ជួបដំបូង ស្នាមថើបដំបូង និងស្នេហាគ្រាដំបូងដែលទាំងនេះសុទ្ធតែអាចផ្សារភ្ជាប់ជាមួយនឹង កូកា-កូឡា។
តន្ត្រីដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការ "រសជាតិនៃអារម្មណ៍ស្រស់ស្រាយ - Taste the Feeling"។ បទចម្រៀងថ្មី ដែលនិពន្ធដោយលោក Avicii ជា DJ ជាសិល្បករស៊ុយអែត និងជាបេក្ខភាពពានរង្វាន់ Grammy ត្រូវបានបកស្រាយដោយអ្នកចម្រៀង និងអ្នកនិពន្ធវ័យក្មេងសញ្ជាតិអង់គ្លេស លោក Conrad Sewell ដែលបទចម្រៀងនេះនឹងប្រើប្រាស់ក្នុងយុទ្ធនាការ "Taste the Feeling" ហើយនឹងត្រូវចាក់ផ្សាយតាមស្ថានីយវិទ្យុទូទាំងប្រទេសនៅថ្ងៃទី៦ ខែឧសភា នេះ។
យុទ្ធនាការ "រសជាតិនៃអារម្មណ៍ស្រស់ស្រាយ - Taste the Feeling" បានផ្តិតយករូបភាពពាក់ព័ន្ធនឹងរឿងរ៉ាវជីវិតជាង ១០០ សន្លឹកដែលថតដោយអ្នកថតរូបអន្តរជាតិល្បីៗ ដោយផ្តិតយកទិដ្ឋភាពពិតៗ និងមាន កូកា-កូឡា ជាតួអង្គសំខាន់ក្នុងរូបភាពនីមួយៗ។ រូបភាពទាំងនេះនឹងត្រូវផ្សព្វផ្សាយតាមរយៈផ្ទាំងប៉ាណូតាមទីសាធារណៈ ក្នុងហាងទំនិញ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ៕
ដោយ៖ សុផាត