“ម៉ាក់ខ្ញុំ គឺជាមិត្តល្អបំផុតក្នុងជីវិតរបស់ខ្ញុំ” រឿងពិតរបស់យុវតីម្នាក់
- 2016-05-07 15:32:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ម៉ាក់ខ្ញុំ គឺជាមិត្តល្អបំផុតក្នុងជីវិតរបស់ខ្ញុំ” រឿងពិតរបស់យុវតីម្នាក់
ចន្លោះមិនឃើញ
«យើងស្និតស្នាលនឹងគ្នាខ្លាំងណាស់ យើងតែងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាដូចជាមិត្តល្អបំផុតម្នាក់ ហើយ កាលពីតូចខ្ញុំមិនចេះតុបតែងខ្លួនទេ ម៉ាក់សុខចិត្តចងសក់ និង ស្លៀកពាក់អោយខ្ញុំរហូតដល់ខ្ញុំរៀនថ្នាក់ទី៩ »។
នេះជាសំដីដ៏ផ្អែមល្ហែម របស់ប្អូនស្រីវ័យ ២៤ឆ្នាំ ឈ្មោះ សុភារី ពេលនិយាយដល់អ្នកម្ដាយជាទីស្រលាញ់ ដែលបច្ចុប្បន្នអ្នកទាំងពីរមិនរស់នៅ ជាមួយគ្នាឡើយ ព្រោះនាង ត្រូវមកធ្វើការដើម្បីទ្រទ្រង់ជីវភាពគ្រួសារនៅ ភ្នំពេញ ឯម្ដាយគឺនៅ ស្រុកកំណើតឯខេត្តសៀមរាប។ ពេលចេញឆ្ងាយពីផ្ទះ ទើបសុភារីដឹងថា អ្នកផ្ទះសំខាន់ប៉ុណ្ណា សម្រាប់ជីវិតនាង។
អ្នកម្ដាយរបស់សុភារី មានអាយុ ៦៥ ឆ្នាំជាមន្ត្រីរាជការចូលនិវត្ត ទោះបច្ចុប្បន្នគាត់នៅផ្ទះតែគាត់មិនចេះទំនេរឡើយធ្វើនេះធ្វើនោះមិនឈប់ ។ ម្ដាយនាងជាមនុស្សរួសរាយ រាក់ទាក់ កាចតិចៗ តឹងតែងតែចំពោះរឿងខ្លះ ប៉ុន្តែបានផ្ដល់សេរីភាពគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តរបស់នាង ។
កាលនៅពីតូច សុភារី ក៏ធ្លាប់ធ្វើឱ្យម្ដាយខ្លួនយំដែរ ព្រោះនាងរពឹសពេក ចូលចិត្តយករបស់លេង របស់បងស្រីមកបំផ្លាញចោល។ កាលនោះសុភារីចេះតែនឹកអន់ចិត្តថា ម្ដាយនាងហាក់ដូចជាស្រលាញ់បងស្រីជាងខ្លួន ។ ពេលមួយនោះម្ដាយនាងខឹងទប់អារម្មណ៍មិនបានក៏វាយនាង ប៉ុន្តែក្រោយមកគាត់ក៏ទ្រហោយំ យ៉ាងខ្លាំង ហើយនិយាយថា៖
«ហេតុអ្វីកូនឯងមិនស្ដាប់បង្គាប់? ហេតុអ្វីបំផ្លាញម្ល៉េះ ? តើឲ្យខ្ញុំរស់យ៉ាងម៉េច? កូនឯងចង់សម្លាប់ម៉ាក់? យកកាំបិតមកចាក់ម៉ាក់មក មិនបាច់ធ្វើចឹងទេ?» សុភារី នៅចាំឃ្លានេះរហូត សូម្បីពេលនេះរំលឹកដល់គ្រានោះ ក៏នាងនៅតែមានអារម្មណ៍ថាក្ដុកក្ដួល។
តែទាំងអស់នេះ មិនមានទៀតឡើយព្រោះ ពេលចម្រើនវ័យ ចាប់ផ្ដើមចេះគិតរាក់ជ្រៅ សុភារី បានយល់យ៉ាងច្បាស់ពីទឹកចិត្ត ក្ដីស្រលាញ់ និងការយកចិត្តទុកដាក់របស់ក្រុមគ្រួសារចំពោះនាង។ រាល់ពេលត្រលប់ទៅស្រុកម្ដងៗមិនចង់មកភ្នំពេញវិញឡើយ ព្រោះនៅផ្ទះពិតជាកក់ក្ដៅខ្លាំងណាស់ ។
ក្រោយពេលឪពុកស្លាប់កាលពី៤ឆ្នាំមុន សុភារីកាន់តែយល់ពីទុក្ខលំបាក និងផ្លូវចិត្តរបស់អ្នកម្ដាយ ដោយនាងតែងព្យាយាមបំពេញកិត្តិយសគ្រួសារ ធ្វើឲ្យម្ដាយរបស់នាងទទួលបានការសរសើររថា មានកូនស្រីប្រកបដោយគន្លងធម៌ មានការងារធ្វើល្អ ជាក្មេងស្រីថ្លៃថ្នូរ មិនចេះមានសង្សាររញ៉េរញ៉ៃ ។
ជាងនេះទៅទៀត នាងមានការតាំងចិត្តព្យាយាមសងគុណអ្នកម្ដាយបន្ថែមទៀត ដោយឆ្នាំនេះ នាងប្ដេជ្ញាឈប់ធ្វើឲ្យគាត់បារម្ភរឿងអនាគតរបស់នាងទៀតហើយ។
ពេល សុភារី ប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ប្រហែលជាពេលដែលម្ដាយនាងសប្បាយចិត្តបំផុត ព្រោះម្ដាយនាងនឹកស្មានថានាងអាចនឹងប្រឡងជាប់ទេ ដោយសារមុនថ្ងៃប្រលងមួយថ្ងៃ នាងមើលបាល់ World Cup ឆ្នាំ 2006ថ្ងៃ ផ្ដាច់ព្រ័ត្រ ដល់ម៉ោង ៥ព្រឹក ។
«ពេលនោះម៉ាក់បារម្ភខ្លាំងណាស់ ហើយគាត់ភ័យខ្លាចខ្ញុំប្រឡងធ្លាក់ ប៉ុន្តែពេលទៅមើលលទ្ធផល គាត់ឃើញខ្ញុំប្រឡងជាប់ គាត់ស្រាប់តែអរដល់ស្រក់ទឹកភ្នែក ហើយក្រោយមក គាត់ជឿជាក់ថា ខ្ញុំចេះទទួលខុសត្រូវចំពោះការសិក្សា»
សុភារីមានមោទនភាពត្រង់ថា ម្ដាយរបស់នាងជាស្ត្រីដ៏អស្ចារ្យម្នាក់ព្រោះ ទោះស្ថានភាពគ្រួសារពិបាកយ៉ាងណាក៏ដោយ ម្ដាយនាងមិនភ្លេចថ្ងៃកំណើតនាងឡើយហើយបានព្យាយាមរៀបចំកម្មវិធី ធ្វើឱ្យនាងរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក៖
«ពេលខួបកំណើតអាយុ ១២ឆ្នាំ ខ្ញុំមិនចាំថានោះជាថ្ងៃកំណើតខ្ញុំទេ ព្រោះពេលនោះគ្រួសារខ្ញុំមានស្ថានភាពលំបាក ដោយសារយើងទើបតែទិញផ្ទះ ហើយការហូបចុកក៏មិនសូវបានឆ្ងាញ់ដែរ។ ប៉ុន្តែម៉ាក់ បានទិញនំពុម្ព មកធ្វើជានំខួបកំណើត ហើយបង្កការភ្ញាក់ផ្អើលសម្រាប់ខ្ញុំ រហូតដល់ខ្ញុំស្រក់ទឹកភ្នែកពេលផ្លុំទាន ខ្ញុំមិនអាចបំភ្លេចគ្រានោះបានឡើយ។ គេយកថ្ងៃ ០៨ឧសភាជាទិវាមាតា ប៉ុន្តែខ្ញុំយកថ្ងៃកំណើតខ្ញុំ សម្រាប់ប្រារព្ធទិវានេះ ព្រោះខ្ញុំបានស្គាល់ម៉ាក់មុនគេ នៅថ្ងៃនោះ»
ពេលនិយាយដល់ទិវាអ្នកម្ដាយ សុភារីសារភាពថា នាងមិនធ្លាប់ធ្វើកម្មវិធីពិសេសនៅថ្ងៃនោះទេ ប៉ុន្តែនាងតែងធ្វើបាយម្ហូប និង ជូនម្ដាយទៅវត្តរាល់ពេលបុណ្យចូលឆ្នាំខ្មែរនិង បុណ្យភ្ជុំបិណ្ឌ ។
ចំណែកកម្មវិធិពិសេសសម្រាប់បង្ហាញការដឹងគុណអ្នកម្ដាយ គឺ នាងតែងធ្វើចំថ្ងៃកំណើតរបស់នាងតែម្ដង ដោយនាងតែង ចំណាយពេលសម្រាប់អ្នកម្ដាយជាពិសេស នាំគាត់ទៅហូបអី ឬ ធ្វើកម្មវិធីបន្តិចបន្តួចនៅផ្ទះ ។
ប្រសិនបើចំពេលខ្លះរវល់ខ្លាំងមិនបានទៅស្រុកកំណើត នាងតែងនិយាយ ទូរស័ព្ទជាមួយអ្នកម្ដាយរាប់ម៉ោង រៀបរាប់រឿងពីតូច។
សុភារីមិនដែលខកខាន ក្នុងការជូនកាដូពិសេសដល់អ្នកម្ដាយនៅ ថ្ងៃកំណើតរបស់នាងនោះទេ។ ហើយសម្រាប់ឆ្នាំនេះនាងបានត្រៀមរួមជាស្រេចថាត្រូវជូនអ្វីដល់អ្នកម្ដាយ៖ «ខ្ញុំបានត្រៀមថ្នាំវីតាមីន ដែលខ្ញុំបានផ្ញើមិត្តភ័ក្ដិឲ្យទិញពីអាមេរិក សម្រាប់ជូនគាត់ ហើយនឹងជូនប្រាក់គាត់ និងជូនគាត់ទៅទិញសំលៀកបំពាក់ និងគ្រឿងអលង្ការល្អៗ ព្រមទាំងយកចង្ហាន់ទៅប្រគេនលោកនៅវត្តជាមួយគាត់! លើសពីនេះ ខ្ញុំចង់នាំគាត់ទៅធ្វើពិធីសប្បុរសធម៌ជាមួយគ្នា រួចហើយ ខ្ញុំនឹងមុជទឹក ដុសក្អែលឲ្យគាត់ ឲ្យស្អាត ធ្វើម្ហូបឆ្ងាញ់ៗ និងបង្កើតកម្មវិធីជប់លៀងសប្បាយៗនៅផ្ទះជុំគ្នា»។
(សុភារី និង ម្ដាយរបស់នាង)
និយាយដល់ការធ្វើកម្មវិធីផ្សេងៗក្នុងឱកាសទិវាអ្នកម្ដាយ សុភារី ក៏មានពាក្យពេចន៍ខ្លះ ចង់ផ្ដាំផ្ញើទៅយុវជន និង យុវតី ផ្សេងទៀតថា៖ «ម្ដាយណាក៏ស្រលាញ់កូនដែរ ដូច្នេះខ្ញុំចង់ឲ្យកូនគ្រប់រូបត្រូវតែស្រលាញ់គាត់វិញ ហើយកុំបោះបង់គាត់ ដូចគាត់មិនដែលបោះបង់យើង! ម្ដាយសប្បាយចិត្តបំផុត គឺពេលមានកូននៅក្បែរ ក្នុងឱកាសបុណ្យទានធំៗ ឬពេលមានគ្រោះអាសន្ននានា! ម្ដាយណាក៏រីករាយ ពេលកូនស្ដាប់បង្គាប់»
នាងក៏ជំរុញលើកទឹកចិត្តដល់កូនៗខ្លះ ដែលមានម្ដាយជាមនុស្សតឹងតែង ចិត្តច្រើនពិបាកសម្របដែរថា ៖
«កូនៗត្រូវចាំថា ទោះបីជាការគិតរបស់គាត់ខុសពីយើង ប៉ុន្តែគំនិតទាំងនោះ គឺដើម្បីយើងល្អតែប៉ុណ្ណោះ។ កុំស្ដីឲ្យគាត់ ត្រូវព្យាយាមពន្យល់គាត់វិញ ល្អជាង! មួយទៀត ចំពោះអ្នកដែលមានម្ដាយចាស់ៗ ត្រូវចាំថា មនុស្សកាន់តែចាស់ កាន់តែដូចកូនក្មេង! គាត់ត្រូវការការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ខ្លាំង។ ពេលខ្លះគាត់និយាយដដែលៗ និងសាំញ៉ាំច្រើន ប៉ុន្តែនេះជាការវិវត្តន៍នៃអាយុកាលរបស់គាត់ ។ ដូច្នេះខ្ញុំសំណូមពរសូមកុំឲ្យមានការធុញទ្រាន់ ហើយដាច់ខាតកុំបន្ទោស ឬដើរចេញពីគាត់ ពេលគាត់មានរឿងទាំងនេះ ព្រោះម៉ាក់ ត្រូវការកូន ដូចពេលកូន ត្រូវការទឹកដោះម៉ាក់ ពេលទើបសម្រាលអញ្ចឹងដែរ»៕
អានអត្ថបទ៖ ស្នេហាក្លែងក្លាយ
អានអត្ថបទមនុស្សដែលខ្ញុំចងចាំទាំងអស់ដើម្បីដឹងពីរបៀបសរសេរផ្សេងៗគ្នា
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com
ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧